ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន នៅ​ថ្ងៃ​សុក្រ ទី ​២៨​ តុលា បាន​ហៅ​ការវាយប្រហារ​ទៅលើ​ស្វាមី​របស់​ប្រធានសភា​អាមេរិក​លោកស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី ថា​ ជា​អំពើអាក្រក់​និង​គួរឱ្យ​ស្អប់ខ្ពើម​ខ្លាំង​។​

​ជន​ដែលមាន​ចេតនា​ឧក្រិដ្ឋ​ម្នាក់ បាន​វាយប្រហារ​លោក ប៉ូល ប៉េ​ឡូ​ស៊ី (Paul Pelosi) ដោយ​ញញួរ​រហូត​បណ្តា​ល​ឱ្យ​លោក​រងរបួស​បែកក្បាល បន្ទាប់ពី​ជន​នោះបាន​សម្រុក​ចូលទៅក្នុង​ផ្ទះ​របស់​ប្តី​ប្រពន្ធ​ប៉េ​ឡូ​ស៊ី នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ដើម្បី​ស្វែងរក​លោកស្រី​ប្រធានសភា​អាមេរិក​។ នេះ​បើតាម​ការ​ឱ្យដឹងពី​ខាង​មន្ត្រី​អាមេរិក​។​

​ថ្លែង​នៅក្នុង​យុទ្ធនាការ​ប្រមូលផ្តុំ​នៅ​ទីក្រុង ហ្វ៊ី​ឡា​ដែល​ហ្វៀ (Philadelphia) លោក បៃ​ដិ​ន បាន​និយាយថា​អំពើហិង្សា​នយោបាយ មិន​ត្រូវបាន​ស្វាគមន៍​ជាដាច់ខាត​នៅក្នុង​ទឹកដី​នៃ​សហរដ្ឋអាមេរិក​។ ដោយនិយាយ​ផ្អែកលើ​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក​ប្រមុខ​សេត​វិមាន​អាមេរិក ថា​ជន​វាយប្រហារ​បាន​ស្រែក​ឡើង​ថា​៖ «​តើ​ណាន់​ស៊ី នៅឯណា​?»​។ នេះ​ជា​សំឡេង​ស្រែក​ដូចគ្នា​នឹង​ការស្រែក​ដែល​បាន​ប្រើ​ក្នុងអំឡុង​នៃ​ការវាយប្រហារ​ដ៏​សាហាវ​កាលពី​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២១ លើ​វិមាន​កា​ពី​តូ​ល​របស់​អាមេរិក​។

​លោក បៃ​ដិ​ន បាន​សង្កត់ធ្ងន់​ទៀតថា​៖ «​ខ្ញុំ​មិនបាន​បង្កើត ប្រតិដ្ឋ​រឿងនេះ​ឡើង​ទេ​»​។ «​ព័ត៌មាន​នេះ ត្រូវបាន​គេ​រាយការណ៍​មក​»​។

​គួរ​ជ្រាបថា ស្វាមី​របស់​ប្រធានសភា​អាមេរិក​លោក ប៉ូល ប៉េ​ឡូ​ស៊ី បាន​រង​ការវាយប្រហារ​ដោយ​ជន​ដែលមាន​ចេតនា​ឧក្រិដ្ឋ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ចាប់បង្ខំ និង​បាន​គំរាមកំហែង​ដល់​អាយុជីវិត​របស់លោក នៅ​ខណៈពេលដែល​រូបគេ​ទាមទារ​ជួប​លោកស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី​។ នេះ​បើតាម​លោក ដ្រូ ហេម​ម៊​ល (Drew Hammill) អ្នកនាំពាក្យ​របស់លោក​ស្រី ប៉េ​ឡូ​ស៊ី និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​មាន​វ័យ ៨២​ ឆ្នាំ លោក ប៉ូល ប៉េ​ឡូ​ស៊ី បានទទួល​ការវះកាត់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​របួស​របស់លោក​កំពុង​ជាសះស្បើយ​វិញ​ហើយ​។ ក្នុងពេល​រង​ការវាយប្រហារ លោក​នៅផ្ទះ​តែម្នាក់ឯង ចំណែក​ភរិយា​របស់លោក​វិញ​កំពុងធ្វើការ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​រយៈពេល​តិចជាង ​២​ សប្តាហ៍​មុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក សមាជិក​នៃ​គណបក្ស​ទាំង ​២​ ពោល​ទាំង​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ បាន​ព្រមាន​ពី​អំពើហិង្សា​ផ្នែក​នយោបាយ​ដែល​អាច​កើតមានឡើង​៕