អ៊ីរ៉ង់​កំពុង​រៀបចំ​បញ្ជូន​អាវុធ​បន្ថែម​ប្រមាណ​ ១ ០០០ ​គ្រឿង រួម​មានទាំង​មី​ស៊ី​ល​បាលីស្ទិក​រយៈ​ចម្ងាយ​ខ្លី​ និង​យន្តដ្រូន​ជា​ច្រើន​ទៀត​ទៅ​ឱ្យ​រុ​ស្ស៊ីដើម្បី ​ប្រើ​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយ​ក្រែ​ន។ នេះ​បើ​យោងតាម​សម្តី​របស់​មន្ត្រី​ប្រទេស​លោកខាងលិច​ជាច្រើន​រូប​ដែល​ជា​អ្នក​តាមដាន​យ៉ាង​ដិតដល់​នូវ​កម្មវិធី​អាវុធ​របស់​អ៊ីរ៉ង់​ប្រាប់​សារ​ព័ត៌មាន CNN​ ។

ការ​ដឹក​បញ្ជូន​អាវុធ​របស់​អ៊ីរ៉ងនេះ​ កំពុងត្រូវ​គេតាម​ដាន​ត្រួត​ពិនិត្យ​យ៉ាងយក​ចិត្ត​ទុកដាក់​ ព្រោះវា​នឹង​ក្លាយជា​ករណី​ដំបូង​ដែលអ៊ីរ៉ង់​បញ្ជូន​មីស៊ីល​ដែល​រចនា​ឡើង​ ដើម្បី​វាយ​ប្រហារ​គោលដៅ​នៅ​លើដី​ ឬសមុទ្រ​ទៅឱ្យ​រុស្ស៊ី​។ ​អាវុធ​ប្រភេទនេះ​ នឹង​ជួយឱ្យ​វិមាន​ក្រឹមឡាំង​អាច​បង្កើន​ការ​វាយប្រហារ​របស់​ខ្លួន​យ៉ាង​សន្ធាប់​នៅ​ឯ​សមរភូមិ។

មន្ត្រីមកពី​បស្ចិម​លោក​មួយចំនួន​និយាយថា​ ការ​ដឹកបញ្ជូន​អាវុធ​ចុងក្រោយ​ពី​អ៊ីរ៉ង់​ទៅ​រុស្ស៊ី​ រួមមាន​យន្ត​ដ្រូន​គ្មាន​មនុស្ស​បើក​ប្រមាណ​៤៥០គ្រឿង​ដែលរុស្ស៊ី​បានប្រើ​រួចមក​ហើយ​ដើម្បី​បង្ក​ជា​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​លើ​អ៊ុយក្រែន​។

កាលពី​សប្តាហ៍មុន​ មន្ត្រីក្រុង​កៀវ​បាន​និយាយ​ថា​ពួកគេ​បាន​បាញ់ទម្លាក់​យន្ត​ដ្រូន​របស់​អ៊ីរ៉ង់​ជាង ​៣០០ គ្រឿង​។

ការ​ដឹក​បញ្ជូន​អាវុធ​របស់​អ៊ីរ៉ង់​ជាថ្មី​ដែល​ត្រូវ​បាន​គេ​រំពឹង​​នេះ​នឹង​បង្ហាញ​ពី​ការ​កើន​ឡើង​គួរ​ឱ្យ​ កត់​សម្គាល់​នូវ​ការ​គាំទ្រ​របស់​របប​ក្រុង​តេអេរ៉ង់​ចំពោះ​កិច្ច​ប្រឹងប្រែង​ធ្វើ​សង្រ្គាម​របស់​រុស្ស៊ី​។​មកទល់​ពេលនេះ​ គេ​នៅ​មិន​ទាន់​ដឹងនៅ​ឡើយទេថា​តើ​អាវុធ​របស់​អ៊ីរ៉ង់​ នឹងដឹក​ជញ្ជូន​ដល់​ប្រទេស​រុស្ស៊ី​នា​វេលា​ណា​ឱ្យ​ ប្រាកដ​នោះ​តែ​ក្រុមមន្ត្រី​របស់​បណ្តា​ប្រទេស​លោក​ខាងលិច​ជឿជាក់​ថា​សព្វាវុធ​ទាំង​នោះនឹង​ពិតជា​ចែកចាយ​ដល់​ដៃ​រុស្ស៊ី​មុន​ដំណាច់​ឆ្នាំ​ ២០២២ ​នេះ។

