អតិផរណា នៅ​តំបន់​ចាយប្រាក់​អឺ​រ៉ូ កំពុង​បន្ត​ឡើង​ដល់កម្រិត​ខ្ពស់​បំផុត។ បើ​តាម​ការ​ព្យាករ​ចុងក្រោយ​បង្អស់ អតិផរណា នៅ​តំបន់​ចាយប្រាក់​អឺ​រ៉ូប្រចាំ​ឆ្នាំ​មាន​ចំនួន ៩,៩% ធៀប​នឹង ៣,៤% ក្នុង​ឆ្នាំ២០២១។ ដោយឡែក​បើ​តាម​ទីភ្នាក់ងារ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប Eurostat នៅ​ទូទាំង​ប្លុក​អឺរ៉ុប អតិផរណា​ប្រចាំឆ្នាំ ឈាន​ដល់ ១០,៩% ឯណោះ។

តាម​ការ​ប៉ាន់ប្រមាណ ក្នុង​ខែកញ្ញា​តម្លៃ​ម្ហូបអាហារ គ្រឿងស្រវឹង និង​ថ្នាំជក់ ទំនិញ​ឧស្សាហកម្ម​មិន​ប្រើ​ថាមពល ហើយនិង​សេវាកម្ម បាន​កើនឡើង​ដូច​តួលេខ​នៅក្នុង​ខែកក្កដា និង​សីហា ដែល​ជា​ពេល​មានការ​ព្យាករ​ថា អតិផរណា​ប្រចាំឆ្នាំ នៅ​តំបន់​ចាយប្រាក់​អឺ​រ៉ូ មាន​ចំនួន ៨,៩% និង ៩,១%។

អតិផរណា នៅ​ចក្រភព​អង់គ្លេស បាន​កើនឡើង​ដល់កម្រិត ១០,១% ក្នុង​ខែតុលា។ តួលេខ​នេះ​ដូចគ្នានឹង​ចំនួន ដែល​បាន​កត់ត្រា ក្នុង​ខែកក្កដា ដោយ​នេះ​ជា​កម្រិតខ្ពស់​បំផុត ក្នុងរយៈពេល ៤០ ឆ្នាំ។ ការិយាល័យ​ស្ថិតិ​ជាតិ​អង់គ្លេស បាន​រាយការណ៍​ថា តម្លៃ​ម្ហូបអាហារ កំពុង​ហក់​ឡើង​ខ្ពស់​ខ្លាំង​មិនធ្លាប់​មាន​ពី​មាន ក្នុង​អត្រា​ប្រចាំឆ្នាំ ១៤,៦%។

ការ​ប៉ាន់ស្មាន​ក្នុង​ខែកញ្ញា ពីទី​ភ្នាក់ងារ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប បង្ហាញថា អតិផរណា​ថាមពល​មាន​ចំនួន ៤០,៧% ធៀប​នឹង ៣៨,៦% នៅក្នុង​ខែសីហា។ បណ្តា​ប្រទេស-បាល់​ទិ​ក ដែល​រួមមាន អេស្តូនី ឡេ​តូ​នី និង​លីទុយអានី នៅតែ​បន្ត​រងគ្រោះ​ខ្លាំង​ជាងគេ ជាពិសេស​អេស្តូនី កំពុង​ជួបប្រទះ​អតិផរណា​ខ្ពស់​បំផុត នៅ​តំបន់​ចាយប្រាក់​អឺ​រ៉ូ ដោយ​អតិផរណា​កើនឡើង ក្នុង​អត្រា ៦,៤% ក្នុង​ខែកញ្ញា ឆ្នាំ ២០២១ បើ​ធៀប​នឹង ២៤,១% ក្នុង​ខែកញ្ញា ឆ្នាំ២០២២។

អតិផរណា នៅ​ប្រទេស​ឡេ​តូ​នី និង​លីទុយអានី ក៏​ហក់​ឡើង​ដល់ ២២% និង ២២,៥% ដែរ។ ចំ​ណែ​កនៅ​ហូ​ឡង់​វិញ ការ​កើនឡើង​ខ្លាំង​បំផុត​នៃ​ថ្លៃ​មុខទំនិញ​ប្រចាំខែ បាន​កើតឡើង​ក្នុង​ខែកញ្ញា ដែល​មាន​ចំនួន ១៧,១% កើន​ពី ១៣,៧% នៅក្នុង​ខែសីហា។

