កាសែតវៀតណាម​អ៊ិច​ប្រែស ​បាន​ផ្សាយថា ​ប៉ូលិស​នៅខេត្ត​ Binh Duong​ ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​បាន​ចាប់​ខ្លួន​មនុស្ស​ ៨ នាក់​ ដែល​គេជឿថា​ បាន​ទិញទារក​ទើបនឹង​កើត​មក​លក់បន្ត។ ​អាជ្ញាធរ​​វៀតណាម​បាន​ចាប់​ខ្លួន​ស្ត្រី​វ័យ ​២៩ ​ឆ្នាំ​ម្នាក់ ​ដែល​ត្រូវ​សង្ស័យថា ​ជា​មេខ្លោង​និង​មនុស្ស ​៧ នាក់​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ​។

ប៉ូលិស​វៀតណាម ​កំពុង​ស៊ើប​សួរ​ចម្លើយ​និង​ស៊ើបអង្កេត​ពី​បទ៖​ «ជួញដូរ​មនុស្ស​អាយុ​ក្រោម ១៦ ឆ្នាំ»​ និង ​«ក្លែង​បន្លំ​ឯកសារ​»​។

លោក​វរសេនី​យ៍ឯក ​Tran ​VanhChinh​ ស្នងការ​រង​នគរបាល​ខេត្ត​ Binh Duong​ បាន​និយាយ​ថា៖ ​«បណ្ដាញ​ជួញដូរ​មនុស្សនេះ​ដំណើរការ​មិន​ត្រឹមតែ​នៅក្នុង​ទីក្រុ​ង Binh Duong ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ទីក្រុង និងខេត្ត​មួយ​ចំនួន​ទៀត។ ​ប៉ូលិស​កំពុងកំណត់​មុខសញ្ញា ​ជន​សង្ស័យ​ ១៦ ​នាក់​ផ្សេងទៀត​» ។

ការចាប់​ខ្លួនស្ត្រី​វ័យ២៩​និង​បក្ខពួក​របស់​នាង​ បាន​កើត​ឡើង​ បន្ទាប់​ពីប៉ូលិស ​Binh Duong​ បាន​បង្ក្រាប​ការ​ជួញដូរ​ទារក​ទើបនឹង​កើតនៅ​មន្ទីរ​ពេទ្យ​សម្ភព​ Binh Duong​ កាលពី​ ២ ​ខែមុន​។

អ្នក​ស៊ើបអង្កេត​បាន​និយាយថា ​ក្រុម​បណ្ដាញ​ជួញដូរ​ទារកនោះ​បាន​ទាក់ទង​ម្តាយ​ដែល​ទើប​សម្រាល​កូន​រួច​ ដើម្បី​បញ្ចុះបញ្ចូល​ឱ្យគេ​លក់កូន​ ប៉ុន្តែ​ម្ដាយនោះ​មិន​ចង់ឱ្យ​កូន​របស់​ពួកគេ​ទៅ​អ្នក​ដែល​ចង់​ទិញក្មេង​នោះឡើយ។​ក្រុម​អ្នក​ទិញ​ទារកនោះ​ជា​គូ​ស្វាមី​ភរិយា​ដែល​មិន​មានកូន។​ ក្នុងនាម​ជា​ឈ្មួញ​កណ្តាល​ សមាជិក​បណ្ដាញ​ជួញដូរ​នឹង​ទទួល​បាន​កម្រៃ​ជើងសារ​។

ក្នុង​ករណី​ផ្សេង​ទៀត​ បណ្ដាញ​ជួញដូរ​ទារក ​បាន​ទិញ​ទារក​ក្នុង​តម្លៃពី ២០ ​ទៅ​ ៣០​លាន​ដុង (៨០៥-១ ២០០ ​ដុល្លារ​អាមេរិក​) ហើយ​លក់​វា​ទៅឱ្យគូ​ស្នេហ៍​ដែលចង់​មាន​កូន​ក្នុង​តម្លៃ ៤០-៥០​ លាន​ដុង​។

ពួកគេ​ថែមទាំង​ រត់​ការ​រៀប​ចំ​ផ្តល់​សំបុត្រ​កំណើត​ក្លែងក្លាយ​សម្រាប់​ទារក​ផងដែរ។ ​ក្រុមអ្នក​ស៊ើប​អង្កេត​បាន​និយាយថា​បណ្ដាញ​ដែល​ត្រូវ​បង្ក្រាប​បាននេះ​ បាន​ដំណើរ​ការ​ទិញ​ដូរ​ទារក​ចំនួន​ ៣១ ​ករណី​រួចទៅ​ហើយ​។

ករណី​ជួញ​ដូរ​កុមារ​និង​ទារកនេះ​មិនមែន​ជារឿង​ថ្មីទេ​នៅ​សង្គម​វៀតណាម។​ កាលពី​ខែ​មេសា​ តុលាការ​នៅ​ប្រទេស​វៀតណាម​បាន​ផ្ដន្ទា​ទោស​បុរស​ម្នាក់​អាយុ​ជាង ៤០ឆ្នាំ ឱ្យ​ជាប់​ទោស ១៤ឆ្នាំ បន្ទាប់​ពី​រក​ឃើញថា​បុរស​ម្នាក់នេះ​បាន​ លក់​កូនស្រី​របស់ខ្លួន​ដែល​មាន​អាយុជាង​ ១៣ ​ឆ្នាំ ​ទៅឱ្យ​ជនជាតិ​ចិន ​ក្នុង​តម្លៃ​ជាង​ ៤ ពាន់​ដុល្លារ​។​

កាលពី​ខែ​សីហា ​នៅ​ខេត្ត​ភាគ​ខាង​ជើង​វៀត​ណាម ​ប៉ូលិសបាន​ចាប់ខ្លួន​មនុស្ស​សរុប​ចំនួន​ ៣នាក់​ យកទៅ​ដាក់​គុក​។ ស្តី្រ​ម្នាក់​ជា​ម្ដាយ​ដែល​ស្វែង​រក​លក់​កូន​តូច​របស់​ខ្លួនដែល​មាន​អាយុ​ត្រឹម​ជាង​ ២ ឆ្នាំ​ និង​ ២ នាក់​ទៀត​ជា​ឈ្មួញ​កណ្ដាល​ដែល​រក​ម៉ូយ​មក​ទិញ​ក្មេង​។

តាម​ច្បាប់​វៀតណាម​ទោស​ធ្ងន់​បំផុត​នៃ «អ្នកជួ​ញ​ដូរ​មនុស្ស​ក្រោម ១៦ ​ឆ្នាំ» គឺ​ដាក់​ពន្ធនាគារ​អស់​ ១ ជីវិត​៕