មនុស្សជាង​ ១ សែន​នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ទាក់ទង​នឹង​ការ​នេសាទ​ជា​រៀងរាល់​ឆ្នាំ។​ ករណីស្លាប់​ទាំងនោះ​ជា​ច្រើន​ត្រូវបាន​លាក់​បាំង​ទៀតផង​។ នេះបើ​យោង​តាម​របាយ​ការណ៍​ដែល​បាន​ចេញផ្សាយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​។

របាយការណ៍​ការ​ស្រាវ​ជ្រា​វដោយ​មូល​និធិ​សុវត្ថិភាពត្រី ​ដែលរៀបចំ​ដោយ ​Pew Charitable Trusts​ បាន​និយាយថា ​កត្តា​ជាច្រើន​ជា​មូលហេតុ​នាំឱ្យ​មនុស្ស​ស្លាប់​ រួមមាន​ការ​រំលោភ​បំពាន​ដោយ​ឈ្មួញ​នេសាទ ​ការ​ប្រើប្រាស់​ពលកម្ម​កុមារ ​ការ​នេសាទ​ហួស​កម្រិត​ ការ​ប្រែប្រួល​អាកាសធាតុ​ ជម្លោះ​ប្រដាប់​អាវុធ​និង​ភាពក្រីក្រ​។

ការ​នេសាទ​ខុសច្បាប់ ​និង​គ្មាន​ការ​ត្រួត​ពិនិត្យ​កំពុង​កើនឡើង​ បើទោះបី​ជា​មាន​ការខិត​ខំប្រឹង​ប្រែង​ដើម្បី​ទប់ស្កាត់​ក៏ដោយ។ ​ព្រោះ​ការនេសាទ​ទឹកជ្រៅ​ ដែល​ក្បួន​នាវា​នេសាទ​ធ្វើដំណើរ​ឆ្លង​ទ្វីប​ស្វែងរក​ចាប់ត្រីនោះ​ក៏​មាន​ហានិភ័យ​ខ្ពស់ដែរ​។

លោក​ Peter Horn​ នាយក​គម្រោង​នៃ​គម្រោង​ជលផលរបស់ ​Pew International បាន​និយាយថា​៖​« មនុស្ស ៣​ ពាន់ លាន​នាក់ពឹង​ផ្អែក​លើ​អាហារ​សមុទ្រ​ ហើយ​តម្រូវការ​អាហារនោះ​នឹង​កើនឡើង​ ដូច្នេះ​ចាំបាច់​ត្រូវមាន​គោល​នយោ បាយ​ដ៏រឹងមាំ​ជា​បន្ទាន់ ​ដើម្បី​រក្សាសុវត្ថិភាព​អ្នកនេសាទ ​រួមទាំង​អ្នកដែល​ពាក់ព័ន្ធ​»។

លោក ​Eric Holliday ​នាយក​ប្រតិបត្តិ​នៃ ​Fish Safety​ Foundation ដែល​ជា​ក្រុមមិន​ស្វែង​រក​ប្រាក់​ចំណេញ​អន្តរជាតិ​ បាន​និយាយថា៖​ «នាវា​នេសាទ​ជារឿយៗ​មិន​រាយការណ៍​អំពីការ​ស្លាប់ក្នុង​ពេល​នេសាទ​ ដោយ​បិទបាំង​ការពិត​នៃ​គ្រោះថ្នាក់​និង​ធ្វើឱ្យ​មាន​ការ​លំបាក​សម្រាប់​រដ្ឋាភិបាល​ក្នុងការ​រៀបចំ​គោល​នយោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ​ដើម្បី​កែ​លម្អ​សុវត្ថិភាព​ ព្រមទាំង​លើក​កម្ពស់​ការ​នេសាទ​ប្រកប​ដោយ​សុវត្ថិភាព​»។

របាយការណ៍​បាន​និយាយថា​ ការ​នេសាទ​បែប​ប្រពៃណី​និង​ឯកជន​កាន់តែ​ប្រថុយ​ប្រថាន​ ពី​ព្រោះ​អ្នកនេសាទ​ត្រូវតែ​ធ្វើ​ដំណើរ​ឆ្ងាយ​ជាងមុន​នៅពេល​ដែល​ផល​នេសាទ​កាន់តែ​ធ្លាក់ចុះ​ ពួក​អ្នកនេសាទ​ត្រូវទៅ​កាន់​សមុទ្រ​ឆ្ងាយៗ​ទើប​អាច​រក​ត្រី​បាន​ហើយនេះ​ក៏​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុផង​។

ទន្ទឹមនឹងនេះ​រដ្ឋា​ភិបាល​ជា​ច្រើន​បាន​កាត់​បន្ថយ​ការល្បាត ​និង​បេសកកម្ម​ស្វែងរក​ និង​ជួយសង្គ្រោះ​ ដោយសារ​តែ​ថ្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ ​ប្រទេស​ក្រីក្រខ្លះ​ក៏មិន​មាន​ក្រុម​សង្គ្រោះ​ដែលមាន​លទ្ធភាព​សង្គ្រោះ​នៅក្នុង​សមុទ្រផង​។

