ស្ថាប័ន​ហិរញ្ញវត្ថុធំៗ​របស់​ពិភព​លោក​ នៅតែ​បង្កើនការ​គាំទ្រ​របស់​ខ្លួនដល់​ក្រុមហ៊ុន​ក្នុង​វិស័យ​កសិកម្ម ព្រៃឈើ​និង​ការ​ប្រើប្រាស់ដី​។ ក្រុមហ៊ុន​ទាំងនោះ​គឺ​មាន​ចំណែក​ទទួល​ខុសត្រូវ​ ចំពោះការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ឆ្នាំ ២០២១​។​ នេះបើ​តាមការ​សិក្សាថ្មី​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃអង្គារ ​ទី ១៨​ ខែ​តុលា។​

របាយ​ការណ៍ចេញ​ផ្សាយ​ដោយ​សម្ព័ន្ធ​ព្រៃឈើ ​និង​ហិរញ្ញវត្ថុ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ (Forest and Finance)​ ដែលជា​អង្គការ​លើក​កម្ពស់​តម្លាភាព ​គោល​នយោបាយ​ ប្រព័ន្ធ និង​បទ​ប្បញ្ញត្តិ​ក្នុង​វិស័យ​ហិរញ្ញ វត្ថុ​ បាន​រកឃើញថា ​ហិរញ្ញវត្ថុ​ដែលធ្លាក់​ដល់​ដៃ​ក្រុមហ៊ុន​ទាំងនោះ​ បានកើន​ឡើងជាង​ ៦០​ ភាគរយ ឬ ​៤៧​ ប៊ីលាន​ដុល្លារ​ ក្នុង​ចន្លោះ​ឆ្នាំ ២០២០ ​និង​ ២០២១​។

របាយការណ៍​វិភាគនេះ​បាន​ចេញ​ផ្សាយ​នៅមុន​កិច្ច​ពិភាក្សា​អំពី​អាកាស​ធាតុ​សកល​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ខែ​វិច្ឆិកា​ខាងមុខ។​ ក្នុងកិច្ច​ប្រជុំ​សកល​អាកាសធាតុ​នេះ​ នឹងមាន​ប្រធាន​បទ​សំខាន់ៗ ដូចជា​ការ​ការពារ​ព្រៃឈើ ​និង​ជីវចម្រុះ​សំខាន់ៗ​ជាដើម​។

ការសិក្សា​បាន​រកឃើញថា ​ធនាគារ​បាន​បញ្ជូន​ហិរញ្ញវត្ថុ​ប្រមាណ ២៦៧​ ប៊ីលាន​ដុល្លារ​ចូលទៅ​ក្នុង​ក្រុមហ៊ុន​វិនិយោគ​ផលិតផល​ក្នុង​វិស័យ​ព្រៃឈើ​ចាប់តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​អាកាស​ធាតុនៅ​ក្នុងឆ្នាំ​ ២០១៥ ។ ​ខណៈដែល​អ្នក​វិនិយោគ​កំពុង​កាន់កាប់​ភាគហ៊ុន​និង​បណ្ណ​បំណុល​ចំនួន​ ៤០ ប៊ីលាន​ដុល្លារ​គិតត្រឹម​ខែ​កញ្ញា​ឆ្នាំ​ ២០២២ នេះ​។

លោក​ Tom Picken​ នាយក​ផ្នែក​បណ្តាញ​សកម្មភាព​ព្រៃឈើ​នៃ​អង្គការ​ Forest​ and​ Finance បានលើក​ឡើង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយថា៖ «ស្ថាប័ន​ហិរញ្ញ​វត្ថុ​ពិភព​លោកពិត​ជា​កំពុង​បង្កើនការ​ផ្តល់ប្រាក់កម្ចី​របស់ពួកគេ​ដល់​ឧស្សាហកម្ម​ដែល​ជំរុញឱ្យ​ មនុស្ស​ជាតិ​ធ្លាក់ចុះ»។​​

ការ​វាយតម្លៃ​គោល​នយោបាយ​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចំនួន​ ២០០ ​ដែល​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​ផ្នែក​ព្រៃឈើ ឬជា​ក្រុមហ៊ុន ​ដែល​បង្ក​ហានិភ័យ​ចំពោះ​ព្រៃឈើ​នៅក្នុង​តំបន់​អាមេរិក​ឡាទីន ​អាស៊ី​អាគ្នេយ៍ និង​អាហ្វ្រិក​ខាងលិច ​និង​អាហ្វ្រិក​កណ្តាល ​បាន​រកឃើញថា​មានជាង ៥៩% ​ដែលទទួល​បាន​ពិន្ទុ ​ទាបជាង ១ ក្នុង​ចំណោម ​១០ ពិន្ទុ។​ នេះ​គឺជា​សញ្ញា​នៃ​«ការ​បរាជ័យ​ដ៏គួរឱ្យ​ភ័យខ្លាច»​ ក្នុងការ​កាត់បន្ថយ​ហានិភ័យ​បរិស្ថាន សង្គម​ និង​អភិបាលកិច្ច​ (ESG)។

ជា​ឧទាហរណ៍ ​នៅ​ឥណ្ឌូ​នេស៊ី ដែលជា​ប្រទេស​អ្នក​ផលិត​ក្រដាស​នៅ​អាស៊ីអាគ្នេយ៍​កំពុង​បន្ត​ពង្រីក​ផលិតកម្ម​របស់​ខ្លួន​។​ ការណ៍នេះ​បាន​ជំរុញឱ្យ​ ព្រៃឈើ​ដែល​នៅសល់​របស់​ប្រទេស​នេះ​ ស្ថិត​នៅ​ក្រោម​សម្ពាធ​ហានិភ័យ​។ ចំណែក​នៅ​ប្រទេស​ប្រេស៊ីល​របាយការណ៍​បាន​រកឃើញ​ថា​ឧស្សាហកម្ម​ចិញ្ចឹម​គោសាច់​បាន​រួមចំណែក​ដល់ទៅ ​៨០%​ នៃ​ការ​កាប់​ព្រៃឈើនៅ​ Amazon​ ចាប់​តាំងពី​ឆ្នាំ ១៩៨៥​ មក​៕