កាលពី​ថ្ងៃអង្គារ ទី ១១ ខែតុលា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​បន្ថយ​កំណើន​សេដ្ឋកិច្ច​របស់​អាស៊ី។ ជាមួយនឹង​កំណើន​យឺត​អម​ដោយ​ការ​កើនឡើង​នៃ​អតិផរណា បង្ខំ​ឱ្យ​ធនាគារ​កណ្តាល​ជាច្រើន​រឹត​បន្តឹង​លើ​គោលនយោបាយ​រូបិយវត្ថុ បើ​ទោះបីជា​ការនាំចេញ​ប្រឈមមុខនឹង​ការ​ធ្លាក់ចុះ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​នានា ជាពិសេស​សហរដ្ឋអាមេរិកជាដើម។

ការ​បន្ថយ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការ​ព្យាករ​ថ្មីនេះ បាន​បង្ហាញ​ពី​ភាព​មិន​ប្រាកដប្រជា​កាន់តែ​ខ្លាំង​ឡើង ចំពោះ​ការ​ងើបឡើង​វិញ​របស់​អាស៊ី​ពី​ជំងឺរាតត្បាត​សកល​កូ​វីដ១៩។ ទន្ទឹម​នឹងគ្នា​នេះ ចក្ខុវិស័យ​លើ​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក ចិន និង​តំបន់​ចាយប្រាក់​អឺ​រ៉ូ បង្ក​ឱ្យ​មានការ​ភ័យខ្លាច​នៃ​វិបត្តិសេដ្ឋកិច្ច​សកល។

IMF បាន​និយាយ នៅក្នុង​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​របស់​ខ្លួន​ថា គោលនយោបាយ​រូបិយវត្ថុ​ទាក់ទង​នឹង​ការដំឡើង​អត្រា​ការប្រាក់​របស់​សហរដ្ឋអាមេរិក ទំនងជា​នឹង​បន្ត​ធ្វើ​ឱ្យប្រាក់​ដុល្លារ កាន់តែ​កើនឡើង​ថែមទៀត។ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​វិបត្តិ​បំណុល​របស់​ប្រទេស​មួយចំនួន​ធ្លាក់​ទៅ​រក​ស្ថានភាព​អាក្រក់ និង​បង្ខំ​ឱ្យ​ប្រទេស​ខ្លះ​ដំឡើង​អត្រា​ការប្រាក់​បន្ថែម ដើម្បី​ចៀសវាង​ពី​ការ​ធ្លាក់​ថ្លៃ​នៃ​រូបិយប័ណ្ណ​របស់​ពួក​គេ​ធៀប​នឹង​ប្រាក់​ដុល្លារ។

របាយការណ៍ IMF ថា «វិបត្តិ​បំណុល ដែល​រីក​រាលដាល នៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍ នឹង​បន្ថែម​ទម្ងន់​ឱ្យ​កំណើន​សេដ្ឋកិច្ច​សកល​ថមថយ ហើយ​អាច​ឈាន​ទៅ​រក​វិបត្តិសេដ្ឋកិច្ច​សកល។ ភាពរឹងមាំ​នៃ​ប្រាក់​ដុល្លារ​អាមេរិក នឹង​ក្លាយជា​បន្ទុក​បន្ថែម​សម្ពាធ​លើ​បំណុល»។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដាក់​ក្តី​រំពឹង​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច កំពុង​លូតលាស់​នៅ​អាស៊ី នឹង​មាន​កំណើន ៤,៤ ភាគរយ នៅ​ឆ្នាំ ២០២២ នេះ ពោល​គឺ​បាន​ថយ​ចុះ ០,២ ភាគរយ​ធៀប​នឹង​ការ​ព្យាករ កាលពី​ខែកក្កដា។ សម្រាប់​ឆ្នាំ ២០២៣ កំណើន​សេដ្ឋកិច្ច នៅ​តាម​ប្រទេស​ទាំងនោះ​នឹង​ឡើង​ដល់ ៤,៩ ភាគរយ ពោល​គឺ​ថយ​ចុះ ០,១ ភាគរយ​ធៀប​នឹង​ការ​ព្យាករ កាលពី​ខែកក្កដា។

របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់​ថា មួយ​ផ្នែក​ធំ​នៃ​ការ​ព្យាករ​បន្ថយ​កំណើន​សេដ្ឋកិច្ច គឺ​មក​ពី​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន​មក​ត្រឹម ៣,២ ភាគរយ សម្រាប់​ឆ្នាំ ២០២២ នេះ ដោយ​ថយ​ចុះពី ៨,១ ភាគរយ កាលពី​ឆ្នាំ ២០២១។ ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ចិន គឺ​ដោយសារតែ​វិធានការ​រឹត​បន្តឹង​កូ​វីដ ១៩ និង​វិបត្តិ​អចលនទ្រព្យ នៅក្នុង​ប្រទេស​នេះ។

ប្រទេស​ចិន ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ២ លើ​ពិភពលោក​នឹង​ស្គាល់​នូវ​កំណើន ៤.៤ ភាគរយ ក្នុង​ឆ្នាំ ២០២៣ ពោល​គឺ​ថយ​ចុះ​ប្រមាណ ០,២ ភាគរយ ធៀប​នឹង​ការ​ព្យាករ កាលពី​ខែកក្កដា​របស់ IMF។

របាយការណ៍​របស់ IMF បាន​និយាយ​ថា សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដូចជា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ថៃ (ASEAN-5) ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​កំណើន ៥.៣ ភាគរយ នៅ​ឆ្នាំនេះ ពោល​គឺ​បាន​កើន​ពី ៣.៤ ភាគរយ នៅ​ឆ្នាំ ២០២១។ បើ​តាម IMF កំណើន​នៃ​ប្រទេស​ទាំងនេះ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​ធ្លាក់ចុះ​មក​នៅ​ត្រឹម ៤,៩ ភាគរយ នៅ​ឆ្នាំ ២០២៣ ដោយសារ​តម្រូវការ​កាន់តែ​ខ្សោយ​របស់​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​ធំៗ ដូចជា​ប្រទេស​ចិន តំបន់​ចាយប្រាក់​អឺ​រ៉ូ និង​សហរដ្ឋអាមេរិក​ជាដើម។

IMF រំពឹង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន នឹង​កើនឡើង ១,៧ ភាគរយ នៅ​ឆ្នាំនេះ ពោល​គឺ​មិន​មានការ​ប្រែប្រួល​ទេ​ធៀប​នឹង​ការ​ព្យាករ កាលពី​ខែកក្កដា ប៉ុន្តែ​នៅ​ឆ្នាំ ២០២៣ ជប៉ុន នឹង​មាន​កំណើន ១,៦ ភាគរយ ពោល​គឺ​ថយ​ចុះ ០,១ ភាគរយ។ របាយការណ៍ IMF បាន​និយាយ​ថា ការ​ទម្លាក់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន សម្រាប់​ឆ្នាំ ២០២៣ ឆ្លុះបញ្ចាំង​ពី​ការ​ធ្លាក់ចុះ​នៃ​ការទិញ​ដូរ​ក្នុង​ស្រុក ដោយសារ​ការ​កើនឡើង​អតិផរណា និង​កំណើន​ប្រាក់ឈ្នួល​យឺត​៕

វីដេអូ៖