ក្រុមហ៊ុន​បណ្តាក់​ទុនរួមគ្នា​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Sony ​និង​ក្រុមហ៊ុន​ Honda Motor មាន​បំណង​ផលិត​រថយន្តអគ្គិសនី​ដំបូង​របស់ខ្លួន​នៅឆ្នាំ​ ២០២៦​ ហើយគ្រោង​នឹងដាក់​លក់តាម​អនឡាញ ដោយ​ចាប់ផ្តើម​នៅ​សហរដ្ឋ​អាមេរិក​ និងជប៉ុន។ រថយន្ត​អគ្គិសនី​ថ្មី​នឹង​មានតម្លៃថ្លៃ​ជា​ប្រភេទ​រថយន្ត​ប្រណិត​។

ក្រុមហ៊ុន​បាន​និយាយថា ​រថយន្តនេះ ​នឹងផ្តល់​ជូននូវ​ប្រព័ន្ធ​ដំណើរការថ្មី​ ដែលបង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Sony ហើយអាច​នឹងបើក​ផ្លូវ​សម្រាប់​ក្រុមហ៊ុន​រកប្រាក់​ចំណូល​ឡើងវិញ​លើសេវា​កម្សាន្ត​និង​សេវាកម្ម​ផ្សេងទៀត ដែលត្រូវ​ទូទាត់​ដោយ​អ្នក​ប្រើជា​ប្រចាំខែ។​នេះគឺជា​ការវិវឌ្ឍ​ថ្មីមួយ​ទៀត បន្ទាប់​ពីក្រុមហ៊ុន​ទាំង ២ ​​ប្រកាស​វិនិយោគ​រួមគ្នា​កាលពី​ខែ​មិថុនា​ក្រោម​ឈ្មោះថា ​Sony Honda Mobility ។

ព័ត៌មាន​លម្អិត​សំខាន់ៗ​ ដូចជាតម្លៃ​កម្រិតថ្ម​ និង​បច្ចេកវិទ្យា​សម្រាប់​ដំណើរការ​យានជំនិះ​ថ្មីនេះ មិនត្រូវ​បានបញ្ជាក់ឱ្យ​ ដឹងទេ​ ប៉ុន្តែ​តំណាង​របស់​ក្រុមហ៊ុន​ថ្មីនេះ បាន​រៀបរាប់​លម្អិត​អំពី​ចក្ខុវិស័យ​សម្រាប់រ​ថយន្ត​ដែល​នឹង​ដំណើរការ​ស្ទើរតែដូច​ Smartphone។ ​ក្រុមហ៊ុន​ Sony នឹងផ្តល់ប្រព័ន្ធកម្មវិធីសម្រាប់រថយន្តថ្មីនេះ ដោយរាប់ចាប់ពីឧបករណ៍​បញ្ជា​នៅ​លើយន្ត​ រហូតដល់​សេវាកម្សាន្ត​ រួមនឹង​ប្រព័ន្ធ​នៃការ​ទូទាត់​ប្រាក់ផង​។

វាក៏​នឹងបំពាក់​មកជាមួយ ​sensors​ និង​បច្ចេកវិទ្យា​ផ្សេងទៀត​ដើម្បីឱ្យ​ រថយន្ត​អាចបើកបរ​ដោយ​ស្វ័យប្រវត្តិ ក្នុងកម្រិត ៣​ (Level 3)។ ​ចំពោះ​មុខងារ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ Level 3 នឹង​អនុញ្ញាត​ឱ្យ​ អ្នកបើក​បរ​អាច​ប្រើប្រាស់​ឧបករណ៍​កម្សាន្ត​ដែលមាន​នៅក្នុង​រថយន្តនេះ​។

នៅក្នុង​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​កម្រិត ៣​ វា​ត្រូវបាន​គេស្គាល់ថា​ជា​ដំណើរការ​បើកបរ​ដោយស្វ័យ​ប្រវត្តិ​មាន​កម្រិត ដែល​អនុញ្ញាតឱ្យ​ អ្នកបើកបរ​អាចជិះ​ដោយមិន​មើលផ្លូវ​ ឬ​កាន់ចង្កូត​រថយន្ត​នៅពេល​បើកបរ​លើផ្លូវ​ល្បឿនលឿន ប៉ុន្តែ​ត្រូវត្រៀម​ខ្លួនដើម្បី​គ្រប់គ្រង​សម្រាប់​បញ្ហា​បន្ទាន់​។

ក្រុមហ៊ុន​ផលិត​រថយន្តធំៗ​ដូចជា ​Tesla, General Motors, Ford Motor Co ​និង​ Mercedes Benz ជា​ដើមសុទ្ធ​តែបាន​បំពាក់មក​ជា​មួយនូវ​បច្ចេក​វិទ្យា ដែល​អនុញ្ញាត​ឱ្យ​ អ្នកបើក​បរអាច​ដកដៃ​ចេញពី​ចង្កូត​រថយន្ត​ក្នុង​ពេលបើករ​​បាន​។

លោក Izumi Kawanishi ប្រធាន​ក្រុមហ៊ុន​រថយន្ត​អគ្គិសនីថ្មី​ និង​ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន Sony​បាន​ថ្លែងថា៖«​បច្ចេកវិទ្យា​សម្រាប់​ជំនួយ​ឱ្យ​ ការ​បើកបរប្រកប​ដោយ​សុវត្ថិភាព​នឹងបន្ត​វិវឌ្ឍន៍​ទៅមុខ ​ហើយការ​ផ្តោត​អារម្មណ៍​ចំពោះ​ការ​បើក​រថយន្ត​នឹង​ត្រូវ​កាត់បន្ថយ ​ដូច្នេះ​យើង​គួរតែ​ពិចារណា​ពីវិធីថ្មីៗ​ដើម្បី​រីករាយ ​និង​ចំណាយ​ពេល​នៅក្នុង​កាប៊ីនឡាន»​។

ក្រុម​ Sony Honda Mobility ​ជឿងជាក់ថា​ ឆ្នាំ ២០២៥ នឹងក្លាយ​ជាឆ្នាំដ៏​សំខាន់​ក្នុង​ការ​ផ្លាស់ប្តូរឆ្ពោះ​ទៅរក​រថយន្ត​អគ្គិសនី ​(EVs)​ នៅក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក។ ​ក្រុមហ៊ុននេះ​បន្តថា ​រថយន្ត​ប្រភេទ EV ថ្មី នឹង​ដាក់លក់​នៅទីផ្សារ​ជប៉ុន​នៅ​ឆមាសទី២ ​នៃឆ្នាំ ២០២៦​ ហើយ​សម្រាប់ការ​បញ្ជាទិញ​ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២៥​៕