
ទិដ្ឋភាពនៅការដ្ឋានសាងសង់មួយក្នុងទីក្រុងបាងកក។ រូបថត AFP
នៅថ្ងៃសៅរ៍ ទី ២២ ខែតុលា ឆ្នាំ ២០២២ ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសឱ្យដឹងថាខ្លួនកំពុងតែតាមដានយ៉ាងដិតដល់នូវការប្រែប្រួលតម្លៃប្រាក់បាត ចំពេលមានការប្រែប្រួលហិរញ្ញវត្ថុសកល។ យ៉ាងណាក៏ដោយ ធនាគារកណ្តាលថៃ ថានៅមិនទាន់មានសញ្ញានៃចលនាហិរញ្ញវត្ថុខុសប្រក្រតីនៅឡើយទេមកទល់នឹងពេលនេះ។
តាមរយៈសារមួយផ្ញើទៅកាន់ក្រុមអ្នកយកព័ត៌មានក្រោយការធ្លាក់ថ្លៃប្រាក់បាតយ៉ាងឆាប់រហ័សកាលពីពេលថ្មីៗនេះ ធនាគារកណ្តាលថៃ បាននិយាយថា ភាពទន់ខ្សោយរបស់រូបិយប័ណ្ណត្រូវបានរុញច្រានជាចម្បងដោយភាពខ្លាំងនៃប្រាក់ដុល្លារអាមេរិក។
ជំនួយការអគ្គទេសាភិបាលធនាគារកណ្តាលថៃ អ្នកស្រី ឆៃយ៉ាវឌី ឆៃអាណន់ (Chayawadee Chai-Anant) បាននិយាយនៅក្នុងសារថា៖ « មានភាពមិនច្បាស់លាស់ផងដែរ អំពីការបន្ធូរបន្ថយវិធានការបិទខ្ទប់របស់ប្រទេសចិនដែលអាចប៉ះពាល់ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ថៃ»។
ប្រាក់បាតបានធ្លាក់ចុះដល់កម្រិតទាបបំផុតធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេល ១៦ ឆ្នាំមកនេះ។ វាបានធ្លាក់ថ្លៃ ១៣% ធៀបនឹងប្រាក់ដុល្លារក្នុងឆ្នាំ ២០២២។
បើតាមជំនួយការអគ្គទេសាភិបាលធនាគារកណ្តាលថៃដដែល វិនិយោគិនបរទេសនៅតែបានទិញទ្រព្យសកម្មប្រមាណ ១១០ ពាន់លានបាត (២,៩០ ពាន់លានដុល្លារ) នៃទ្រព្យសកម្មថៃរហូតមកដល់ពេលនេះ ដែលការទិញមានចំនួនជាង ១៤០ ពាន់លានបាតក្នុងភាគហ៊ុន និងការលក់ចំនួន ៣០ ពាន់លានបាតជាមូលបត្របំណុល។
ធនាគារកណ្តាលថៃ កំពុងជំរុញផងដែរឱ្យវិស័យឯកជនគ្រប់គ្រងហានិភ័យរូបិយប័ណ្ណ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ ដោយសារភាពមិនប្រាកដប្រជានៅតែមានកម្រិតខ្ពស់។ អ្នកស្រី ឆៃយ៉ាវឌី បានបញ្ជាក់បន្ថែមបែបនេះ៕