អារ៉ាប៊ីសាអ៊ូឌីត បាន​ប្រកាស​ថា នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​ជាង ៤០០ លាន​អឺ​រ៉ូ ($៣៨៨,៨៤០ លាន)ដល់​ប្រទេស​អ៊ុយក្រែន។ ការប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ កើតឡើង ខណៈ​មាន​សេចក្តី​រាយការណ៍​ថា ព្រះរាជបុត្រ​ស្នងរាជ្យ​អារ៉ាប៊ីសាអ៊ូឌីត ម៉ូ​ហា​មេដ ប៊ី​ន សាល​ម៉ាន បាន​ជួប​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូ​ឡូ​ឌីមៀរ ហ្សេ​លេន​ស្គី។

តាម​ទីភ្នាក់ងារព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត Saudi SPA ព្រះអង្គ​ម្ចាស់ ប៊ី​ន សាល​ម៉ាន បាន​សង្កត់ធ្ងន់​ពី​ជំហរ​របស់​ព្រះរាជាណាចក្រ​ទ្រង់​ក្នុង​ការ​គាំទ្រ​គ្រប់យ៉ាង​ទាំងអស់ ដែល​នឹង​រួមចំណែក​បន្ថយ​កម្តៅ​នៃ​ភាព​តានតឹង និង​ការ​ត្រៀមខ្លួន​របស់​ទីក្រុង​រីយ៉ាដ ដើម្បី​បន្ត​កិច្ចប្រឹងប្រែង​នៃ​ការសម្រប​សម្រួល​ជម្លោះ។

កាលពី​ខែមុន​ អារ៉ាប៊ីសាអ៊ូឌីត បាន​ដើរតួ​នាទី ដែលគេ​មិន​នឹកស្មាន​ដល់ ក្នុង​ដំណើរ​សម្របសម្រួល​ការ​ផ្លាស់​ប្តូរ​អ្នកទោស សង្គ្រាម​រវាង​ទី​ក្រុង​ម៉ូស្គូ និង​កៀវ។ ព្រឹត្តិ​ការណ៍​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង និង​បាន​លើកឡើង​ជា​សំណួរ​ថា តើ​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​ប្រទេស​មជ្ឈិមបូព៌ា​គ្មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សោះ តែ​បែរជា​ក្លាយជា​អន្តរការី​ដោះស្រាយ​ទំនាស់​យ៉ាងដូចម្ដេច?

សង្គ្រាម នៅ​អ៊ុយក្រែន បាន​ជំរុញ​ឱ្យ​មាន​ភាព​តានតឹង រវាង ​អារ៉ាប៊ីសាអ៊ូឌីត និង​សហរដ្ឋអាមេរិក បន្ទាប់ពី​ក្រុង​រីយ៉ាដ បានសម្រេច​កាត់បន្ថយ​ការផលិត​ប្រេង ក្នុង​ចំនួន​ច្រើន ក្នុង​ពេល​ដែល​ពិភពលោក កំពុងតែ​ប្រឈម​ខ្លាំង​ទៅ​នឹង​វិបត្តិ​ថាមពល ដែល​បណ្តាល​មក​ពី​សង្គ្រាម​នេះ។

អាមេរិក បាន​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​អារ៉ាប៊ីសាអ៊ូឌីត ដែល​សហការ​ជាមួយ​រុស្ស៊ី និង​សម្ព័ន្ធ​មិត្ត​ផ្សេងទៀត ក្នុង​ការ​បន្ថយ​ការ​បូម​ប្រេង ដោយ​មិន​ខ្វល់​ពី​ការ​ទទូច ក្រោម​ហេតុផល​សេដ្ឋកិច្ច និង​ទ្រទ្រង់​ទីផ្សារ​ប្រេង​ឱ្យ​មាន​និរន្តរភាព។

ទីក្រុង​វ៉ាស៊ីនតោន បាន​ចោទ​ក្រុម​ប្រទេស​ផលិត​ប្រេង OPEC+ ថា​បាន​ចងសម្ព័ន្ធ​ភាពជា​មួយ​រុស្ស៊ី ហើយ​លោក​ប្រធានាធិបតី​ចូ បៃ​ដិន ថែមទាំង​បាន​ចេញមុខ​ព្រមាន​អារ៉ាប៊ីសាអ៊ូឌីត កាលពី​ថ្ងៃពុធ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រេង​ឡើង ដែល​បណ្ដាលមកពី​ផលវិបាក ក្នុង​ការ​រួមដៃ​ជាមួយ​រុស្ស៊ី​នេះ​៕

វីដេអូ៖