ហិរញ្ញវត្ថុ​គឺជា​កត្តា​តានតឹង​ដ៏​ខ្លាំង​សម្រាប់​មនុស្ស​ជាច្រើន​។ នៅក្នុង​សហរដ្ឋអាមេរិក ៤២% នៃ​មនុស្ស​ពេញវ័យ និយាយ​ថា​លុយ​កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ​។ នេះ​បើតាម​ការស្ទង់​មតិ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Bankrate​។

ក្នុង​ចំណោម​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ក្រុម​អ្នក​ដែលមាន​អាយុ​ចន្លោះ​ពី ២៦ ទៅ ៤១ ឆ្នាំ ជួបប្រទះ​ការ​ថប់បារម្ភ ផ្នែក​ហិរញ្ញវត្ថុ​ច្រើន​បំផុត ពោល​គឺមាន​ចំនួន ៤៨%​។

អ្នកជំនាញ​ខាង​គ្រប់គ្រង​ហិរញ្ញវត្ថុ លោក វីលៀម (T.J. Williams) បាន​មានប្រសាសន៍​ថា ក្រុម​មនុស្ស​អាយុ​ពី ២៦ ទៅ​ ៤១ ឆ្នាំ​ត្រូវ​ជួប​ទុក្ខ​ភ័យព្រួយ​ច្រើន​ពី​រឿង​លុយកាក់ ព្រោះថា​៖ «​នោះ​ជា​ពេលដែល​យើង មាន​កូន​ដំបូង ចាប់ផ្ដើម​ដំបូង ឬ​មាន​ភាព​អសន្តិសុខ​ជុំវិញ​ការងារ​យើង ព្រោះ​យើង​មិនបាន​ធ្វើ​វា​យូរ​ល្មម​គ្រប់គាន់​។ យើងនៅ​មិនទាន់​បាន​សន្សំ​ប្រាក់​កាស​ទេ​»​។

អ្នកជំនាញ​ដដែល​នេះ បាន​ពន្យល់​ទៀត​ថា ទាំងនោះ​គឺជា​បទពិសោធ​ធម្មតា​ដែល​មនុស្ស​មាន​រាប់​ជំនាន់​មក​ហើយ ប៉ុន្តែ​សង្គម​បាន​បង្កើត​ភាពខុសគ្នា​ទៅលើ​បទពិសោធ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ដាក់​សម្ពាធ​ដែល​មិន​សម​ហេតុផល​យ៉ាងច្រើន​»​។

គួរ​កត់សម្គាល់​ថា ចំនួន​ស្ត្រី​ដែល​បង្ហាញ​ថា​លុយ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ស្ថានភាព​ផ្លូវចិត្ត​របស់​ពួកគេ​មាន​ច្រើន​ជាង​បុរស ដោយ​ស្ត្រី​មាន ៤៦% ធៀប​នឹង​បុរស ៣៨%​។ ហើយ​នៅពេល​និយាយ​ដល់​ប្រាក់ចំណូល​វិញ ជាធម្មតា គឺ​អ្នក​ដែលមាន​ប្រាក់ចំណូល​ទាប ជួបប្រទះ​នឹង​បញ្ហា​ផ្លូវចិត្ត​ច្រើនជាង​អ្នក​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​។

លុយ​គឺជា​អាវុធ​មុខ​ ២​។ លុយ​អាច​ទាំង​ធ្វើឱ្យ​មនុស្ស​រីករាយ និង​កើតទុក្ខ​។ ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ហិរញ្ញវត្ថុ បានផ្តល់​យោបល់​ថា​៖ «​ប្រសិនបើ​អ្នក​ចង់​ចាប់យក​សុខភាព​ផ្លូវ​ចិត្តជា​អាទិភាព ការបន្ថយ​ការ​ថប់ បារម្ភ មួយចំនួន​ជុំវិញ​ការគ្រប់គ្រង​ថវិកា គឺជា​គន្លឹះ​ដ៏​ល្អ​មួយ​ដែល​អ្នក​គួរតែ​ចាប់ផ្តើម​អនុវត្ត​មុនគេ​»​។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ ៣ យ៉ាង​ដែល​អ្នកជំនាញ​ផ្តល់ជូន​ដើម្បី​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ និង​អាច​រក្សា​សុខភាព​ផ្លូវចិត្ត​វិជ្ជមាន​បាន​៖

