រដ្ឋ​តិចសាស់ (Texas) របស់​សហរដ្ឋអាមេរិក បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន Google ក្រោម​ការចោទប្រកាន់​ថា​បាន​ប្រមូល​ទិន្នន័យ​ជីវមាត្រ (biometric) របស់​អ្នករស់នៅ​ក្នុង​រដ្ឋ​នេះ​រាប់​លាន​នាក់ ដោយ​មិន​ទទួលបាន​ការយល់ព្រម​ត្រឹមត្រូវ ពី​អ្នកប្រើប្រាស់​ឡើយ​។ នេះ​បាន​បើតាម​ការិយាល័យ​មេធាវី​រដ្ឋ​តិចសាស់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២០ ខែ​តុលា​។

ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ បាន​លើកឡើង​ថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​រដ្ឋ​តិចសាស់ ត្រូវបាន​ហាមឃាត់​អស់​រយៈពេល​ជាង​ ១ ​ទស្សវត្សរ៍​មកហើយ ចំពោះ​ការប្រមូល​ព័ត៌មាន​រូបថត​ផ្ទៃមុខ សំឡេង ឬ​ទិន្នន័យ​ជីវមាត្រ​ផ្សេងទៀត​របស់​អ្នកប្រើប្រាស់ ដោយ​គ្មាន​ការយល់ព្រម​។

ពាក្យបណ្តឹង​ដដែល​ឱ្យ​ដឹង​ថា​នៅ​ចំពោះ​ការមិន​គោរព​ច្បាប់ និង​ឥត​លាក់លៀម Google បាន​ប្រមូល​ទិន្នន័យ​ជីវមាត្រ​ពី​ឆ្នាំ​ ២០១៥ ពី​ប្រជាជន​ក្នុង​រដ្ឋ​តិចសាស់ សឹងតែ​រាប់​មិន​អស់ ហើយ​ថែមទាំង​បាន​ប្រើប្រាស់​ទិន្នន័យ​ផ្ទៃមុខ និង​សំឡេង ដើម្បី​បម្រើ​ផលប្រយោជន៍​បែប​ពាណិជ្ជកម្ម​របស់​ Google​។ ជាការ​ពិតណាស់ ប្រជាជន​នៅ​ទូទាំង​រដ្ឋ ជា​រៀងរាល់ថ្ងៃ បាន​ក្លាយជា​ជនរងគ្រោះ​ដោយ​មិនដឹង​ខ្លួន ពោល​គឺ​ពួកគេ​ត្រូវបាន Google បោក​បញ្ឆោត​ដើម្បី​រកប្រាក់​ចំណេញ​។

Google មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​យោបល់ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះឡើយ​។

សេចក្តី​ថ្លែងការណ៍​មេធាវី​ឱ្យ​ដឹង​ថា ការប្រមូល​ទិន្នន័យ​របស់ Google ធ្វើឡើង​តាមរយៈ​ផលិតផល និង​សេវាកម្ម​ដូចជា Google Photos, Google Assistant និង Nest Hub Max ជាដើម​។

គួរ​ជ្រាបថា បណ្ដឹង​ខាងលើ​នេះ​គឺជា​បណ្ដឹង​មួយ​ក្នុងចំណោម​រដ្ឋ​មួយ​ចំនួន​ទៀត​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ប្ដឹង​ប្រឆាំង​នឹង Google ដោយ​ចោទប្រកាន់​ពី​ការអនុវត្ត​មិន​យុត្តិធម៌​ទាក់ទង​នឹង​ឯកជន​ភាព​។ រដ្ឋ​អារីហ្សូណា​ជា​រដ្ឋ​មួយ ដែល​ទទួលបាន​ការទូទាត់​សំណង​នៅ​ដើម​ខែ​តុលា​ក្នុង​ទំហំ​ទឹកប្រាក់ ៨៥ ​លាន​ដុល្លារ​។

រដ្ឋ​តិចសាស់ រដ្ឋអ៊ីនឌីយ៉ាណា រដ្ឋវ៉ាស៊ីនតោន ក៏បាន​ដាក់​ពាក្យ​ប្តឹង Google កាលពី​ខែ​មករា ឆ្នាំ ២០២២ កន្លងទៅ​ដែរ​។ ជាការ​ប្តឹង​ដោយ​ចោទប្រកាន់​ថា Google ការអនុវត្ត​កម្មវិធី​តាមដាន​ទីតាំង​របស់​អ្នកប្រើប្រាស់​ដែល​ទង្វើ​នេះ​គឺជា​ការឈ្លានពាន​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​។

ជុំវិញ​ការចោទ​ប្រកាន់​ដោយ​រដ្ឋ​ទាំង ៣ ​ខាងលើ កាលពី​ដើម​ឆ្នាំ ត្រូវបាន​អ្នកនាំពាក្យ​ក្រុមហ៊ុន​ឆ្លើយតប​ថា ជាការ​ចោទប្រកាន់​ដោយ​សំអាង​លើ​ទិន្នន័យ​ខុស​។ លោក Jose Castaneda អ្នកនាំពាក្យ​ក្រុមហ៊ុន Google បាន​បញ្ជាក់​ថា​៖ «​យើង​តែងតែ​បង្កើត​មុខងារ​ឯកជនភាព​ទៅក្នុង​ផលិតផល​របស់​យើង និង​ផ្តល់​ការគ្រប់គ្រង​ដ៏​រឹងមាំ​សម្រាប់​ទិន្នន័យ​ទីតាំង​។ យើង​នឹង​ការពារ​ខ្លួនឯង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការចោទ​ប្រកាន់​ទាំងនេះ​»៕