នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី លីហ្ស ត្រាស់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២០ តុលា បាន​ប្រកាស​លាលែង​ពី​តំណែង បន្ទាប់​ពី​ចូល​កាន់​អំណាច​បាន​ត្រឹមតែ ៦ សប្តាហ៍​ប៉ុណ្ណោះ។ បន្តិច​ក្រោយ​មក ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​ជូនពរ​ឱ្យ​ចក្រភពអង់គ្លេស​វិល​ត្រឡប់​ទៅ​រក​ស្ថិរភាព​យ៉ាង​ឆាប់​រហ័ស​វិញ ក្រោយ​ការ​លាលែង​តំណែង​របស់​លោកស្រី ត្រាស់ នេះ។

ក្រោយ​ឡើង​កាន់​តំណែង​បាន ៤៤ ថ្ងៃ កៅអី​ជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​របស់​លោកស្រី ត្រាស់ បាន​រង្គោះរង្គើ ដោយសារ​តែ​ភាព​វឹកវរ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច។

«ខ្ញុំ​ទទួល​ស្គាល់​ថា ដោយសារ​តែ​កាលៈទេសៈ​តម្រូវ ខ្ញុំ​មិន​អាច​នៅ​កាន់​តំណែង​ឱ្យ​គ្រប់​អាណត្តិ​ដែល​ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​អភិរក្សនិយម​ឡើយ។ ដូច្នេះ ខ្ញុំ​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ជូន​ដំណឹង​ដល់​ព្រះអង្គ​ថា ខ្ញុំ​កំពុង​លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស​អភិរក្សនិយម»។ នេះ គឺ​ជា​ការ​លើក​ឡើង​របស់​លោកស្រី ត្រាស់។

លោកស្រី​បាន​ឱ្យ​ដឹង​ទៀត​ថា បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ថ្មី នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​នៅ​ចុង​សប្តាហ៍​ក្រោយ។ ហើយ​លោកស្រី នឹង​នៅ​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី រហូត​ទាល់​តែ​គេ​អាច​ជ្រើសរើស​អ្នក​ស្នង​តំណែង​របស់​លោកស្រី​បាន។

ភ្លាមៗ​ក្រោយ​ពី​បាន​ស្តាប់​ឮ​ការ​ប្រកាស​លាលែង​ចេញ​ពី​តំណែង​របស់​លោកស្រី លីហ្ស ត្រាស់ លោក​ប្រមុខរដ្ឋ​បារាំង ម៉ាក្រុង បាន​ចេញ​មុខ​ជូនពរ​ប្រទេស​អង់គ្លេស ឱ្យ​វិល​ត្រឡប់​ទៅ​រក​ស្ថិរភាព​វិញ​យ៉ាង​ឆាប់​រហ័ស។

នៅ​ពេល​ទៅ​ដល់​កិច្ច​ប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប លោក ម៉ាក្រុង បាន​និយាយ​ថា លោក​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​អំពី​នយោបាយ​ក្នុង​ស្រុក​របស់​អង់គ្លេស។ ប៉ុន្តែ​លោក​ថា៖ «វា​សំខាន់​ណាស់​ដែល​ចក្រភព​អង់គ្លេស​ទទួល​បាន​ស្ថិរភាព​នយោបាយ​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា»។

គួរ​រំឭក​ថា លោកស្រី លីហ្ស ត្រាស់ បាន​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃទី ៦ ខែ​កញ្ញា កន្លង​ទៅ និង​បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​វិញ​នៅ​ថ្ងៃទី ២០ ខែ​តុលា ឆ្នាំ ២០២២។ លោកស្រី នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី ដែល​កាន់​តំណែង​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​អង់គ្លេស៕