សហភាព​អឺរ៉ុប​ត្រូវលើក​ទឹកចិត្ត​ផ្នែកច្បាប់​បន្ថែម​ទៀត ​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់ខ្លួន​ក្នុង​ការ​បង្កើនការ​ផលិត​រថយន្ត​អគ្គិសនី​ពេញលេញ ​(EV)។ នេះបើ​យោងតាម​ការ​សិក្សាមួយ​ចេញផ្សាយ​ដោយ​អង្គការ​បរិស្ថាន​ Transport​ & ​Environment ​ដោយបញ្ជាក់​បន្ថែមថា​ សហភាព​អឺរ៉ុប​អាច​ប្រឈម​នឹង​ហានិភ័យ​បាត់បង់​ចំណែក​ទីផ្សារ​ទៅ​គូប្រជែង​របស់​ខ្លួន​គឺ​ចិន​។

នៅក្នុង​របាយ​ការណ៍​ក្រោម​ចំណងជើងថា​''តើការ​ផ្លាស់ប្តូរ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ត្រូវជាប់​គាំងទេ​?'' ដែល​ចេញផ្សាយ​នៅថ្ងៃចន្ទ​ ទី ១៧​ ខែតុលា​T&E​បាន​និយាយ​ថា​ កំណើន​នៃ​ការ​លក់​រថយន្ត​ EV នៅក្នុង​តំបន់​អឺរ៉ុប​ធ្លាក់ចុះ​ពោល​គឺ​រថយន្ត​អគ្គិសនី​មាន​ចំណែក​ត្រឹមតែ​ ១១​ ភាគរយ​នៃ​ការលក់​នៅក្នុង​ឆមាសទី ១ ​នៃ​ឆ្នាំ​ ២០២២ នេះ​។ ​ផ្ទុយពី​ទិន្នន័យ​ដែលបង្ហាញ​ពី​និន្នាការ​នៃ​ការ​លក់​រថយន្តអគ្គិសនី ​ដែលថា​វា​អាច​ឈាន​ដល់ ១៣ ​ភាគរយ​។

ក្នុងពេល​ជា​មួយ​គ្នានេះ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់ចិន​ដែលរួម​មាន​ក្រុមហ៊ុន ​BYD និង​ក្រុមហ៊ុន ​Great​ Wall Motor​ កំពុង​សម្លឹង​រកមើល​ចំណែក​ទីផ្សារបន្ថែម ​ដើម្បី​ឈរ​ជើង​នៅ​សហភាព​អឺរ៉ុប ខណៈ​ពេល​ថ្មីៗនេះ ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​របស់ចិន​បាន​ទទួល​ចំណាត់ថ្នាក់​សុវត្ថិភាព​កាន់តែ​ខ្ពស់​។

ក្រុម​អ្នក​បរិស្ថាន ​T&E​ បាន​ប៉ាន់​ស្មានថា រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​មាន​ចំណែក​ប្រមាណ​ ៥ ​ភាគរយ​នៃ​ប្រភេទ​រថយន្ត​អគ្គិសនី​ទាំងអស់​ ដែលបាន​លក់នៅ​ក្នុងទី​ផ្សារ​អឺរ៉ុប​សម្រាប់​ឆមាសទី ១ ​ឆ្នាំ​ ២០២២។ ​តួលេខនេះ ​អាចនឹង​កើន​ឡើងដល់ ​១៨​ ភាគ​រយ​សម្រាប់​ឆ្នាំ ២០២៥​ ។

បច្ចុប្បន្ននេះ ​សហភាព​អឺរ៉ុប​កំពុង​ពិភាក្សា​លើ​សំណើ​គោលនយោបាយ​ថ្មីមួយ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដែល​ចំណុច​នៅក្នុង​សំណើនោះ​ក៏​មាន​លើកឡើង ​ពីការ​ហាមឃាត់​ការ​លក់រថយន្ត​ ដែល​ប្រើប្រេង​ឥន្ធនៈ ចាប់​ពីឆ្នាំ​ ២០៣៥ ​ទៅ​។

ក្រុម​អ្នក​បរិស្ថាន ​T&E​ បាន​បញ្ជាក់​បន្ថែមថា​ ដើម្បី​ជំរុញ​ការផលិត​រថយន្ត​អគ្គិសនី​ សហភា​ពអឺរ៉ុប​គួរតែ​ប្រកាន់​ខ្ជាប់នូវ​គោលការណ៍​ហាមឃាត់​ ឬ​ប្រឆាំង​ការ​ប្រើឥន្ធនៈ​សំយោគ​នៅក្នុង​រថយន្ត និង​ត្រូវ​ប្រើប្រាស់​មូលនិធិ​របស់​សហភាព​អឺរ៉ុប​និង​គោលនយោបាយជាតិ ​ដើម្បី​ពន្លឿន​ការ​បង្កើន​ទំហំ​ផលិតកម្ម​ EV​។

របាយការណ៍​ដដែល​បញ្ជាក់ថា ​បរាជ័យ​របស់​សហភាពអឺរ៉ុប​ក្នុងការ​បង្កើនចំណែក​ទីផ្សារ និង​ការ​ផ្គត់ផ្គង់​អាចនឹង​ធ្វើឱ្យ​រថយន្ត​ដែល​ផលិត​ដោយគូ​ប្រជែង​ចាប់យក​ចំណែកទីផ្សារ​បាន​កាន់តែធំ​ជាងមុន ​នៅ​អឺរ៉ុប​។ "ប្រសិន​បើ​សហភាព​អឺរ៉ុប​មិនអាច​គ្រប់គ្រង​ទីផ្សារ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ នោះវា​គ្រោះថ្នាក់​ដែល​អឺរ៉ុប​នឹង​ប្រឈម​ចំពោះ​ការ​បាត់បង់​អធិបតេយ្យ​ភាព​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត​"៕​