មេដឹកនាំ​តួ​ក​គី​លោក អ៊ែរ​ដូ​ហ្កា​ន និង​លោក ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី កំពុងតែបន្ត​បង្កើន​ទំនាក់ទំនង​កាន់តែ​ល្អូកល្អិន​នឹង​គ្នា នៅ​ខណៈដែល​ទីក្រុង​មូ​ស្គូ​កំពុង​បង្កើន​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​។ ការជួបប្រជុំ​ជា​ញឹកញាប់ និង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​របស់​មេដឹកនាំ​ទាំង​ ២ បានធ្វើឱ្យ​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់​តួ​ក​គី កើត​ចិត្ត​បារម្ភ​ថា​តួ​ក​គី កំពុង​គេចវេះ​ចេញពី​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​។​

​ប្រធានាធិបតី​តួ​ក​គី​លោក រេ​សេប តា​យី​ប អ៊ែរ​ដូ​ហ្កា​ន បាន​ជួប​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​សប្តាហ៍​មុន ជា​លើក​ទី​បួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​។

​លោក អ៊ែរ​ដូ​ហ្កា​ន និង ពូ​ទីន បាន​ញញឹម និង​ស្វាគមន៍​គ្នា​ទៅវិញទៅមក ដោយ​ការចាប់​រលាក់​ដៃ​យ៉ាង​កក់ក្តៅ​។ ការជួបគ្នា​ចុងក្រោយ​របស់​មេដឹកនាំ​ទាំងពីរ​គឺ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១៣ តុលា ឆ្នាំ​២០២២ នៅ​រដ្ឋធានី​អា​ស្តា​ណា (Astana) ប្រទេស​កា​ហ្សា​ក់​ស្ថាន នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​សន្និសីទ​ស្តីពី​អន្តរ​កម្ម និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​។​

​ក្រោយ​ពិភាក្សា​ជាមួយ​លោក ពូ​ទីន​បិទ​បញ្ចប់ ប្រមុខ​ដឹកនាំ​តួ​ក​គី បាន​ប្រាប់​ទៅ​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​ចង់​កសាង​ភាពជោគជ័យ​នៃ​កិច្ចព្រមព្រៀង​អន្តរការី​របស់​អង្គការសហប្រជាជាតិ​។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​ដែល​រារាំង​ដោយ​កងកម្លាំង​ទ័ពជើងទឹក​រុស្ស៊ី អាច​ចូលក្នុង​ទីផ្សារ​ពិភពលោក​បាន​។​

​លោក ហ្គា​លី​ប ដា​ឡាយ (Galip Dalay) ដែលជា​អ្នកវិភាគ​មួយរូប បាន​និយាយថា​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​មើលឃើញថា​ជាហេតុ​ផល​ដែល​លោក​ប្រធានាធិបតី​តួ​ក​គី អ៊ែរ​ដូ​ហ្កា​ន យក​មកជា​សំអាង​ដើម្បី​លាងជម្រះ​មន្ទិលសង្ស័យ​លើ​គោលនយោបាយ​របស់លោក ក្នុងការ​រក្សា​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​លោកពូ​ទីន​។

​ដោយ​សង្កត់ធ្ងន់​លើ​តម្រូវការ​ដើម្បី​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ទីក្រុង​មូ​ស្គូ ក្រុង​អង់កា​រ៉ា បាន​បដិសេធ មិន​អនុវត្ត​ទណ្ឌកម្ម​ដូចដែល​ប្រទេស​លោកខាងលិច​ដាក់​ដើម្បី​ប្រឆាំងនឹង​រុស្ស៊ី​ឡើយ​។​

​តាមរយៈ​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន សហភាព​អឺរ៉ុប បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​តួ​ក​គី ដែល​មិន​ព្រម​អនុវត្ត​ទណ្ឌកម្ម និង​បាន​ព្រមាន​ថា​ក្រុមហ៊ុន​អឺរ៉ុប អាច​ប្រើប្រាស់​ប្រទេស​តួ​ក​គី ដើម្បី​ជាទី​តាំង​គេច​ផុតពី​វិធានការ​រឹតបន្តឹង​នេះ​។ សហរដ្ឋអាមេរិក ក៏បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ពី​បញ្ហា​នេះ​ផងដែរ​។

