បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ជួប​ប្រជុំគ្នា ​នៅថ្ងៃចន្ទ ​ទី ២៤​ ខែ​តុលា ​ដើម្បី​រក​ចំណុច​ឯកភាព​លើ​ជំហរ​ចរចារួម​របស់​ពួក​គេ ​ដាក់ចូល​ក្នុង​កិច្ច​ពិភាក្សា​អាកាស​ធាតុនៅឆ្នាំនេះ ​ដែលរៀប​ចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ប្រធាន​បទ​ក្តៅក៏​រួម​បញ្ចូល​រឿង​សំណង​ហិរញ្ញវត្ថុ​ ប៉ះ​ប៉ូវ​ឱ្យ​ ប្រទេស​ក្រីក្រ ដែលពួក​គេ​កំពុង​រង​គ្រោះពី​ការ​ប្រែប្រួល​អាកាស​ធាតុ​។

សហភាព​អឺរ៉ុប​ត្រូវ​បាន​គេស្គាល់ថា​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ដ៏​ធំបំផុត​ទី៣ ​របស់​ពិភពលោក ​ដែល​កំពុង​​ប្រឈម​មុខ​នឹង​សម្ពាធ​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ ប្រឈមមុខ​នៅត្រង់​ថា​ប្រទេស​ក្រីក្រ​ចង់ឱ្យ​អឺរ៉ុប បន្ទន់​ជំហរ​របស់ខ្លួន ​ដែលជា​ជំហរ​មិន​ចង់ប៉ះប៉ូវ​ទៅឱ្យ​ ប្រទេសក្រីក្រ ​ដែលពួក​គេកំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ការ​កើន​ឡើង​នៃទឹកស​មុទ្រ ​និង​ផល​ប៉ះពាល់​ ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​។

សេចក្តីព្រាង​នៃ​គោល​ជំហរ​ចរចារ​បស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ខែ​វិច្ឆិកា​ខាងមុខ ​ត្រូវ​អនុម័ត​នៅថ្ងៃចន្ទ​ ទី ២៤ ​ខែតុលា ​តាមរយៈ​ជំនួប​នៃរ​ដ្ឋមន្ត្រី​ទាំង​អស់​របស់អឺរ៉ុប​។ សេចក្តី​ព្រាង​នោះ​បាន​បង្ហាញ​ថា​ ប្លុក​ប្រទេសទាំង​ ២៧ ​នឹង​គាំទ្រ​កិច្ចពិភាក្សា​លើ​ប្រធាន​បទ​ខាងលើ ​នៅ​ឯ​កិច្ច​ប្រជុំ ​COP27​ ដែលគ្រោង​នឹងធ្វើ​ឡើង​នៅក្នុង​ប្រទេស​អេហ្ស៊ីប​។

ការលើក​យក​ប្រធាន​បទ​នៃ​ការ​ប៉ះប៉ូវ​សម្រាប់​ប្រទេស​ក្រីក្រ ​គឺជា​ការបោះ​ជំហានមួយ​របស់​អឺរ៉ុប​ ដែល​ប្រធាន​បទ​នេះ​ តែង​ត្រូវ​បាន​លើក​ឡើង​ជា​ហូរហែ​ឥតដាច់។ ប្រទេស​ក្នុង​តំបន់​នេះ ​បាន​បង្ហាញ​នូវ​ទស្សនៈ​ផ្សេង​គ្នាលើ​ប្រធានរឿង​មួយ​នេះ។​

សេចក្តី​ព្រាង​ឯកសារ​របស់​សហភាព​អឺរ៉ុប​ ដែល​សារព័ត៌មាន ​Reuters​ទទួល​បាន​កាលពីថ្ងៃ​សុក្រ ​កន្លង​ទៅ បាន​និយាយថា «សកម្មភាព ​និង​ការ​គាំទ្រ​សម្រាប់​ប្រទេស​ងាយ​រងគ្រោះ​ ប្រជាជន និង​ក្រុម​ងាយ​រងគ្រោះ​ ចាំបាច់​ត្រូវតែ​ពង្រីក​បន្ថែមទៀត»។​ ប៉ុន្តែ​ឯកសារនេះ​នៅតែ​បង្ហាញភាព​មិន​ច្បាស់លាស់​នៅឡើយ​ ថា​តើ​វានឹង​ក្លាយ​ទៅ​ជាប្រ​ធាន​បទ​បន្ទាន់​មួយ​សម្រាប់ ​កិច្ច​ពិភាក្សា​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​មាន​ប្រទេស​ចូល​រួម​ជាង ​២០០​នា​ចុងឆ្នាំនេះ ​ឬ​យ៉ាណា?

ប្រទេស​កំពុង​អភិវឌ្ឍន៍និ​យាយថា ​សន្និសីទស្តី​ពី​អាកាសធាតុ​ COP27 ​ត្រូវ​តែបង្កើត​កញ្ចប់​មូល​និធិ​មួយ​ដើម្បី​គាំទ្រ​ប្រទេស​ដែល​រង​គ្រោះ​ដោយ​ផល​ប៉ះពាល់​អាកាសធាតុ​ដូច​ជា​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ឆ្នាំ​នេះ។ ជំនន់នៅ​ប៉ាគីស្ថាន ​ដែលបាន​សម្លាប់​ជីវិត​មនុស្សជិត​ ១​ ៧០០​ នាក់​។

រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​ក៏​នឹង​សម្រេច​នៅថ្ងៃចន្ទ​ ទី ២៤​ ខែ​តុលាថា​តើ EU ​គួរ​តែ​ប្ដេជ្ញា​ពង្រីក​នូវ​គោល​ដៅ​ការ​ប្រែប្រួល​ ​អាកាស​ធាតុ​របស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​មហិច្ឆិតា​ជាង​មុន​ឬ​យ៉ាងណា។​នេះបើ​យោង​តាម​សេចក្តី​ព្រាង​ឯកសារ​ដដែល៕​