១. បង្កើត​ទុន​បម្រុង​សាច់ប្រាក់​៖ សន្សំ​ប្រាក់​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ទុក​ប្រើប្រាស់​ក្នុងករណី​បន្ទាន់ ឬ​ចាំបាច់​ណាមួយ​។

២. សរសេរ​ផែនការ​ទុក​សម្រាប់​ដោះស្រាយ​ការសង​បំណុល ហើយ​ព្យាយាម​ធ្វើយ៉ាងណា​សម្រេច​វា​ឱ្យបាន​ដូច​ការគ្រោងទុក​។

៣. ពិនិត្យ​ប្រចាំខែ (​ឬ​ប្រចាំ​សប្តាហ៍​) នូវ​ថវិកា​ដែល​អ្នកមាន ដែល​នេះ​មានន័យថា ត្រូវ​គិតគូរ​ពី​ចំនួន​ប្រាក់​ដែល​អ្នក​ត្រូវការ​សម្រាប់​ចំណាយ​លើ​ថ្លៃ​ផ្សេងៗ​ដូចជា ថ្លៃ​ជួល​ផ្ទះ ទិញ​សម្ភារ​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ និង​គ្រឿងទេស​ជាដើម​។ សម្រាប់​មនុស្ស​មួយចំនួន ពួកគេ​ក៏​ទំនង​ជា​ត្រូវ​ពិចារណា​ដែរ ចំពោះ​ការចំណាយ​លើ​ថាមពល និង​ថ្លៃ​ធានារ៉ាប់រង​។

អ្នកជំនាញ​ខាង​គ្រប់គ្រង​ហិរញ្ញវត្ថុ លោក វីលៀម បាន​សង្កត់ធ្ងន់​ដែរ​ថា គេ​អាច​ពិចារណា​ពី​ដៃគូ​ជីវិត​ដើម្បី​ដោះស្រាយ​បន្ទុក​ហិរញ្ញវត្ថុ​ដែល​អាច​នាំឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​។ ឧទាហរណ៍​ដូចជា​ព្យា​យម​ជ្រើសរើស​ដៃគូ​ដែលមាន​ទំនួល​ខុសត្រូវ អាចឱ្យ​អ្នក​ចែករំលែក​គោលដៅ​ហិរញ្ញវត្ថុ​ជាមួយគ្នា​បាន ហើយ​ដៃគូ​នោះ​ទៀតសោធ គួរតែ​មិនមែនជា​បុគ្គល​ដែល​អង្គុយចាំតែ​រិះគន់​វិនិច្ឆ័យ តែ​ត្រូវជា​បុគ្គល​ម្នាក់​ដែល​តាម​គាំទ្រ​អ្នក ក្នុងពេល​ជួប​បញ្ហា​។

លោក វីលៀម បន្ត​ថា​មនុស្ស​គ្រប់រូប​ត្រូវ​ចងចាំ​ថា អ្វីៗ​គ្រប់យ៉ាង​ដែល​គេ​ឃើញ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មិនមែន​សុទ្ធតែជា​ការពិត​ទាំងអស់​នោះទេ​។ «​ការប្រៀបធៀប ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ជាមួយ​អ្នកដទៃ ដោយសារ​ពួកគេ​បង្ហោះ​រូបភាព​ធ្វើដំណើរ​កម្សាន្ត ឬ​ទិញ​រថយន្ត​ថ្មី នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​មិនល្អ​»៕