​អឺរ៉ុបនឹង​ជ្រើសរើស​ប្រើ​រ៉ុក្កែត​អវកាស​របស់ SpaceX ក្នុង​បេសកកម្ម​ចំនួន​ ២ បន្ទាប់ពី​ជម្លោះ​អ៊ុយ​ក្រែ​ន​រុស្ស៊ី បាន​រារាំង​អឺរ៉ុប​ក្នុងការ​ប្រើប្រាស់​យាន Soyuz របស់​រុស្ស៊ី​។ នេះ​បើតាម​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) ដែល​បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២០ ខែតុលា​។

​ការបាញ់​បង្ហោះ​រ៉ុក្កែត​អវកាស នឹង​ធ្វើឡើង​ដើម្បី​បញ្ជូន​កែវយឹត​អវកាស Euclid និង​ផ្កាយរណប Hera​។ បេសកកម្ម​ពេលនេះ គឺជា​បេសកកម្ម​បន្ត ក្រោយពី​បេសកកម្ម​របស់ DART នៃ​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA​។ DART គឺ​យានអវកាស​មួយ ដែល​កាល​ខែ​មុន​បាន​បំពេញ​តួនាទី​ការពារ​ផែនដី​ដោយ​ជោគជ័យ​ក្នុងការ​បង្វែរ​អាចម៍ផ្កាយ ដែល​ហោះ​មក​ក្បែរ​ផែនដី​។

​អគ្គនាយក​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប លោក Josef Aschbacher បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សារដ្ឋមន្ត្រី​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ថា​៖ «​រដ្ឋ​ជា​សមាជិក​អឺរ៉ុប​ ២២ បានសម្រេច​ជាគោលការណ៍​ថា Euclid និង Hera នឹងត្រូវ​ស្នើ​បាញ់​បង្ហោះ​តាម​រ៉ុក្កែត​អវកាស Falcon 9»​។ ការបាញ់​បង្ហោះ​នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​ ២០២៣ និង​ឆ្នាំ ២០២៤​។

​កាលពី​ខែសីហា​កន្លងទៅ សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​បានចាប់ផ្តើម​កិច្ចពិភាក្សា​លើ​ផ្នែក​បច្ចេកទេស​បឋម ជាមួយ​ក្រុមហ៊ុន SpaceX​។ ការជជែក​នេះ នឹង​អាច​នាំទៅរក​ការប្រើប្រាស់​ជា​បណ្តោះអាសន្ន នូវ​ឧបករណ៍​បាញ់​បង្ហោះ​របស់​ក្រុមហ៊ុន​អវកាស​អាមេរិក បន្ទាប់ពី​ជម្លោះ​អ៊ុយ​ក្រែ​ន​រុស្ស៊ី​បាន​រារាំង​មិនឱ្យ​អឺរ៉ុប​អាច​ប្រើប្រាស់​រ៉ុក្កែត​អវកាស Soyuz របស់​រុស្ស៊ី​។

​ប្រភព​ដែល​ធ្វើការ​នៅក្នុង​វិស័យ​អវកាស​បាន​បញ្ជាក់ថា បេសកកម្ម​នៃ​ការបាញ់​បង្ហោះ​ចំនួន​ ២ នឹងរង​ប៉ះពាល់​នៅពេលដែល​ភ្នាក់ងារ​អវកាស​អឺរ៉ុប ផ្លាស់ប្តូរ​ពី​រ៉ុក្កែត​អវកាស​របស់​រុស្ស៊ី ទៅប្រើ​រ៉ុក្កែត​អវកាស​របស់​ក្រុមហ៊ុន SpaceX ដែលជា​ក្រុមហ៊ុន​អវកាស​របស់​មហាសេដ្ឋី​អាមេរិក លោក Elon Musk​។

​អគ្គនាយក​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​បាន​បញ្ជាក់ថា ការបញ្ជូន​បេសកកម្ម​មួយទៀត​ឈ្មោះថា EarthCARE ដែល​នឹងត្រូវ​ប្រើ​រ៉ុក្កែត​អវកាស​រុស្ស៊ី គឺ​នឹង​ជំនួស​មកវិញ​ដោយ​រ៉ុក្កែត​អវកាស​អឺរ៉ុប​ផ្ទាល់​។ បេសកកម្ម​បញ្ជូន​ផ្កាយរណប EarthCARE នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​ ២០២៤​ ខាងមុខ​។ ផ្កាយរណប​នេះ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុម Airbus ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន ក្នុង​គោលដៅ​តាមដាន និង​កំណត់​ពី​ការប្រែប្រួល​អាកាសធាតុ​របស់​ភពផែនដី​។

​ក្នុងពេល​បច្ចុប្បន្ននេះ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប កំពុងតែ​ស្វែងរក​អ្នកជំនួយ សម្រាប់​បេសកកម្ម​អវកាស​២​ទៀត​របស់ខ្លួន ដែល​កន្លងមក​ពឹងផ្អែក​លើ​រ៉ុក្កែត​អវកាស​របស់​រុស្ស៊ី ដើម្បី​បញ្ជូន​យាន​ទៅក្នុង​លម្ហ​អាកាស​៕