មន្ត្រីជាន់ខ្ពស់​ផ្នែក​រៀបចំ​ផែនការ​រដ្ឋ បាន​និយាយ នៅ​ថ្ងៃ​ចន្ទ ទី ១៧ ខែតុលា​នេះ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន បាន​បង្ហាញ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​គួរ​ឱ្យកត់​សម្គាល់ នៅក្នុង​ត្រីមាស​ទី​ ៣ ហើយ​អត្រា​ការងារ​មាន​ស្ថិរភាព​ល្អ។ ប៉ុន្តែ​សេដ្ឋកិច្ច​ចិន នៅតែ​ប្រឈម បូករួម​នឹង​បញ្ហា​នានា។

ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ចិន ដែលជា​សេដ្ឋកិច្ច​ធំ​ទី ​២ លើ​ពិភព​លោក អ្នកបង្កើត​គោល​នយោបាយ បានដាក់​ចេញ​វិធាន​ការណ៍​ចាំបាច់​មួយ​ចំនួន។ ប៉ុន្តែ​វិធានការ​ស្តារ​ទាំងនេះ បានធ្វើ​ឱ្យ​ចិន​រួច​ចេញពី​ការធ្លាក់ចុះ​ត្រឹម​កម្រិត​តិចតួច​ប៉ុណ្ណោះ កាលពី​ត្រីមាស​ទី ​២ ដោយសារ​វិធានការ​ទប់ស្កាត់​កូវីដ ​១៩ និង​ការធ្លាក់ចុះ​នៃ​វិស័យ​អចលន​ទ្រព្យ បាន​ជះឥទ្ធិពល​មកលើ​សេដ្ឋកិច្ច​ទាំង​មូល។

ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុងអំឡុងពេល​សមាជ​បក្ស​កុម្មុយនីស្ត ដែល​មាន​តែម្តង ក្នុង ៥ ​ឆ្នាំ លោក Zhao Chenxin អនុ​ប្រធាន​គណៈកម្មាធិការ​អភិវឌ្ឍ និង​កំណែ​ទម្រង់​ជាតិចិន ប្រាប់​អ្នក​កាសែត​ថា៖ «សេដ្ឋកិច្ច​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​ត្រីមាស​ទី ​២ »។ លោក​បញ្ជាក់​ទៀត​ថា៖ «តម្លៃ​ទំនិញ​ប្រើប្រាស់ ឬ​អតិផរណា បាន​កើនឡើង​តិចតួច ផ្ទុយស្រឡះ​ទៅនឹង​អតិផរណា​ពិភពលោក ដែល​បាន​កើនឡើង​ខ្ពស់ ហើយ​អត្រា​ការងារ​ទូទៅ នៅតែ​មាន​ស្ថិរភាព»។

វិនិយោគិន​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​នូវ​ទិន្នន័យ GDP របស់​ចិន ក្នុង​ត្រីមាស​ទី​ ៣ នៅ​ថ្ងៃ​អង្គារ ទី​ ១៨ ខែ​តុលា ជាពិសេស​បន្ទាប់ពី​តួលេខ​ពាណិជ្ជ​កម្ម​របស់​ចិន ដែល​គ្រោង​នឹង​ចេញផ្សាយ កាលពី​ថ្ងៃ​សុក្រ បែរជា​ត្រូវ​លើក​ពេល។

ការស្ទង់​មតិ​របស់​សារព័ត៌មាន Reuters បាន​បង្ហាញ​ថា សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន ទំនង​ជា​បាន​កើន​ឡើង ៣,៤​ ភាគរយ ក្នុង​ខែ​កក្កដា ដល់​ខែ​កញ្ញា ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន ប៉ុន្តែ​បាន​កើន​ឡើង ០,៤ ​ភាគរយ ធៀប​នឹង​ត្រីមាស​ទី ​២។ យ៉ាងណា​ក៏ដោយ ការ​ព្យាករ​ដដែល ក៏​បញ្ជាក់​ដែរ​ថា កំណើន​សេដ្ឋ​កិច្ច​របស់​ចិន សម្រាប់​ឆ្នាំ ២០២២ នៅតែ​ជា​កំណើន​ដ៏​ខ្សោយ​បំផុត ក្នុង​រយៈពេល​ជិត​កន្លះ​សតវត្សរ៍។

ក្រុម​អ្នក​បង្កើត​គោល​នយោបាយ បាន​ដាក់ចេញ​វិធានការ​សេដ្ឋកិច្ច​ប្រមាណ ៥០ ចា​ប់តាំង​ពី​ខែឧសភា ដែល​វិធានការ​ទាំង​នោះ បានផ្តល់​ហិរញ្ញវត្ថុ​យ៉ាងច្រើន​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​បន្ថយពន្ធ​លើ​អាជីវកម្ម។

លោក Zhao Chenxin បញ្ជាក់​ថា៖ «ដោយសារ​តែ​ឥទ្ធិពល​ប្រែប្រួល​នៃ​បរិយាកាស​ខាងក្រៅ និង​ខាងក្នុង វា​នៅតែ​មាន​ភាពផ្ទុយ​គ្នា រួមទាំង​បញ្ហា​មួយចំនួន​នៃ​ដំណើរការ​សេដ្ឋកិច្ច ដូច្នេះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច នៅតែ​ប្រឈមមុខ​នឹង​ការលំបាក និង​បញ្ហា​ប្រឈម​ជាច្រើន»។

ដោយសារតែ​ការថយចុះ​ទំនុក​ចិត្ត​របស់​អ្នក​ប្រើប្រាស់ និង​អាជីវកម្ម ក្រុមហ៊ុន​នានា មានការ​ប្រុងប្រយ័ត្ន ក្នុងការ​ពង្រីក និង​ជួល​កម្លាំង​កម្មករ​បន្ថែម។ ផ្អែកលើ​ការស្ទង់មតិ​ទូទាំង​ប្រទេស បាន​បង្ហាញ​ថា អត្រា​គ្មាន​ការងារ​ធ្វើ បាន​ថយចុះ​បន្តិច​មក​ត្រឹម ៥,៣​ភាគរយ ក្នុង​ខែសីហា ខណៈ​ខែ​កក្កដា មាន ៥,៤​ ភាគរយ។ ទិន្ន័យ​ដដែល បង្ហាញ​ថា ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ចិន ស្ថិត​នៅ​ក្នុង​តួលេខ​ខ្ពស់ គឺ​ ១៨,៧​ ភាគរយ ធៀប​នឹង​កំណត់ត្រា​ខ្ពស់​បំផុត ១៩,៩​ ភាគរយ កាលពី​ខែកក្កដា។

លោក Zhao Chenxin បាន​បន្ថែម​ថា ប្រទេស​ចិន​នឹង​ចាត់​វិធានការ ដើម្បី​ធ្វើឱ្យមាន​ស្ថិរភាព​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់ខ្លួន និង​បង្កើន​គោល​នយោបាយ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស ជាពិសេស​ក្នុង​វិស័យ​ផលិតកម្ម៕