ការកើន​ឡើងដ៏ខ្ពស់បំផុត​នៃ​តម្លៃ​ម្ហូបអាហារ​ដែល​មិនធ្លាប់​មាន​តាំងពី​ឆ្នាំ ១៩៨០ ​មក បាន​រុញច្រានឱ្យ​ អតិផរណា​របស់​អង់គ្លេស​ឡើង ២ ខ្ទង់​កាល​ពីខែកញ្ញា។​ ជា​កម្រិត​អតិផរណា​ ដែលខ្ពស់​បំផុត​មួយ ក្នុង​រយៈពេល​ ៤០ ឆ្នាំ​ចុងក្រោយ​។​ អតិផរណា​ក្នុង​ប្រទេសនេះ​ កំពុង​បង្ក​ផល​ប៉ះពាល់​លើ​គ្រួសារ​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ស្រាប់​។

ការិយាល័យ​ស្ថិតិ​ជាតិអង់គ្លេស​ បាន​និយាយថា​ សន្ទស្សន៍​តម្លៃអ្នក​ប្រើប្រាស់​ (CPI)​ បានកើនឡើង ១០.​១​ ភាគរយ​កាល​ពី​ខែ​កញ្ញា​កន្លងទៅ។​ ទិន្នន័យនេះ​មិនខុសគ្នា​ប៉ុន្មានពី​ការ​ស្ទង់មតិ​របស់​សារព័ត៌មាន​ Reuters ដែល​បាន​ចង្អុល​បង្ហាញ​ពីកើន​ឡើង ​១០ ភា​គរយ​សម្រាប់​ខែកញ្ញា ​ក្រោយពី​អត្រា​អតិផរណា​មាន​កំណើន ៩,៩​ ភាគរយ ​កាលពី​ខែសីហា។​

បើក្រឡេក​មើល​តម្លៃនៃ​ប្រាក់ផោន​របស់​អង់គ្លេស​វិញ​ បានធ្លាក់​ចុះមក​តម្លៃ ​១,១៣​ ដុល្លារ/​ផោន ឬ ០,២ ភាគរយ បន្ទាប់​ពីព័ត៌មាន​នៃ​អត្រា​អតិផរណា​របស់​អង់គ្លេស​ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នៅ​ថ្ងៃទី ១៩​​ ខែ​តុលានេះ​​។

តម្លៃម្ហូប​អាហារ ​និង​គ្រឿង​ភេសជ្ជៈ​គ្មានជាតិ​អាល់កុល​បានកើន​ឡើងខ្ពស់​បំផុត​ ដោយសារ​តែ​អតិផរណា ពោល​គឺ​ម្ហូបអាហារ ​និង​គ្រឿងភេសជ្ជៈ​បាន​ឡើង​ថ្លៃ​ប្រមាណ​ ១៤,៥​ ភាគរយ​។ ជា​អត្រាកើន​ឡើង​ដ៏ខ្ពស់​បំផុត​មួយ​ ចាប់តាំង​ពី​ខែមេសា​ឆ្នាំ ១៩៨០​ មក។​ នេះ​បើយោង​តាម​ទិន្នន័យ​សន្ទស្សន៍​តម្លៃ​អ្នក​ប្រើប្រាស់​។

លោក ​Paul Dales​ ប្រធាន​សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន​ផ្នែក​ប្រឹក្សា ​Capital Economics​ បាន​និយាយថា៖ ​«តាមរយៈ​ការ​ចេញផ្សាយ​នៅថ្ងៃនេះ​បង្ហាញ​ពីគ្រោះថ្នាក់​ដែល​អតិផរណា​មូលដ្ឋាន​នៅ​តែរឹងមាំ ​(ខ្ពស់) ទោះ​បីជា​សេដ្ឋកិច្ច​ធ្លាក់​ចុះក៏​ដោយ​»។

លោកក៏​បាន​ចង្អុលបង្ហាញ​ពីការ​កើន​ឡើង​អតិផរណា​ស្នូល ដែលជា​អត្រា​អតិផរណា​មិនរាប់​បញ្ចូល​តម្លៃ​អាហារ​ និង​ថាមពល​ គឺ​បាន​កើនឡើង​ដល់​កម្រិតខ្ពស់ថ្មី ​នា​រយៈពេល​ ៣០ ឆ្នាំ​ចុងក្រោយ​ ពោល​គឺមាន​អត្រាគ​ ៦,៥ ​ភាគ​រយ​ កាល​ពី​ខែមុន​។

ចក្រភព​អង់គ្លេស​បាន​ទទួល​រងផល​ប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ការ​កើន​ឡើង​នៃ​តម្លៃឧស្ម័ន​ធម្មជាតិ​នៅ​អឺរ៉ុប។​ ការ​កើនឡើង​នៃ​តម្លៃឧស្ម័ន​ធម្មជាតិ​ដែល​បណ្តាល​មកពី​ការ​លុកលុយ​របស់រុស្ស៊ី​លើ​អ៊ុយក្រែន។ បញ្ហានេះ​ ក៏​បានបន្ថែម​បន្ទុក​នៅក្រោយ​វិបត្តិកូវីដ​ ១៩ ​ដែលវិបត្តិនេះ​បានបង្ក​ការរាំងស្ទះ​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​កង្វះ​កម្លាំង​ពលកម្ម​។ ជា​រួមបញ្ហា​ទាំងអស់​នេះ​បាន​ធ្លាក់​ទៅលើ​ប្រជាជន​ដែល​បង្កការ​ប៉ះពាល់​ដល់​កម្រិត​ជីវភាព​រស់នៅ​របស់​ពួកគេ​។

ជុំវិញ​បញ្ហា​អតិ​ផរណានេះ​ដែរ​តាមរយៈ​សារព័ត៌មាន​ BBC ​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​លោក​James Cleverly​ បាន​ទទួល​ស្គាល់ថា ​តួលេខ​អតិផរណា​គឺគួរឱ្យ​ បារម្ភ​ សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស។ លោក​បញ្ជាក់ថា​តួលេខ​ ១០,១ ភាគ រយ​ គឺជា​អ្វីដែល​រដ្ឋាភិបាល​ បាន​រំពឹង​ទុក​ ដោយ​លោក​បាន​បន្ថែមថា​ការជួយ​ជ្រោមជ្រែង​លើ​តម្លៃ​ថាមពល​ពី​រដ្ឋាភិ បាល​នឹង​ជួយកាត់​បន្ថយ​អតិផរណា​ជារួម​៕