អតិផរណា​របស់​តំបន់​ចាយប្រាក់​អឺ​រ៉ូ បាន​កើនឡើង​ពី ៧,៤% នៅក្នុង​ខែមេសា ដោយសារ​ប្រជាជន​អឺរ៉ុប នៅតែ​ប្រឈម​ទៅ​នឹង​ការ​កើនឡើង​នៃ​តម្លៃ​ថាមពល និង​តម្លៃ​អាហារ ដែល​បណ្តាល​មក​ពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ គ្រប់​ជ្រុង​នៃ​ទ្វីបអឺរ៉ុប ទាំងអស់ កំពុង​ប្រឈមមុខនឹង​ការ​ឡើងថ្លៃ​មុខទំនិញ​ដោយហេតុថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច ដែល​អឺរ៉ុប​រំពឹង​ទុក​ក្រោយ​ការ​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺរាតត្បាត​កូ​វីដ ត្រូវ​បាន​រាំងស្ទះ​ដោយ​កត្តា​មួយចំនួន។

-តើ​អ្វី​ជា​កត្តា ដែល​នាំ​ឱ្យ​អត្រា​អតិផរណា នៅ​អឺរ៉ុប ឡើង​ខ្ពស់?

អឺរ៉ុប និង​ប្រទេស​ជាច្រើន​ទៀត នៅ​ទូទាំង​ពិភពលោក បាន​រង​ការវាយប្រហារ​រួចហើយ​ពី​ការ​កើនឡើង​តម្លៃ​ថាមពល ដែល​ជា​ចំណែក​ធ្វើ​ឱ្យ​មាន​អតិផរណា នៅមុន​ពេល​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន នៅ​ចុងខែ​កុម្ភៈ ទៅទៀត។ សង្គ្រាម​នេះ​បាន​ធ្វើ​ឱ្យ​វិបត្តិ​ថាមពល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​ជាស​កល​តែម្តង​ថា វា​អាច​នាំ​ឱ្យ​មានការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង ឬឧស្ម័ន​ធម្មជាតិ​ពី​ប្រទេស​រុស្ស៊ី។

កាលពី​ខែកញ្ញា ទី​ក្រុង​ម៉ូស្គូ បាន​និយាយ​ថា នឹង​មិន​ដំណើរការ​ឡើងវិញ​ទាំងស្រុង​នោះ​ទេ​នូវ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​ខ្លួន​ទៅកាន់​អឺរ៉ុប រហូត​ទាល់តែ​បណ្តា​ប្រទេស​លោកខាងលិច​ដកចេញ​ទណ្ឌកម្ម ដែល​ដាក់លើ​រុស្ស៊ី​វិញ។ ប្រទេស​រុស្ស៊ី ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ទៅ​ឱ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ប្រមាណ ៤០% នៃ​តម្រូវការ​សរុប។

តម្លៃ​នៃ​ទំនិញ​ជាច្រើន រួម​ទាំង​អាហារ​ផង​ដែរ បាន​កើនឡើង​មិនធ្លាប់​មាន ចាប់តាំងពី​វិធានការ​បិទ​ខ្ទប់​ប្រទេស ដើម្បី​ការពារ​ជំងឺ​កូ​វីដ១៩ ត្រូវ​បាន​ដាក់ចេញ​ជាលើកដំបូង កាលពី ២ ឆ្នាំមុន។ វិធានការ​ដ៏​តឹងរ៉ឹង​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល និង​បង្ក​ឱ្យ​មានការ​ភ័យ​ស្លន់ស្លោ ក្នុងចំណោម​ប្រជាជន រហូត​រត់​ទៅ​ទិញទំនិញ នៅ​តាម​ផ្សារ​ទំនើប។

បន្ថែម​លើ​នេះ សង្គ្រាម​នៅ​អ៊ុយក្រែន បាន​ធ្វើ​ឱ្យ​ស្ថានការណ៍ កាន់តែ​អា​ក្រ​ក់​ទៅៗ ដោយសារតែ​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ជា​អ្នក​ផលិត​ចំនួន​ជិត ៣៤% នៃ​ស្រូវ​សាឡី និង​ស្រូវ​បា​ឡេ​របស់​ពិភពលោក។ ក្រៅពី​នេះ ប្រទេស​ទាំង២ ក៏​តំណាង​ឱ្យ​ចំនួន ៦៦% នៃ​ការនាំចេញ​ប្រេង​ផ្កាឈូករ័ត្ន​របស់​ពិភពលោក ដែលគេ​ប្រើប្រាស់ សម្រាប់​ចម្អិន​អាហារ ហើយ​អ៊ុយក្រែន ក៏​ជា​ប្រទេស​នាំចេញ​ពោត​ធំជាង​គេ​លំដាប់​ទី៤ របស់​ពិភពលោក​ផង​ដែរ​៕

វីដេអូ៖