ការ​បញ្ជូន​សព្វាវុធ​បន្ថែម​របស់​អ៊ីរ៉ង់​ទៅកាន់​រុស្ស៊ី​គឺ​ជា​ទង្វើ​ដែលទំនង​ជា​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ជា​មួយ​សហរដ្ឋ​អាមេរិក​កាន់តែ​ដុនដាប​ខ្លាំង​។​ កាល​ពី​ថ្ងៃចន្ទ​ បេសកជន​អាមេរិក​ប្រចាំ​ប្រទេស​អ៊ីរ៉ង់​លោក ​រ៉ប់ ម៉ាលី (​Rob Malley) ​បាន​លើកឡើង​ថា​រដ្ឋបាល​លោក ចូបៃដិន​នឹង​មិន​ខ្ជះខ្ជាយ​ពេល​វេលា​លើ​កិច្ច​ពិភាក្សា​ដើម្បី​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើងវិញ​ឡើយ​ប្រសិន​បើគ្មាន​លទ្ធផល​អ្វីថ្មី​លេចចេញ​ជា​រូបរាង​នោះ​។

ដោយឡែក​បេសក​ជន​អ៊ីរ៉ង់​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ​មិនបាន​ឆ្លើយតប​អ្វី​នឹង​សំណើ​សុំការ​អត្ថាធិប្បាយ​ជុំវិញ​ព័ត៌មាន​ដែលថា ​ក្រុង​តេអេរ៉ង់​ កំពុង​រៀបចំ​បញ្ជូន​អាវុធ​បន្ថែមទៅឱ្យ​ ក្រុងម៉ូ​ស្គូ​ឡើយ។​ តែកន្លង​មក​អ៊ីរ៉ង់​ធ្លាប់​បដិសេធ​ហើយថា​មិន​បាន​ផ្គត់ផ្គង់​សព្វាវុធ​ឱ្យ​រុស្ស៊ី​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​អ៊ុយក្រែន​ឡើយ​ និង​បាន​សង្កត់ធ្ងន់​ដែរ​ថា​ខ្លួន​មិនដែល ​ហើយក៏​នឹង​មិនធ្វើ​រឿង​ដូច្នេះ​ឡើយ។

គួរ​ជ្រាបថា ​ការ​គាំទ្រ​របស់​ក្រុង​តេអេរ៉ង់​ចំពោះ​រុស្ស៊ី​ក្នុង​សង្គ្រាម​អ៊ុយក្រែន​ ​និង​ការ​បង្ក្រាប​លើ​ចលនា​តវ៉ា​ទូទាំង​ប្រទេស​ដែល​បណ្តាល​មកពី​ការ​ស្លាប់​របស់នារី​វ័យក្មេង​ឈ្មោះ​ ម៉ាសា​ អាមីនី​ កាលពី​ ខែ​កញ្ញា ​បាន​ជំរុញឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​អ៊ីរ៉ង់​។

ជាក់ស្តែង​ កាល​ពី​ខែ​មុនទី​ក្រុង​វ៉ាស៊ីនតោន ​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​មួយ​ដែល​វ៉ាស៊ីនតោន​ថា​បាន​រួម​ដៃ​ជួយ​ដឹក​ជញ្ជូន​យន្ត​ដ្រូន​ស៊ើប​ការណ៍​របស់​អ៊ីរ៉ង់ ​(UAVs) ទៅ​ឱ្យ​រុស្ស៊ី​៕