
បុគ្គលិកជួយសង្គ្រោះ ធ្វើកិច្ចប្រតិបត្តិការស្វែងរក បន្ទាប់ពីស្ពានឆ្លងកាត់ទន្លេ Machchhu បានបាក់រលំ នៅទីក្រុង Morbi ក្នុងរដ្ឋ Gujarat កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។ AFP
នៅថ្ងៃចន្ទ ទី ៣១ តុលា មនុស្ស ៩ នាក់ ត្រូវបានចាប់ខ្លួនទាក់ទងនឹងហេតុការណ៍បាក់ស្ពានថ្មើរជើងមួយនៅភាគខាងលិចប្រទេសឥណ្ឌា ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៣៧ នាក់។ នេះបើតាមការឱ្យដឹងពីប៉ូលិសឥណ្ឌា។
តាមរយៈសេចក្តីថ្លែងការណ៍មួយមន្ត្រីប៉ូលិសជាន់ខ្ពស់ឥណ្ឌាលោក អាសហុក គូម៉ា យ៉ាដាវ (Ashok Kumar Yadav) បាននិយាយថា មនុស្សទាំង ៩ នាក់នោះ ជាអ្នកដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនជួសជុលស្ពាននៅក្រុងម៉ូប៊ីនៃរដ្ឋគូចារ៉ាត។ ពួកគេ កំពុងត្រូវបានស៊ើបអង្កេតពីបទមនុស្សឃាតដែលមិនពាក់ព័ន្ធនឹងករណីឃាតកម្ម។
ស្ពានដែលទើបតែត្រូវបានបើកឡើងវិញប៉ុន្មានថ្ងៃមុននេះបន្ទាប់ពីជួសជុលអស់ជាច្រើនខែ បានបាក់រលំកាលពីយប់ថ្ងៃអាទិត្យ និងបានបណ្តាលឱ្យ មនុស្សរាប់រយនាក់ធ្លាក់ចូលទៅក្នុងទន្លេនៃរដ្ឋគូចារ៉ាត ដែលជាស្រុកកំណើតរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី។
មើលតាមវីដេអូ CCTV គេឃើញស្ពានចាប់យោលអង្រួនខ្លាំង ដោយសារមានមនុស្ស ២-៣ នាក់ បានព្យាយាមអង្រន់ស្ពានឱ្យ យោលទៅយោលមកដោយចេតនា មុនពេលវាបាក់រលំភ្លាមៗបន្ទាប់នោះ។
បើតាមអាជ្ញាធរឥណ្ឌាក្នុងយប់កើតហេតុ មនុស្សចំនួនជិត ៥០០ នាក់ កំពុងតែប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ «ឌីវ៉ា លី»នៅលើនិងជុំវិញស្ពានយោលដែលមានអាយុកាលជិត ១៥០ ឆ្នាំ ហើយរំពេចនោះខ្សែកាបស្ពានដ៏ចាប់ផ្តើមដាច់។
ក្រោយស្ពាក់បាក់មនុស្សម្នា បានខំស្រវាតោងបំណែកស្ពានឬព្យាយាមហែលទៅរកកន្លែងមានសុវត្ថិភាពទាំងស្ថាន ភាពងងឹត។ ចំណែកអាជ្ញាធរវិញ បានបើកប្រតិបត្តិការជួយសង្គ្រោះភ្លាមៗដោយមានទូកនិងអ្នកមុជទឹកស្វែងរកជងរងគ្រោះទាំងយប់ និងពេញមួយថ្ងៃចន្ទ។
ប៉ូលិសក្នុងតំបន់បានឱ្យ ដឹងថាគិតត្រឹមរសៀលថ្ងៃចន្ទទី៣១ តុលា ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១៣៧នាក់ ក្នុងនោះមានកុមារប្រមាណ ៥០ នាក់ ហើយក្មេងជាងគេ គឺជាក្មេងប្រុសអាយុ ២ ឆ្នាំ។
លោកនាយករដ្ឋមន្ត្រីឥណ្ឌាម៉ូឌីដែលគ្រោងទៅពិនិត្យមើលកន្លែងកើតហេតុក្នុងថ្ងៃអង្គារនេះ បាននិយាយថា លោកប្រហែលជាកម្របានជួបប្រទះការឈឺចាប់ខ្លាំងបែបនេះនៅក្នុងជីវិតរបស់លោកណាស់។
គួរជ្រាបថា ស្ពានយោលចំណាស់ ដែលបានបាក់នៅក្រុងម៉ូប៊ីនៃរដ្ឋគូចារ៉ាត កាលពីយប់ថ្ងៃអាទិត្យ ទី ៣០ តុលា មានប្រវែង ២៣៣ ម៉ែត្រនិងទទឹង ១,៥ ម៉ែត្រ។ ស្ពាននេះ ត្រូវបានសាងសង់ឡើង តាំងពីសម័យអាណានិគមអង់គ្លេសក្នុងឆ្នាំ ១៨៨០ ជាមួយនឹងសម្ភារដែលនាំយកមកពីប្រទេសអង់គ្លេស។
គួរជ្រាបដែរថា គ្រោះថ្នាក់កើតឡើងពីហេដ្ឋារចនាសម្ព័ន្ធចាស់ៗ និងថែទាំមិនបានល្អរួមទាំងស្ពានផងនោះ គឺជារឿងធម្មតាទៅហើយក្នុងប្រទេសឥណ្ឌា។ ជាក់ស្តែង កាលពីឆ្នាំ ២០១៦ ហេតុការណ៍បាក់ស្ពានអាកាសនៅលើផ្លូវដ៏មមាញឹកមួយកន្លែងក្នុងទីក្រុងកុលកាតា (Kolkata) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់។
ចំណែកកាលពី ៥ ឆ្នាំមុនវិញ មនុស្សយ៉ាងតិច ៣២ នាក់ បានបាត់បង់ជីវិត នៅពេលដែលស្ពានឆ្លងមួយ បានបាក់នៅឯរមណីយដ្ឋានភ្នំដាជីលីង (Darjeeling)៕