ការកើន​ឡើង​ភាពតានតឹង​រវាង​តៃវ៉ាន់-ចិន ​និង​សហរដ្ឋ​អាមេរិក​-ចិន ​បាន​នាំមក​នូវបញ្ហា​ប្រឈម "កាន់​តែធ្ងន់ធ្ងរ"​ សម្រាប់​ឧស្សាហកម្ម ​semiconductor​ របស់​តៃវ៉ាន់​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​តៃវ៉ាន់​ TSMC ​នា​ថ្ងៃពុធ ​ទី ១៩ ​ខែ​តុលានេះ​។

តៃវ៉ាន់​គឺជា​អ្នក​ផលិត​បន្ទះឈីប​ដ៏ធំ​របស់​ពិភព​លោក ដែល​បន្ទះ​ឈីប​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ត្រូវ​បាន​ប្រើ​ស្ទើរគ្រប់​ឧបករណ៍​រាប់ចាប់​ពី​រថយន្ត ​ស្មាតហ្វូន​ រហូត​ដល់​មជ្ឈមណ្ឌល​ទិន្នន័យ​ និង​យន្តហោះ​ចម្បាំង​ជាដើម។​ ក្រុមហ៊ុន​តៃវ៉ាន់ ​Semiconductor​ Manufacturing ​Co Ltd​ (TSMC) គឺជា​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ដ៏ធំ​ជាង​គេ​របស់​ពិភពលោក ​និង​ជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​បំផុត​នៅផ្សារ​ហ៊ុន​អាស៊ី។​

ខណៈពេល​ដែល​វិស័យ​បន្ទះសៀគ្វី​កំពុង​ត្រៀមខ្លួន​ចំពោះ​តម្រូវការ​ធ្លាក់ចុះ ដោយ​សារ​តែ​កម្រិត​អតិផរ​ណា​ជុំវិញ​ពិភព​លោក​កើន​ឡើងនោះ ​តៃវ៉ាន់​កំពុង​ប្រឈម​មុខនឹង​ស្ថានភាព​កាន់​តែតានតឹង។​ ការ​ប្រឈម​ទាំងនោះ​គឺ​កើត​ឡើង​រវាង​ចិន​ដែលជា​ទីផ្សារ​នាំចេញ​ដ៏​ធំបំផុត​របស់​តៃវ៉ាន់ និង​អ្នកផ្គត់ផ្គង់​អាវុធ​អន្តរជាតិ​ដ៏​សំខាន់​របស់​តៃវ៉ាន់​គឺ​សហ​រដ្ឋ​អាមេរិក។ ​ការ​ប្រឈម​មួយ​ទៀត​នោះ ​គឺទីក្រុង​ប៉េកាំង​បង្កើន​កម្លាំង​យោធា​ដាក់​សម្ពាធ​បង្ខំឱ្យតៃប៉ិ​ស្ថិតក្រោម​អធិបតេយ្យ​ភាព​របស់ចិន​។

ថ្លែងនៅ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​សមាគម​ឧស្សាហកម្ម ​Semiconductor ​តៃវ៉ាន់​ ប្រធាន​ក្រុមហ៊ុន​ TSMC លោក ​Mark Liu ​បានលើក​ឡើងថា ៖«ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក ​និង​ចិន និងការ​កើនឡើង​នៃ​ភាពតាន​តឹង​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ បាននាំ​មក​នូវ​បញ្ហា​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ទាំងអស់​ រួម​ទាំង​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈីបផង»។

លោក​បន្តថា​ក្នុង​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ រដ្ឋាភិបាល​របស់​ប្រទេស​ចិន​មិន​ដែល​ផ្អាក​ការ​លើក​កម្ពស់​ឧស្សាហកម្ម​ផលិតបន្ទះ​ឈីប​ក្នុង​ស្រុក​របស់ខ្លួន​ឡើយ។ ​ចិន​លើក​កកម្ពស់​ឧស្សាហកម្ម​នេះ រួមបញ្ជូល​ទាំង​ការ​រចនា​បន្ទះឈីប ​ការផលិត​ និង​ការ​វេចខ្ចប់ជា​ដើម។ ​លោក Liu ​បន្តថា​នៅ​សហរដ្ឋ​អាមេរិក​វិញ​ រដ្ឋាភិបាល​បាន​ដាក់​ចេញច្បាប់ ​CHIP Act ​ដើម្បី​គាំទ្រ​ការ​ស្រាវជ្រាវ​វិស័យ​បន្ទះ​ឈីប និង​ផលិត​នៅក្នុង​ប្រទេស​តែម្តង​។

លោក Liu ​បាន​បញ្ជាក់ថា​លោក​ទន្ទឹង​រង់ចាំមើល ​រដ្ឋាភិបាល​ និង​បណ្ឌិត្យ​សភា​តៃវ៉ាន់​ក្នុង​ការ​អភិវឌ្ឍ​វិធាន​ការ​ជាក់ស្តែង ​និង​មាន​លក្ខណៈ​ស្ថាបនា​ចំពោះ​គោល​នយោបាយ​ឧស្សាហកម្ម​ទាក់ទង​នឹង​ការ​ច្នៃ​ប្រឌិត ការ​ស្រាវជ្រាវ ​និង​ការ​អប់រំ​ទេពកោសល្យ ​ដើម្បី​រក្សា​គុណ​សម្បត្តិ​ឧស្សាហកម្ម​ semiconductor ដែលជា​ឧស្សាហកម្ម​សំខាន់​បំផុត​របស់​តៃវ៉ាន់​។

TSMC ​ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​សៀគ្វី​ភាគ​ដ៏​ធំនៅ​តៃវ៉ាន់​កាលពី​សប្តាហ៍​មុន​បាន​កាត់​បន្ថយ​ថវិកា​វិនិយោគ​ប្រចាំឆ្នាំ​របស់​ខ្លួន​យ៉ាងហោច​ណាស់​១០​ភាគរយ ​សម្រាប់​ឆ្នាំ​២០២២ និងបាន​ត្រៀម​ខ្លួន​ចំពោះ​តម្រូវការ​របស់ទី​ផ្សារនា​ពេល​ខាងមុខ៕​

វីដេអូ៖