អ្នកនិពន្ធ​នៃ​របាយ​ការណ៍ ​បាន​ចងក្រង​ការ​ប៉ាន់ប្រមាណ​មរណភាព​នៃ​អ្នកនេសាទ​នេះ ​ដោយផ្អែក​លើ​ទិន្នន័យ​ជា​សាធារណៈ​ដោយ​យោងជា​មួយ​របាយការណ៍​សារព័ត៌មាន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​និង​ការ​ពិភាក្សា​ជា​មួយ​មន្ត្រី​រដ្ឋា ភិបាល​និង​អ្នកដទៃ​។

ទោះ​យ៉ាងណា​ទិន្នន័យ​ភាគច្រើន​ត្រូវបាន​ចង​ក្រង​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០​ ហើយ​ត្រូវការ​ធ្វើ​បច្ចុប្បន្ន​ភាព។​ យោង​តាម​ការ​ប៉ាន់ប្រមាណ​ទាំងនោះ ​ដែលផ្អែក​លើទិន្នន័យ​ឧស្សាហកម្ម​ និង​អង្គការ​សហ​ប្រជាជាតិ ​អត្រា​ស្លាប់ខ្ពស់​បំផុត​គឺនៅ​ក្នុង​នេសាទ​អាហ្វ្រិក​ និង​កោះ​ប៉ាស៊ីហ្វិក។​

របាយ​ការណ៍​បង្ហាញ​ដែរ​ថា​ ប្រទេស​នៅ​ក្នុង​តំបន់​អ៊ឺរ៉ុប​ក៏​មាន​ករណី​ស្លាប់នេះ​ដែរ។​ ប្រទេស ហ្វាំងឡង់​មាន​អ្នកនេសាទ​ស្លាប់​ប្រមាណ​ចាប់ពី ២០៧ ​នាក់​ ក្នុង​ចំណោម ១០០ ០០០ នាក់ ​ដែល​បានស្លាប់​ ខណៈ​ដែល​ប៉ូឡូញ​មាន​មនុស្ស​តិច​ជាង ៦​ នាក់ ដែល​បានស្លាប់​ក្នុង​ចំណោម ១០០ ​០០០​ នាក់​។

ចំណែក​ឯ​នៅលើបឹង​ Victoria​ ក្នុង​ទ្វីប​អាហ្រ្វិក ​មាន​មនុស្ស​ចន្លោះពី​ ១​ ៨០០​-៥ ០០០ នាក់ ​ត្រូវ​បាន​ប៉ាន់​ប្រមាណថា​នឹង​ស្លាប់ជា​រៀង​រាល់ឆ្នាំ។​

របាយ​ការណ៍នេះ​បាន​ដកស្រង់​សម្តី​លោក ​Godfrey Kiwanda​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍​ក្នុង​ប្រទេស ​Uganda ​ដោយ​និយាយថា​ចំនួននេះ​អាច​កើន​ឡើង​ច្រើន​ ក្នុងនោះ​ករណី​មនុស្ស​ស្លាប់ជា​ច្រើន​បាន​កើតឡើង​នៅក្នុង​តំបន់​ដាច់​ស្រយាល​ ហើយមិន​ត្រូវ​បាន​រាយ​ការណ៍​ជា​ផ្លូវការ​។

របាយ​ការណ៍​បាន​និយាយ​ថា គ្រោះថ្នាក់​មួយ​ទៀត​ដែល​គេ​មិន​អើពើ​គឺ​ជំងឺ​បាក់​ទឹកចិត្ត​ក្នុង​ចំណោម​អ្នក​មុជ​ទឹក​ដែល​ត្រូវ​បង្ខំ​ឱ្យ​មុជទឹក​ជ្រៅ​ម្តង​ហើយ​ម្តង​ទៀត ជា​បញ្ហា​ទូទៅ​ក្នុង​ការ​ប្រមូល​ផល​បង្កង​ឈ្លើង​សមុទ្រ​ជាដើម​។

ក្នុង​ចំណោម​ឧស្សាហ​កម្ម​នេសាទ​ដែល​គ្រោះថ្នាក់​បំផុត​គឺ​នេសាទ​ក្បូន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​បុរស​រាប់ពាន់​នាក់​ត្រូវបាន​ជ្រើស​រើសជា​រៀង​រាល់​ឆ្នាំ​ ដោយ​បាន​បង់​ប្រាក់​ប្រហែល ​៤៥០​ ដុល្លារ​ជាមុន​ ដើម្បី​ស្នាក់​នៅ​ ២-៣ ​ខែ​នៅ​លើក្បូន​ឬ​ស្សីតូចៗ​ នៅក្នុង​សមុទ្រ​ដែល​មាន​ចម្ងាយ ​រហូតដល់ ​១០០ ​គីឡូម៉ែត្រ​ពីឆ្នេរ។​ ពួកគេ​ធ្វើការ​ជា​ក្រុមតូចៗ​ ពួកគេ​ចាប់ត្រី ​និង​បង្គា​ដោយប្រើ​បង់​សំណាញ់​ដោយ​ទទួល​រងនូវ​ការខ្វះខាត​ទឹកសាប ​និង​អាហារ ​ជា​ញឹកញាប់។​ របាយ​ការណ៍​បាន​និយាយថា​ អ្នក​នេសាទ​ទាំងនោះ​កើត​ដំបៅ​បណ្ដាល​មក​ពី​ខ្វះវីតាមីន ​B​ ជំងឺ​របេង ​និង​សរសៃ​ឈាម​អាក់ទែរ​ជាដើម​៕