
លោក នុគី អេកយ៉ា អ៊ុតាម៉ា (Nuki Agya Utama) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលថាមពលអាស៊ាន។ រូបថត ACE
តម្រូវការថាមពលនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អាចនឹងកើនឡើង ៣ ដងនៅឆ្នាំ ២០៥០។ មិនតែប៉ុណ្ណោះ អាស៊ីអាគ្នេយ៍ អាចក្លាយជាអ្នកនាំចូលឧស្ម័នធម្មជាតិ និងធ្យូងថ្មដ៏ច្រើនមុនឆ្នាំ ២០៥០ ទៅទៀត ប្រសិនបើតំបន់នេះមិនអភិវឌ្ឍប្រភពថាមពលផ្សេងជំនួសទេនោះ។ នេះបើតាមការរកឃើញរបស់ការសិក្សាដោយស្ថាប័នថាមពលក្នុងតំបន់។
សម្រាប់ក្រុមប្រទេសចំនួន ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ការធ្វើពិពិធកម្មប្រភពថាមពលនឹងមានសារៈសំខាន់ មិនត្រឹមតែដើម្បីកាត់បន្ថយការបំភាយឧស្ម័នប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងជាលំដាប់ផងដែរ។ នេះបើតាមលោក នុគី អេកយ៉ា អ៊ុតាម៉ា (Nuki Agya Utama) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) លើកឡើងកាលពីសប្តាហ៍មុន។
នៅក្នុងបទសម្ភាសន៍មួយ លោកនិយាយថា៖ «តម្រូវការកំពុងកើនឡើង...ស្របនឹងអ្វីដែលយើងត្រូវផ្តល់ការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព ដែលនឹងក្លាយជាបញ្ហា ប្រសិនបើការផ្គត់ផ្គង់ពឹងផ្អែកលើប្រភពតែមួយ ឬពីរនោះ»។
យោងតាមការសិក្សាថ្មីមួយរបស់ ACE កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងជំរុញការប្រើប្រាស់ថាមពលសរុបដល់ប្រមាណ ១,២៨ ពាន់លានតោន នៃសមមូលប្រេងនៅឆ្នាំ ២០៥០ ក្រោមសេណារីយ៉ូមូលដ្ឋានមួយ។
ទន្ទឹមនឹងនេះ បើគ្មានរបកគំហើញ ឬការធ្វើពិពិធកម្មសំខាន់ៗទេ អាស៊ីអាគ្នេយ៍អាចក្លាយជាអ្នកនាំចូលឧស្ម័នធម្មជាតិច្រើននៅឆ្នាំ ២០២៥ និងធ្យូងថ្មនៅឆ្នាំ ២០៣៩។ អាស៊ីអាគ្នេយ៍ គឺជាគោលដៅដ៏ធំរបស់ឥណ្ឌូនេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្មកំពូលរបស់ពិភពលោក។
គោលនយោបាយអន្តរាគមន៍ គឺត្រូវការជាចាំបាច់ដើម្បីជួយពន្លឿនការអភិវឌ្ឍនៃថាមពលកកើតឡើងវិញ និងថាមពលជំនួសផ្សេងទៀតនៅក្នុងតំបន់។ បើគ្មានគោលនយោបាយអន្តរាគមន៍ទេ នោះចំណែករបស់អាស៊ាននៃថាមពលកកើតឡើងវិញ នឹងមានត្រឹមតែ ១៤,៤% នៃការផ្គត់ផ្គង់ថាមពលបឋមសរុបនៅឆ្នាំ ២០៥០ ដែលបានផ្លាស់ប្តូរពី ១៤,២% ក្នុងឆ្នាំ ២០២០ និងតិចជាងគោលដៅរបស់អាស៊ានដែលកំណត់យក ២៣%។
នាយកប្រតិបត្តិ ACE និយាយថា អាស៊ាន ត្រូវពិចារណាលើការដំឡើងរោងចក្រថាមពលនុយក្លេអ៊ែរដែលមានសមត្ថភាពប្រមាណ ៤ ជីហ្គាវ៉ាត់ និងត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងដែរសម្រាប់ប្រភពដូចជា ថាមពលវារីអគ្គិសនី និងថាមពលកម្តៅផែនដី ដែលតំបន់នេះមានសក្តានុពលធំជាងគេទី២។
តំបន់អាស៊ីអាគ្នេយ៍ ក៏គួរតែអភិវឌ្ឍកន្លែងស្តុកថាមពលផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់នាពេលអនាគត។ សម្រាប់ឥន្ធនៈដឹកជញ្ជូនវិញ លោក នុគី និយាយថា តំបន់អាស៊ីអាគ្នេយ៍ គួរតែបង្កើនការប្រើប្រាស់ឥន្ធនៈជីវៈឥន្ធនៈ និងជីវអេតាណុល ព្រមទាំងបង្កើនការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានដល់ ២០% នៅឆ្នាំ ២០៥០ ដើម្បីកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល៕