សេដ្ឋកិច្ច​របស់​ប្រទេស​ចិន បាន​ស្ទុះ​ងើបឡើង​វិញ ក្នុង​ល្បឿន​លឿន​ជាង​ការរំពឹងទុក នៅក្នុង​ត្រីមាស​ទី៣។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវការ នៅ​ថ្ងៃទី​ ២៤ ខែ​តុលា។ ប៉ុន្តែ​ការទប់ស្កាត់​កូវីដ​ ១៩ ដ៏​តឹងរ៉ឹង វិបត្តិ​អចលន​ទ្រព្យ​កាន់តែ​ជ្រៅ និង​ហានិភ័យ​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក កំពុង​ក្លាយ​ជា​ក្តី​ប្រឈម ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ទី​ក្រុង​ប៉េ កាំង ក្នុងការ​ជំរុញ​ការ​ងើបឡើង​វិញ នៅ​ឆ្នាំក្រោយ។

ផលិតផល ក្នុងស្រុក​សរុប (GDP) នៅក្នុង​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២ របស់​ពិភពលោក បាន​កើនឡើង ៣,៩% នៅក្នុង​ត្រីមាស​ទី៣ ពី​ខែ​កក្កដា ដល់​ខែកញ្ញា ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន។ នេះ​បើតាម​ទិន្នន័យ​ផ្លូវការ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​ ២៤ ខែ​តុលា ឆ្នាំ ២០២២។ ទិន្នន័យ​នេះ​គឺ​ខ្ពស់ជាង​ការ​ព្យាករ​របស់​សារព័ត៌មាន Reuters ដែល​ថា កំណើន GDP របស់​ចិន​កើនឡើង​តែ ៣,៤%​ប៉ុណ្ណោះនិង ០,៤%​ ពី​ត្រីមាស​ទី​២។

ដំបូង​នៃ​ឡើយ​ទិន្នន័យ​នេះ គ្រោង​នឹង​ចេញផ្សាយ នៅ​ថ្ងៃទី​ ១៨ ខែ​តុលា ប៉ុន្តែត្រូវ​ពន្យារពេល​រហូតដល់​ក្រោយ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន ដែល​បាន​ធ្វើឡើង​កាលពី​សប្តាហ៍​មុន។ សមាជ​បក្ស ដែល​លោក ស៊ី ជីនភីង ទទួល​បាន​អាណត្តិ​ដឹកនាំ​លើក​ទី​៣ ជា​ប្រវត្តិសាស្ត្រ ហើយ​ថែមទាំង​ប្រមូល​អ្នក​ស្មោះត្រង់​របស់លោក សម្រាប់​សមាសភាព​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សកុម្មុយនីស្ត​ចិន​ផង។

ទោះបីជា​មានការ​ស្ទុះ​ងើប​ឡើងវិញ​ក៏ដោយ ប៉ុន្តែ​សេដ្ឋកិច្ច​ចិន ក៏​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ទាំង​ក្នុងប្រទេស និង​ក្រៅ​ប្រទេស។ បញ្ហា​ទាំងនោះ​រួមមាន យុទ្ធសាស្ត្រ​ទប់ស្កាត់​កូវីដ​ ១៩ របស់​ចិន និង​វិបត្តិ​ក្នុង​វិស័យ​អចលន​ទ្រព្យ​របស់​ចិន ដែល​បាន​ធ្វើឱ្យ​សម្ពាធ​ពី​ខាងក្រៅ​កាន់តែ​មាន​ទំងន់​ថែមទៀត ជាពិសេស​ឥទ្ធិពល​ពី​វិបត្តិ​អ៊ុយក្រែន និង​ការថយចុះ​នៃ​សេដ្ឋកិច្ច​សកល ដោយសារ​ការដំឡើង​អត្រា​ការប្រាក់ ដើម្បី​ទប់ស្កាត់​អតិផរណា។

ការស្ទង់មតិ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ថយ​ចុះមក​ត្រឹម ៣,២% នៅ​ឆ្នាំ​២០២២ ខណៈ​ការ​ព្យាករ​ផ្លូវការ​របស់​ចិន​គឺ ៥,៥%។ ជាការ​ថយចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត ក្នុង​រយៈពេល​ជិត​កន្លះ​សតវត្សរ៍។

ឆ្លើយតប​នឹង​បញ្ហានេះ អ្នករៀបចំ​គោលនយោបាយ បានដាក់​ចេញ​នូវ​វិធាន​ការគាំទ្រ​សេដ្ឋកិច្ច​ជាង​ ៥០ ចាប់​តាំងពី​ចុងខែ​ឧសភា ដែលជា​យន្ត​ស្វែងរក​ការជំរុញ​សេដ្ឋកិច្ច។

ទិន្នន័យ​ដាច់ដោយឡែក​មួយទៀត បាន​បង្ហាញ​ថា សកម្មភាព​ក្នុង​ឧស្សាហកម្ម​ចិន នា​ខែកញ្ញា បាន​កើន​ឡើង ៦.៣% ធៀប​នឹង​ឆ្នាំមុន ដែល​លើសពី​ការរំពឹង​ទុក ៤,៥%។ ប៉ុន្តែ​កំណើន​នៃ​ការ​លក់រាយ​នៅតែមាន​ភាព​ទន់ខ្សោយ ពោលគឺ​បាន​កើនឡើង​តែ ២,៥% អាក្រក់​ជាង​ការរំពឹងទុក ដែលថា នឹង​កើនឡើង ៣,៣%៕