ប្រទេស​ចំនួន ៥០ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​មួយ ដែល​បាន​អាន អំឡុង​កិច្ចពិភាក្សា​របស់​អង្គការ​សហ​ប្រជាជាតិ (UN) ដែល​ឯកសារ​នោះ បាន​ថ្កោលទោស​ការរំលោភ​សិទ្ធិមនុស្ស «​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​» នៅ​ក្នុង​តំបន់ Xinjiang របស់​ប្រទេស​ចិន។​

​សេចក្តីថ្លែងការណ៍ ត្រូវបាន​អាន​ដោយ​ប្រទេស​កាណាដា ក្នុងអំឡុងពេល​ជជែក​ដេញ​ដោល នៅឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ថា​៖ «​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាពិសេស​ការរំលោភ​សិទ្ធិ​មនុស្ស ដែល​កំពុង​បន្ត​លើ​ជនជាតិ​អ៊ុយហ្គ័រ និង​ជនជាតិ​ភាគតិច​មូស្លីម​ដ៏​លើសលប់​ផ្សេង​ទៀត នៅ​តំបន់ Xinjiang»។​

​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) កាល​ពី​ខែសីហា បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​តំបន់ Xinjiang ដោយ​បាន​លើក​ឡើង​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ចំពោះ​ជនជាតិ​អ៊ុយហ្គ័រ និង​ជនជាតិ​ភាគតិច​មូស្លីម​ដទៃទៀត នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ភាគ​ខាងលិច។​

​ទីក្រុង​ប៉េកាំង បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ ដោយ​អះអាងថា ទង្វើ​របស់​ខ្លួន គឺ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ធានា​ការ​អភិវឌ្ឍ ក្នុង​តំបន់​ប៉ុណ្ណោះ។​

​តែ​យ៉ាងណា សេចក្តី​ថ្លែង​​ការណ៍​របស់​ប្រទេស​ទាំង ៥០ បាន​បន្ថែមថា​៖ «​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ មិន​អាច​ចាត់ទុក​ជា​ការ​ប្រឆាំង​ភេរវកម្ម​នោះទេ​។ យើង​មាន​ការ​ព្រួយបារម្ភ ព្រោះតែ​មើល​ឃើញ​ពី​ការរំលោភ​សិទ្ធិ​តាម​របាយ​ការណ៍ OHCHR ខណៈដែល​ចិន​នៅតែ​បដិសេធ​មិន​ពិភាក្សា​អំពី​ការ​រកឃើញ​របស់​ស្ថាប័ន​សិទ្ធិ​មនុស្ស UN នេះ»។​

​ប្រទេស​ហត្ថលេខី​ទាំង ៥០ នោះ រួមមាន​សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន បារាំង អូស្ត្រាលី អ៊ីស្រាអែល តួកគី ក្វាតេម៉ាឡា និង​សូម្បីតែ​សូម៉ាលី​។​ល​។ ពួកគេ​បាន​ជំរុញ​ទីក្រុង​ប៉េកាំង​ឱ្យ «​អនុវត្ត​អនុសាសន៍​នៃ​ការ​វាយតម្លៃ​របស់ OHCHR» ដែល​រួមមាន «​ចាត់​វិធានការ​ភ្លាមៗ ដើម្បី​ដោះលែង​បុគ្គល​ទាំងអស់ ដែល​ត្រូវបាន​ដក​ហូត​សេរីភាព​របស់​ពួកគេ​តាម​អំពើ​ចិត្ត នៅ​តំបន់ Xinjiang ព្រមទាំង​បង្ហាញ​ព័ត៌មាន​ពី​ការបាត់​ខ្លួន​មនុស្ស​ដល់​សមាជិក​គ្រួសារ​របស់​ពួកគេ និង​សម្រប​សម្រួល​ទំនាក់ទំនង​ប្រកប​ដោយ​សុវត្ថិភាព ដើម្បីឱ្យ​គ្រួសារ​អ្នក Xinjiang ជួបជុំគ្នា​ឡើងវិញ»។

​នៅ​ដើមខែ​តុលា ចិន​បាន​ចាត់វិធានការ ដើម្បី​គេចវេះ​ការ​ពិភាក្សា​អំពី​របាយការណ៍​របស់ OHCHR នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ និង​រារាំង​ការ​ចាប់ផ្តើម​នៃ​ការពិភាក្សា​ពី​បញ្ហា​សិទ្ធិ​មនុស្ស នៅ​តំបន់ Xinjiang។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អំពាវនាវ កាលពី​ថ្ងៃ​ចន្ទ ឱ្យ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ «​ព្យាយាម​ម្តងទៀត​» ដើម្បី​បើក​ការជជែក​ដេញ​ដោល​គ្នា «​ឱ្យបាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅបាន»។​

​លោក Louis Charbonneau នាយក​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់ UN បាន​និយាយថា​៖ «​ច្បាស់​ណាស់ ការជំរុញ​ផ្នែក​ការទូត​អាច​នឹង​ធ្វើឱ្យ​ទីក្រុង​ប៉េកាំង ទទួល​ខុសត្រូវ ចំពោះ​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​ខ្លួន ដែល​កំពុងតែ​កើន​ឡើង»។​

​លោក​បាន​បន្ថែមទៀតថា​៖ «​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស កំពុង​ជំរុញ​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​ព្យាយាម​ជាថ្មី​ម្តង​ទៀត ដើម្បី​ពិភាក្សា និង​ពិចារណា​លើ​ជម្រើស សម្រាប់​ការបង្កើត​យន្តការ​គាំទ្រ ដោយ UN ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​អំពី​ការទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ចិន ចំពោះ​ការ​រំលោភសិទ្ធិ​មនុស្ស»៕