ប្រាក់​ចំណូល​ប្រចាំ​សប្តាហ៍​របស់​រុស្ស៊ី​ពី​ការនាំចេញ​ប្រេង​ឆៅ បាន​«ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត» ចាប់តាំង​ពី​ខែកុម្ភៈ ដែល​ជា​ពេល​ប្រធានា​ធិបតី លោក ពូទីន បាន​បញ្ជា​ឱ្យ​រុស្ស៊ី​ចូលលុកលុយ​អ៊ុយក្រែន។ នេះ​បើតាម​ទិន្នន័យ​របស់​សារព័ត៌មាន Bloomberg នៅ​ថ្ងៃទី​ ២៤ ខែ​តុលា។

យោងតាម​ទិន្នន័យ​របស់​សារព័ត៌មាន Bloomberg ឱ្យ​ដឹង​ថា សង្គ្រាម​របស់​វិមាន​ក្រឹមឡាំង នៅ​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​លំហូរ​ចូល​ពី​ពន្ធ​នាំចេញ-ប្រេង​ឆៅ​របស់ខ្លួន​ធ្លាក់ចុះ​ពី ១២ លាន​ដុល្លារ​ ទៅ ១២១ លាន​ដុល្លារ​ ក្នុង​សប្តាហ៍​ទី៣ នៃ​ខែតុលា​នេះ ។

អត្រាពន្ធ​បាន​ធ្លាក់ចុះ​ដល់ ៦,០៦ ​ដុល្លារ សម្រាប់ ១​ បារ៉ែល ដែល​នេះ​គឺជា​កម្រិត​ទាប​បំផុត ចាប់តាំង​ពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ ហើយ​បរិមាណ​នៃ​ការដឹកជញ្ជូន​ប្រេង​ឆៅ តាម​សមុទ្រ បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​រយៈពេល ៥​ សប្តាហ៍​ជាប់​គ្នា។

ការធ្លាក់ចុះ​នេះ កើតឡើង​នៅពេលដែល​ការដាក់​ទណ្ឌកម្ម​ជុំ​បន្ទាប់​របស់​សហភាព​អឺរ៉ុប​លើ​ប្រទេស​រុស្ស៊ី នឹង​ចូល​ជា​ធរមាន នៅ​ថ្ងៃទី ៥ ខែ​ធ្នូ​ខាងមុខ។ ទណ្ឌកម្ម​ថ្មី​សន្លាង​នេះ គឺមាន​រួមបញ្ចូល​ការហាមឃាត់​លើ​ការ​នាំចូល​ប្រេង តាម​ច្រក​សមុទ្រ ក៏ដូចជា​សេវាកម្ម​ទាក់ទង​នឹង​ការនាំចេញ​ប្រេង​របស់​រុស្ស៊ី ដូចជា​សេវា​ធានា​រ៉ាប់រង ហិរញ្ញវត្ថុ និង​ការដឹកជញ្ជូន​ជាដើម។

ការណ៍​នេះ នឹង​ធ្វើឱ្យ​អ្នកទិញ​មួយចំនួន នៅ​អាស៊ី​ជួប​ហានិភ័យ។ ក្រុមហ៊ុន​ចម្រាញ់​ប្រេង​សំខាន់ៗ​ចំនួន​ ២ នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​បញ្ឈប់​ការទិញ​ប្រេង​រុស្ស៊ី​រួចទៅ​ហើយ ចំពោះ​ប្រេង ដែល​នឹង​មក​ដល់ នៅក្រោយ​ការដាក់​ទណ្ឌកម្ម ខណៈ​ការ​នាំចេញ​ប្រេង អាច​ចំណាយពេល​ច្រើន​សប្តាហ៍ ដើម្បី​មកដល់​ទីតាំង​ចម្រាញ់។

ទន្ទឹមនឹង​នេះ ទិន្នន័យ​ដាច់ដោយឡែក​មួយទៀត បាន​បង្ហាញ​ថា ការនាំ​ចូល​ប្រេង​របស់​ចិន​ពី​ប្រទេស​រុស្ស៊ី បាន​កើនឡើង ២២​% ក្នុង​ខែ​កញ្ញា ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន។ សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ក្រុមហ៊ុន​ចម្រាញ់​ប្រេង​របស់​ចិន ដែល​ប្រឈម​ផលចំណេញ​តិចតួច បាន​បង្កើន​ការទិញ​ប្រេង​ធុងថោក។

ប្រេង​ឆៅ​រុស្ស៊ី ដែល​បាន​បញ្ជូន​ទៅកាន់​ប្រទេស​ចិន មាន​ចំនួន ៧,៤៦ ​លាន​តោន កាល​ពី​ខែ​មុន ស្មើនឹង ១,៨៣ ​លាន​បារ៉ែល ក្នុង ១​ ថ្ងៃ។ នេះ​បើតាម​តួលេខ​ពី​គយ​ចិន ដោយ​បង្ហាញថា វា​បាន​កើនឡើង ២២% បើ​ធៀប​នឹង​ឆ្នាំមុន ប៉ុន្តែ​ទាប​ជាង​កំណត់ត្រា ក្នុង​ខែសីហា ដែល​ចិន​បាន​នាំចូល ១,៩៦​ លាន​បារ៉ែល ក្នុង ១​ ថ្ងៃ។

ចំណង់​របស់​មហា​អំណាច​អាស៊ី សម្រាប់​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី បង្ហាញ​ពី​ឆន្ទៈ​របស់​ទីក្រុង​ប៉េកាំង ក្នុង​ការបន្ត​ចូលរួម​ជាមួយ​ទីក្រុង​ម៉ូស្គូ ទោះបី​ជាមាន​បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​ទណ្ឌកម្ម​ថ្មី ដែល​ជិត​មកដល់​ក៏ដោយ៕

វីដេអូ៖