BYD Co ដែលជា​ក្រុមហ៊ុន​ដ៏ធំ​របស់​ចិន​ផ្នែក​ផលិត​រថយន្ត​អគ្គិសនី បាន​បញ្ជាក់ថា​ប្រាក់​ចំណេញ​សុទ្ធនៅ​ត្រីមាស​ទី ៣ ​ទំនង​ជាកើន​ឡើង​ជាង ​៤ ដង។ ​ជា​ការកើន​ឡើង​ដោយ​សារ​តែ​កំណើន​នៃ​ការលក់​រឹងមាំ ​និង​គុណភាព​ផលិតផល​កាន់​តែ​ប្រសើរ ដែល​នាំ​ឱ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​កើនឡើង។ ​ខណៈ​ក្រុមហ៊ុន​តៃវ៉ាន់​ឯណោះ​វិញ ​សម្រុក​បង្ហាញ​បច្ចេក វិទ្យា​ថ្មី​លើ​រថយន្ត​អគ្គិសនី​។

ក្រុមហ៊ុន​បាន​ប៉ាន់​ប្រមាណថា​ ប្រាក់ចំណេញ​សុទ្ធ​សម្រាប់​ខែ​កក្កដា​ដល់​ខែកញ្ញា​មាន​ចន្លោះពី​ ៧៦៥​ លាន​ដុល្លារ ទៅ​ ៨៣០​ លាន​ដុល្លារ ​ឬ​បាន​ន័យថា​ កើនឡើង​រហូតដល់​ ៣៣៣​% ​ទៅ​ ៣៦៥​%​ បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន ​BYD ​នៅ​ហុងកុង​ បានកើន​ឡើង ៤​%​ នៅព្រឹក​ថ្ងៃ​អង្គារ​ ទី ១៨​ ខែតុលា ខណៈ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នៅ​ Shenzhen​ បានកើន​ឡើង​ ៥%។ ​ភាគហ៊ុន​របស់​ក្រុមហ៊ុននេះ​មាន​ចំណែក ​១៩​%​ ជា​របស់​មហាសេដ្ឋី​អាមេរិក​លោក​ Warren Buffett។

គោល​នយោបាយ​របស់​រដ្ឋាភិបាល ក្នុង​ការ​លើ​កម្ពស់​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ ក៏​បាន​រួមចំណែក​ធ្វើឱ្យ​ការ​លក់​រថយន្ត​ប្រភេទនេះ​មាន​ការកើន​ឡើងដែរ ​ជា​ពិសេស​សម្រាប់​ប្រទេសចិន​ដែលជា​ទីផ្សារ​រថយន្ត​ដ៏ធំ​លំដាប់ទី២​លើ​ពិភពលោក​។

ការលក់​រួមគ្នា​លើ​ប្រភេទ​រថយន្ត​ផ្សេងៗ​របស់​ក្រុមហ៊ុន​ BYD​ ដែលមាន​ដូចជា​រថយន្ត​អគ្គិសនី​សុទ្ធ​ និង​រថយន្តកូន​កាត់​ បាន​កើនឡើង ២៥០​% ក្នុង​រយៈពេល​៩ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២២​។

ចំណែក​ឯ​តៃវ៉ាន់វិញ​! ​នៅ​ថ្ងៃអង្គារ​ទី ១៨​ ខែ​តុលានេះ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំ​របស់​តៃវ៉ាន់​គឺ​ Foxconn ​បាន​បញ្ចេញ​រថយន្ត​រចនា​ថ្មី ចំនួន​ ២ ម៉ូដែល​បន្ថែមទៀត។ ​រថយន្ត​ទាំងនេះ​ គឺជា​ប្រភេទ​រថយន្ត​អគ្គិសនីគំរូ ​ដែលមាន​ទាំងបែប Pickup ​ផង ខណៈ​ដែល​ក្រុមហ៊ុននេះ​អះអាងថា​ នឹង​ចាប់ផ្តើម​ផលិត​រថយន្ត ​ដែលបាន​រចនា​ហើយ​ នៅចុង​ឆ្នាំនេះ​។

ក្រុមហ៊ុន​ Foxconn ​គឺជា​ក្រុមហ៊ុន​ទទួល​ផលិត​ឧបករណ៍​អេឡិច​ត្រូនិក​ដ៏ធំមួយ​របស់​ពិភព​លោក ហើយ​ក្រុមហ៊ុននេះ​ក៏ត្រូវ​បាន​គេស្គាល់ថា​ ជា​ក្រុមហ៊ុន​ផលិត​និង​ផ្គុំគ្រឿង​អេឡិចត្រូនិក​ឱ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​អាមេរិក​ Apple​។​

នា​រយៈពេល​ចុង​ក្រោយនេះ​ក្រុមហ៊ុន ​បាន​ផ្លាស់ប្តូរ​ដោយការ​ធ្វើ​ពិពិធកម្ម​លើស​ពីការ​ផ្គុំគ្រឿង​អេឡិច​ត្រូនិក និង​ចាប់ផ្តើម​អាជីវកម្ម​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង។ ​ប៉ុន្តែ​ក្រុមហ៊ុននេះ ​ក៏​បោះជើង​ចូល​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី ដែលកាល​ពី​ឆ្នាំ​មុន​ក្រុមហ៊ុន ​បាន​បញ្ចេញ​រថយន្ត​គំរូចំនួន​ ៣ គ្រឿង​៕