ការ​បែកខ្ញែក​គ្នា​ក្នុងចំណោម​បណ្តា​ប្រទេស​អឺរ៉ុប

​ការបារម្ភ​ថា​ក្រុមហ៊ុន​អឺរ៉ុប និង​ក្រុមហ៊ុន​រុស្ស៊ី​មួយចំនួន អាច​ប្រើ​ប្រទេស​តួ​ក​គី​ដើ​ម្ប​គេច​ផុតពី​ទណ្ឌកម្ម បាន​កើនឡើង នៅពេលដែល​លោក ពូ​ទីន និយាយ​ក្នុង​សប្តាហ៍​នេះ​ដោយ​បញ្ជាក់​ជាថ្មី​នូវ​សំណើ​ដែល​រុស្ស៊ី ចង់​បង្កើត​មជ្ឈមណ្ឌល​សម្រាប់​ផ្គត់ផ្គង់​ឧស្ម័ន​នៅក្នុង​ទឹកដី​តួ​ក​គី សម្រាប់​ការចែក​ចាយ​បន្តទៅ​កាន់​ទឹកដី​អឺរ៉ុប​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក អ៊ែរ​ដូ​ហ្កា​ន គូសបញ្ជាក់ថា ប្រទេស​តួ​ក​គី​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ក្នុង​គម្រោង​នេះ​។ ក្រុង​អង់កា​រ៉ា កំពុង​ប្រឹងប្រែង​ចរចា​នូវ​កិច្ចព្រមព្រៀង​ជាមួយ​មូ​ស្គូ ព្រោះ​វា​នឹង​អាចជួយ​កំណត់ ក៏ដូចជា​កាត់បន្ថយ​តម្លៃ​ឧស្ម័ន​ដែល​កំពុង​ហក់​កើនឡើង​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ​។

​ទាក់ទង​ចំណុច​នេះ អ្នកវិភាគ​និយាយថា លោក ពូ​ទីន កំពុង​ស្វះ​ស្វែងរក​វិធី​ដើម្បី​ធ្វើឱ្យមាន​ការបែកបាក់​គ្នា​ក្នុងចំណោម​ប្រទេស​លោកខាងលិច​ដែលជា​ក្រុម​អ្នក​ប្រឆាំងនឹង​រុស្ស៊ី​។ ទន្ទឹមគ្នានេះ លោក ពូ​ទីន ក៏​កំពុងតែ​ស្វែងរក​ផងដែរ​នូវ​ដៃគូ​ដែលមាន​ឆន្ទៈ ហើយ​គោលដៅ​របស់លោក​នោះ​គឺ​ប្រធានាធិបតី​តួ​ក​គី​អ៊ែរ​ដូ​ហ្កា​ន នេះឯង​។​

«​សម្រាប់​លោក ពូ​ទីន ទំនាក់ទំនង​ជាមួយ​តួ​ក​គី​មាន​សារៈសំខាន់ [​ព្រោះ​] វា​ទាក់​នឹង​នឹង​ការធ្វើ​អឺរ៉ុប​បែកបាក់​»​។ នេះ​គឺជា​ប្រសាសន៍​របស់​អ្នកជំនាញ​ផ្នែក​យុទ្ធសាស្ត្រ​លោក ទី​ម៉ូ​ធី អាស (Timothy Ash)​។ « តួ​ក​គី គឺជា​សមាជិក​សំខាន់​របស់​អង្គការ​អូតង់​។ បើ​លោក ពូ​ទីន កាន់តែ​អាច​ទាញ​លោក អ៊ែរ​ដូ​ហ្កា​ន និង​តួ​ក​គី​ឱ្យ​ដើរ​ងាក​ចេញ​ឆ្ងាយ​ពី​បស្ចិម​លោក នោះ​វា​ជាការ​ប្រសើរ​ណាស់​សម្រាប់​វិមាន​ក្រឹម​ឡាំង​»​។

​យ៉ាងណាក៏ដោយ ចូរ​កុំភ្លេចថា ការ​ងាក​ទៅ​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​នឹង​រុស្ស៊ី​របស់​តួ​ក​គី អាច​បង្កឱ្យមាន​ការសង​សឹក​ពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។ ដូច្នោះ ទីក្រុង​អង់កា​រ៉ា អាច​ប្រឈម​នឹង​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​លោកខាងលិច​ផងដែរ​៕