​ជប៉ុន​កំពុង​ពិចារណា​ទិញ​មី​ស៊ី​ល​ស្វ័យប្រវត្តិ «​តូ​ម៉ា​ហក​» (Tomahawk) ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​នៅក្នុង​តំបន់​ដែល​កំពុង​កើនឡើង ក្នុងនោះ​រួមមាន​ទាំង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ផងដែរ​។ នេះ​បើតាម​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន និយាយ​នៅ​ថ្ងៃ​សុក្រ ទី​​ ២៨ តុលា ឆ្នាំ​ ២០២២​។​

Tomahawks អាច​វាយប្រហារ​គោលដៅ​ពី​ចម្ងាយ​ច្រើនជាង ១ ០០០ គីឡូម៉ែត្រ​។ មី​ស៊ី​ល​ប្រ​ភ​ទ​នេះ ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​ប្រតិបត្តិការ​យោធា​របស់​សហរដ្ឋអាមេរិក ដូចជា​នៅ​សង្គ្រាម​ឈូង​សមុទ្រ​ពែ​ក្ស​ឆ្នាំ ១៩៩១ និង​សង្គ្រាម​អ៊ីរ៉ាក់​ឆ្នាំ ២០០៣​។

​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ នឹង​តំណាងឱ្យ​ការបោះ​ជំហាន​ដ៏​ធំ​មួយ​ក្នុងការ​ពង្រឹងសមត្ថភាព​របស់​ទីក្រុង​តូ​ក្យូ​​ ក្នុង​ការរារាំង​ទប់ស្កាត់​គូប្រជែង​ក្នុង​តំបន់​ដូចជា​ចិន និង​កូរ៉េខាងជើង​។ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មី​អូ គី​ស៊ី​ដា​បាន​និយាយថា លោក​ចង់​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ការពារ​ខ្លួន​របស់​ជប៉ុន ជាពិសេស​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ហោះ​លើ​ប្រទេស​ជប៉ុន​កាលពី​ដើមខែ​នេះ ហើយ​យោធា​របស់​ចិន បាន​បង្កើន​សកម្មភាព​នៅក្បែរ​ប្រទេស​ជប៉ុន និង​កោះ​តៃវ៉ាន់​។​

​យ៉ាងណាក៏ដោយ ការទិញ​មី​ស៊ី​ល​គឺ​រឿងចម្រូងចម្រាស​មួយ​នៅក្នុង​ប្រទេស​ជប៉ុន ដែល​បាន​ប្រកាន់​ជំហរ​ស្វ័យការពារ​ជា​យូរណាស់​មកហើយ ក្រោម​រដ្ឋធម្មនុញ្ញ​ក្រោយ​ចាញ់​សង្គ្រាមលោកលើកទី​២​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​ជប៉ុន​មួយរូប បាន​ទទួលស្គាល់ថា ប្រទេស​ជប៉ុន​ពិតជា​កំពុង​គិតគូរ​អំពី​ការទិញ​មី​ស៊ី​លពី​អាមេរិក​មែន ប៉ុន្តែ​លោក​ថា​ទិញ​បាន​ឬ​មិនបាន​នោះ គឺ​វា​អាស្រ័យ​លើ​ថា​តើ​សហរដ្ឋអាមេរិក​នឹង​ព្រម​លក់​មី​ស៊ី​ល​ឱ្យ​ជប៉ុន​ដែរ​ឬ​អត់​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​វិញថា ​មិន​អាចធ្វើ​អត្ថាធិប្បាយ​អ្វី​លើ​ការលក់ ឬ​បញ្ជូន​អាវុធ​ដែលមាន​សក្តានុពល​ទៅឱ្យ​ជប៉ុន​នោះទេ មុនពេល​សំណើ​នេះ​ត្រូវបាន​បញ្ជូន​ជា​ផ្លូវការ​ទៅកាន់​សភា​អាមេរិក​។​

​គួរ​ជ្រាបថា ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​ប្រទេស​ជប៉ុន​បាន​កើនឡើង​ស្ទើរតែ​រៀងរាល់ឆ្នាំ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​។ ជាពិសេស ជប៉ុន​បានគិត​គូរ​លើ​ការចំណាយ​លើ​វិស័យ​ការពារជាតិ​កាន់តែខ្លាំង បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន សម្ពាធ​កាន់តែខ្លាំង​ឡើង​របស់​ចិន​លើ​កោះ​តៃវ៉ាន់ និង​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​ពី​កូរ៉េខាងជើង​៕