ទីភ្នាក់ងារ​អវកាស​របស់​ប្រទេស​ជប៉ុន​ បាន​អះអាងថា ​រ៉ុក្កែត​ស្វ័យប្រវត្តិ​ដែលដឹក​ផ្កាយ​​រណប​ត្រូវ​កម្ទេច​ចោលភ្លាមៗ​ បន្ទាប់ពី​វា​បានហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​ Uchinoura​ ក្នុង​ខេត្ត​ Kagoshima ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃទី ១២ ​ខែ​តុលា​។

ការ​បរាជ័យ​នៃ​ការបាញ់បង្ហោះ​គ្រាប់រ៉ុកែត​ Epsilon-6​ កាល​ពី​ថ្ងៃពុធ​ ទី​ ១២​ ខែ​តុលា គឺជា​ការបង្ហោះ​យាន​អវកាស​បរាជ័យ​លើកដំបូង​របស់​ប្រទេស​ជប៉ុន​ក្នុងរយៈ​ពេលជិត​ ២០ ឆ្នាំ​ចុងក្រោយ។ ​រ៉ុក្កែត​ដែល​ត្រូវបាន​បញ្ជាឱ្យ​ កម្ទេច​នេះ ដោយសារ​បាញ់មិន​ចំ​ទីតាំង​ត្រឹមត្រូវ​ដើម្បីឱ្យ​ វាទៅ​គោចរ​ជុំវិញ​ផែនដី​ ដូច្នេះត្រូវ​លុបចោល​ការបាញ់​នៅ​ប្រមាណ ៧ នាទី​ក្រោយមក​។

ប្រធាន​ទីភ្នាក់ងារ​អវកាស​ជប៉ុន (JAXA) ​លោក ​Hiroshi Yamakawa​ បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាន​អនឡាញ​មួយ ​បន្ទាប់ពី​បេសកកម្ម​ត្រូវបាន​លុបចោល​ថា៖ «យើង​សូម​អភ័យទោស​យ៉ាងជ្រាល​ជ្រៅ​ចំពោះការ​បរាជ័យ​របស់​យើងក្នុង​ការ​បំពេញ​តាម​ការ​រំពឹងទុក»។​ លោក Yamakawa ​បាន​សន្យាថា ​នឹងជួយ​សហការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការ​បរាជ័យនេះ​។

អ្នករាយ​ការណ៍​របស់​ទូរទស្សន៍​ជប៉ុន ​NHK​ និយាយថា ​មានការ​រំពឹងទុកខ្ពស់​ថា​ ការហោះហើរ​នៅថ្ងៃ​ពុធ ​ទី ១២​ ខែតុលា ក្នុង​ការ​បញ្ជូន​ផ្កាយ​រណប​ពាណិជ្ជកម្ម​ទៅកាន់លំហ​អាកាស​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ទីភ្នាក់ងារ​អវកាស​ជប៉ុន ចូលប្រឡូក​ទៅក្នុង​អាជីវកម្ម​បញ្ជូន​ផ្កាយរណប​ដែលកំពុង​មានសម្ទុះ។

លោក ​Yasuhiro Funo ​អ្នក​គ្រប់គ្រង​គម្រោង​ខាងលើ​នៃ​ទីភ្នាក់ងារ​អវកាស​ជប៉ុន​ បានពន្យល់​ថា បញ្ហា​បច្ចេក​ទេស​ត្រូវបាន​រកឃើញ​នៅដំណាក់​កាលទី៣ ​និងទី៤​ នៃ​ការបាញ់បង្ហោះ ​ពោលគឺ​នៅមុន​បន្តិច​ក្នុងពេល​ដែល Booster របស់​រ៉ុក្កែតបញ្ឆេះ​។

ដោយមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​នៅពេល​វាធ្លាក់ចុះនោះ ​លោក​បញ្ជាក់ថា៖ «យើងបាន​បញ្ជាឱ្យ​ កម្ទេច​រ៉ុក្កែត ព្រោះថា​បើយើង​បញ្ជូនវា​ទៅលំហ​អាកាស ​យើងមិនដឹងថា ​វានឹងហោះ​ទៅដល់ទី​ណាទេ​»។

មន្ត្រីនៃ​ទីភ្នាក់ងារ​អវកាស​ជប៉ុន​ បាន​និយាយថា ទីភ្នាក់ងារនេះ​ បាន​បញ្ជូន​សញ្ញាសម្រាប់​ការ​បំផ្ទុះដោយ​ខ្លួនឯង​ចូលទៅ​រ៉ុក្កែតនេះ ​បន្ទាប់ពីមាន​ការ​សម្រេច​ចិត្តថា ​រ៉ុក្កែត​មិនអាច​ហោះដោយ​សុវត្ថិភាព និងចូល​ទៅក្នុង​គន្លង​ដូចដែល​បាន​គ្រោងទុកទេ។​ ក្រុមមន្ត្រី​បាននិយាយថា ​គ្រាប់រ៉ុក្កែត ​និង​ទំនិញដែលជា​ផ្កាយ​រណប បានធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ភាគខាងកើត​នៃ​ប្រទេស​ហ្វីលីពីន​។

រ៉ុក្កែត​ Epsilon ​មាន​បន្ទុកចំនួន​ ៨ ក្នុងនោះ​បន្ទុក ២ ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ឯកជន​មួយដែល​មានមូល ដ្ឋាន​នៅទីក្រុង​ Fukuoka ​ភាគ​ខាងត្បូង​ជប៉ុន។​ វាជា​លើក​ទី១ ​ហើយដែល​គ្រាប់រ៉ុក្កែត​ Epsilon ទទួល​បញ្ជូន​សម្ភារ​អវកាស ​ដែលត្រូវបាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ឯកជន​។

ការបាញ់​បង្ហោះ​រ៉ុក្កែត ពាណិជ្ជកម្ម​ Epsilon-S ​នឹងត្រូវ​ធ្វើឡើង​នៅឆ្នាំ​ក្រោយ​ ដោយ​បេសកកម្ម​នោះ ​គឺជា​ការ​បញ្ជូនផ្កាយ​រណប​របស់​ក្រុមហ៊ុន​វៀតណាម។ ​រ៉ុក្កែត​ពាណិជ្ជកម្ម​ Epsilon-S ត្រូវ​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​អវកាស​របស់​ជប៉ុន​ IHI Aerospace។

កម្មវិធី​អវកាស​របស់​ប្រទេសជប៉ុន​ គឺជា​កម្មវិធី​ដ៏​ធំបំផុត​មួយក្នុង​ចំណោម​ប្រទេស​ផ្សេងទៀត​លើ​ពិភព​លោក ហើយកាល​ពី​សប្តាហ៍មុន​ អវកាស​យានិក​ជប៉ុន​លោក Koichi Wakata​ បានហោះទៅ​កាន់ស្ថានីយ​អវកាស​អន្តរជាតិ ដែលជា​ផ្នែក​នៃ​បេសកកម្ម​ Crew-5៕ ​