ប្រធាន​ក្រុមប្រឹក្សា​កិច្ចការ​ចិន​ដីគោក​របស់​តៃវ៉ាន់ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី​ ២៨ ​តុលា​នេះ​ថា ចិន​គួរតែ​បញ្ឈប់​ការបង្ហាញ​ ឬ​ការគំរាមកំហែង​ផ្នែក​កម្លាំងយោធា​របស់​ខ្លួន ប្រឆាំង​នឹង​តៃវ៉ាន់​ទៀត​ទៅ ហើយ​គួរតែ​រក្សា​សន្តិភាព និង​ស្ថិរភាព​វិញ​។ ការលើកឡើង​របស់​មន្ត្រី​ក្រុង​តៃប៉ិ​នេះ ធ្លាក់​មក​នៅ​ខណៈ​ដែល​ប៉េកាំង​បង្កើន​សម្ពាធ​ផ្នែក​នយោបាយ និង​យោធា​លើ​តៃវ៉ាន់​ដែល​ចិន​បាន​អះអាង​ថា​ជា​ផ្នែក​មួយ​របស់ខ្លួន​។

ចិន បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ក្នុង​ខែ​សីហា ដើម្បី​បង្ហាញ​ការខឹង​សម្បា​របស់​ខ្លួន​ចំពោះ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​តៃប៉ិ​របស់​ប្រធានសភា​សហរដ្ឋអាមេរិក​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី។ ចាប់តាំងពី​ពេលនោះ​មក ចិន​បាន​រក្សា​សកម្មភាព​យោធា​របស់​ខ្លួន បើទោះបី​ជា​មាន​កម្រិត​ថមថយ​ក៏ដោយចុះ​។

រដ្ឋមន្ត្រី​ក្រុមប្រឹក្សា​កិច្ចការ​ចិន​ដីគោក​របស់​តៃវ៉ាន់​លោក ឈីវ តៃសាន (Chiu Tai-san) បាន​និយាយ​ក្នុង​វេទិកា​មួយ​ឯ​ទីក្រុង​តៃប៉ិ​ថា​៖ «​ប៉េកាំង គួរតែ​បញ្ឈប់​ការ​គំរាម​អំពី​ការឈាន​ទៅ​ប្រើប្រាស់​កម្លាំង​យោធា ព្រោះ​វា​គ្មាន​បាន​អ្វី​មកវិញ​ក្រៅតែ​ពី​ធ្វើឱ្យ​មាន​គម្លាត​កាន់តែ​ឆ្ងាយ​រវាង​ភាគី​ទាំង​ ២ និង​បង្កើន​ភាព​តានតឹង​នៅក្នុង​តំបន់​តែប៉ុណ្ណោះ​»​។

មន្ត្រី​តៃវ៉ាន់​រូប​នេះ បាន​បន្ថែម​ទៀត​ថា តៃវ៉ាន់ ជំរុញ​ឱ្យ​ចិន​ដីគោក​ឈប់​គិតពី​រឿង​ប្រើ​កម្លាំង ប្រើ​អាវុធ​ទៀត និង​ត្រូវ​ងាក​មក​រក្សា​សន្តិភាព និង​ស្ថិរភាព​វិញ​។ គន្លឹះ​ឆ្ពោះទៅ​សន្តិភាព គឺ​ត្រូវ​បង្វែរ​ផ្នត់គំនិត​នៃ​ការដោះស្រាយ​បញ្ហា​ដោយ​ប្រើ​កម្លាំង ហើយ​ប៉េកាំង​គួរតែ​ដោះស្រាយ​ការខ្វែង​គំនិត​ជាមួយ​តៃប៉ិ​តាមរយៈ «​កិច្ចសន្ទនា​ដោយ​គ្មាន​ដាក់​លក្ខខណ្ឌ​ជាមុន​»​។

ទន្ទឹម​គ្នា​នេះ តៃវ៉ាន់​ក៏​សង្ឃឹម​ដែរ​ថា ចិន​អាច​នឹង​បន្ធូរបន្ថយ​លើ​វិធានការ​រឹតត្បិត​ក្នុងការ​ធ្វើដំណើរ​ដើម្បី​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូវីដ ដែល​ការធ្វើ​ដូច្នោះ​នឹង​បើកផ្លូវ​ឱ្យ​ភាគី​ទាំង​ ២ ​អាច​បន្ត​ការផ្លាស់ប្តូរ​យោបល់​និង​បង្កើត​ទំនាក់ទំនង​វិជ្ជមាន​ជាមួយគ្នា​។

គួរ​ជ្រាប​ថា ប្រទេស​ចិន​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​នូវ​ការចរចា​ជាមួយ​តៃវ៉ាន់ ដែល​គ្រប់គ្រង​ដោយ​លោកស្រី​ប្រធានាធិបតី ឆៃ អ៊ីងវេន ដែល​ទីក្រុង​ប៉េកាំង​ចាត់​ទុកជា​អ្នក​ផ្តាច់ខ្លួន​និយម​។

សម្រាប់​ចិន តៃវ៉ាន់​គឺជា​ទឹកដី​របស់ខ្លួន​។ មេដឹកនាំ​ចិន​លោក ស៊ី ជីនពីន បាន​ថ្លែង​នាឱកាស​បើក​សមាជ​លើក​ទី​២០ របស់​បក្ស​កុម្មុយនីស្ត​នៅ​ទីក្រុង​ប៉េកាំង​ថា ការដោះស្រាយ​បញ្ហា​តៃវ៉ាន់​គឺ​អាស្រ័យ​លើ​ប្រជាជន​ចិន ហើយ​ថា​ចិន​ត្រូវ​បង្រួបបង្រួម​តៃវ៉ាន់​តាមផ្លូវ​សន្តិវិធី ឬ​មួយ​ដោយ​ប្រើ​កម្លាំង​បើសិន​ចាំបាច់​។

ចំណែក​តៃវ៉ាន់​វិញ​និយាយ​ថា មានតែ​ប្រជាជន ២៣ លាន​នាក់​របស់​កោះ​នេះ​ប៉ុណ្ណោះ ដែល​អាច​សម្រេច​ជោគវាសនា​អនាគត​របស់​ពួកគេ​បាន និង​ថា​តៃវ៉ាន់​មិនដែល​ធ្លាប់​ត្រូវបាន​គ្រប់គ្រង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទេ​។ ទន្ទឹមនេះ តៃប៉ិ​សង្កត់​ធ្ងន់​ទៀត​ថា​ការអះអាង​ដែល​ថា តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ចិន​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​៕