អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​លោក ឌីមីទ្រី ​ម៉េដវ៉េដេវ ​នៅ​ថ្ងៃចន្ទ​ទី ១៧ ​តុលា​ បានព្រមាន​អ៊ីស្រាអែល​ចំៗ​កុំឱ្យ​ បញ្ជូន​អាវុធទៅឱ្យ​អ៊ុយក្រែន​។ ​លោក​និយាយថា​ បើ​អ៊ីស្រាអែល​ធ្វើ​ដូច្នោះ​នោះ​ ទំនាក់ទំនង​រវាង​ទីក្រុង​ហ្ស៊េរុយសាឡិម​និង​ម៉ូស្គូ​នឹង​ត្រូវបំផ្លាញ​ជា​មិនខាន​។

«អ៊ីស្រាអែល​ហាក់បី​ដូចជា ​កំពុង​រៀបចំ​ផែនការ​ផ្គត់ផ្គង់​សព្វាវុធ​ឱ្យ​ទៅរ​បប​ក្រុងកៀវ​។ នេះ​ គឺជា​សកម្មភាព​ដែល​មិនបាន​គិតពី​ផលប៉ះពាល់​នៅ​ពេលក្រោយ​ខ្លាំងណាស់​។​ ទង្វើនេះ​ នឹង​បំផ្លាញ​ទំនាក់ទំនង​អន្តររដ្ឋ​ទាំងអស់​រវាង​ប្រទេស​របស់​យើងទាំង២ »។​ លោក​ម៉េដវ៉េដេវ ​បាន​និយាយ​ដូច្នោះ​នៅ​ក្នុង​សារ​បង្ហោះតាម​បណ្តាញ​សង្គម​តេឡេក្រាម​ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​លើស​នេះ​ទៀតឡើយ។

អតីត​ប្រធានា​ធិបតី​រុស្ស៊ី លោក ​ឌីមីទ្រី​ ម៉េដវ៉េដេវ ​ដែល​បច្ចុប្បន្ន​មានតួនាទី​ជាអនុ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​ប្រទេស​រុស្ស៊ី​ ត្រូវបាន​គេចាត់​ទុកថា​ ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​ ១រូប​របស់​ប្រធានា​ធិបតី​រុស្ស៊ី​ វ្ល៉ាឌីមៀរ​ ពូទីន​។

ការអត្ថា​ធិប្បាយ​របស់​លោក​អនុ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​នេះ ​ធ្លាក់​មក​ភ្លាមៗ​បន្ទាប់ពី​រុស្ស៊ី បានបើក​ការ​វាយ​ប្រហារ​ជាថ្មី​លើ​រដ្ឋធានី​អ៊ុយក្រែន​ កាល​ពី​ព្រឹក​ថ្ងៃចន្ទ​ តាមរយៈ​យន្តដ្រូន​អត្តឃាត​គ្មាន​មនុស្ស​បើក​ដែល​ទំនង​ជា​ផលិត​ដោយ​ប្រទេស​អ៊ីរ៉ង់។

កាលពី​សប្តាហ៍​មុន​ ប្រធានា​ធិបតី​អ៊ុយក្រែន ​លោក ​វ៉ូឡូឌី​មៀរ ​ហ្សេ​ឡេន​ស្គី ​បាន​និយាយថា ​រុស្ស៊ី​កំពុង​ប្រើ​ប្រាស់​យន្តដ្រូន​គ្មាន​មនុស្ស​បើក​ដែល​ផលិត​ដោយ​អ៊ីរ៉ង់​ដើម្បី​តម្រង់​គោលដៅ​វាយ​ប្រហារ​ទៅលើ​ជន​ស៊ីវិល​អ៊ុយក្រែន​។

ទូរទស្សន៍​ CNN​ បាន​ទាក់ទង​ទៅកាន់​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ ដើម្បី​សុំការ​ឆ្លើយតប​ដែរ ​ប៉ុន្តែ​ពួកគេ​មិនបាន​ឆ្លើយតប​អ្វីឡើយ​ចំពោះ​ការ​អះអាង​របស់​លោក​ម៉េដវ៉េដេវ​។

យ៉ាងណា​ក៏ដោយ​ គេ​មើល​ឃើញ​ថា​ ការព្រមាន​របស់​លោក​ម៉េដវ៉េដេវ​ គឺជា​ការ​ឆ្លើយតប​ចំពោះ​សេចក្តី​អំពាវនាវ​របស់​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ ១ រូប​គឺលោក​ នេក​ម៉េន​ ហ្សៃ ​(Nachman Shai) ដែលកាល​ពីថ្ងៃ​អាទិត្យ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ហ្ស៊េរុយសាឡិម​បញ្ជូន​ជំនួយ​យោធា​ទៅដល់​អ៊ុយក្រែន​ ក្រោយពី​មាន​សេចក្តី​រាយការណ៍​ថា​ អ៊ីរ៉ង់​គ្រោង​នឹងផ្តល់​ឱ្យទី​ក្រុងម៉ូស្គូ​នូវ​មីស៊ីល​បាលីស្ទិក​។

លោក​ ហ្សៃ​ បាន​និយាយថា​៖ «ព្រឹកនេះ​មាន​សេចក្តី​រាយការណ៍​ថា​ អ៊ីរ៉ង់​ កំពុង​ដឹក​មីស៊ីល​បាលីស្ទិក​ទៅឱ្យ​រុស្ស៊ី​។​ គ្មានអ្វី​គួរឱ្យ​ សង្ស័យ​ទៀត​នោះទេ​តើថា​អ៊ីស្រាអែល​ គួរឈរ​នៅខាង​ណាក្នុង​ជម្លោះ​បង្ហូរឈាម​នេះ​។ ​វាដល់​ពេល​ហើយ​សម្រាប់​អ៊ុយក្រែន​ក្នុង​ការទ​ទួលបាន​ជំនួយ​យោធា​ដូចជា​អ្វីដែល​សហរដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេសអូតង់​ធ្វើអ៊ិញ្ចឹង​ដែរ»​។

គួរជ្រាបថា​ទោះបី​ជាអ៊ី​ស្រាអែល​ បាន​ថ្កោលទោស​ជា​ផ្លូវការ​ចំពោះ​ការ​លុកលុយ​របស់​រុស្ស៊ី ​និងបាន​បញ្ជូន​ជំនួយ​ទៅដល់​អ៊ុយក្រែន​ជា​ទៀងទាត់​ក៏​ដោយ​ក៏​អ៊ីស្រាអែល នៅមិន​ទាន់​បាន​បញ្ជូន​អាវុធ​ទៅទី​ក្រុងកៀវ​នៅឡើយទេ​។ ​កន្លងមក នេះ​ អ៊ីស្រាអែល​ ត្រូវបាន​គេ​រិះគន់ថា​ មិន​បាន​រិះគន់​រុស្ស៊ី​ឱ្យ​ បានខ្លាំង​គ្រប់គ្រាន់​ចំពោះ​សកម្មភាព​បង្ក​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន​៕

វីដេអូ៖