ផ្ទាំង​ទឹកកក​យ៉ាងហោច​ណាស់ ១/៣ នៃ​តំបន់​បេតិកភណ្ឌ​ពិភពលោក Yosemite ដែលជា​ឧទ្យាន​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក​ដែរនោះ នឹង​ចាប់ផ្ដើម​រលាយបាត់នៅ​ពាក់កណ្ដាល​សតវត្សរ៍​នេះ បើទោះបី​ជាការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ត្រូវបាន​ទប់ស្កាត់​ក្ដី។ នេះ​បើតាម​ការរកឃើញក្នុង​របាយការណ៍​របស់អង្គការ​យូណេស្កូ (UNESCO) ចេញ​ផ្សាយនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ៣ ខែ​វិច្ឆិកា។

របាយការណ៍​ដដែល​បញ្ជាក់ថា ផ្ទាំង​ទឹកកក​ទាំងអស់នៅ​ឧទ្យាន Yosemite ក៏ដូចជា​ឧទ្យាន​ជាតិ Yellowstone ព្រមទាំង​ផ្ទាំង​ទឹកកក​មួយចំនួនដែល​នៅសល់​ក្នុង​ទ្វីប​អាហ្វ្រិកនឹងត្រូវ​រលាយ​បាត់ ដោយ​ចៀស​មិន​រួចបើទោះ​បីជា​ការឡើង​កម្ដៅ​នៃ​ភពផែនដីមាន​ត្រឹមតែ ១,៥​ អង្សា​ក៏ដោយ។

អង្គការ​យូណេស្កូ​ដែលមាន​មូលដ្ឋាននៅ​ទីក្រុង​ប៉ារីស បាន​ព្រមាននៅក្នុង​របាយការណ៍របស់​ខ្លួន​ថាពិភពលោក​អាច​រក្សា​ផ្ទាំង​ទឹកកក​ទុក​បានដរាបណា​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រូវ​បាន​កាត់បន្ថយ​យ៉ាងខ្លាំង។

លោក Audrey Azoulay អគ្គនាយក​អង្គការ​យូណេស្កូថ្លែង​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «របាយការណ៍​នេះ​គឺជា​ការអំពាវនាវ​ឱ្យ​ចាត់វិធានការ​បន្ទាន់ចំពោះ​បញ្ហា​ឡើងកម្ដៅ​នៃ​ភពផែនដី» និង​ថា សន្និសីទ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ COP27 ដែល​ត្រូវ​បើក​ធ្វើនៅក្នុង​ប្រទេស​អេហ្ស៊ីប​ នា​សប្ដាហ៍​ក្រោយ មាន​តួនាទី​សំខាន់​ណាស់ក្នុង​ការជួយ​ស្វែងរក​ដំណោះស្រាយចំពោះ​បញ្ហា​នេះ។

សូម​ជម្រាបជូន​ថា នៅក្នុង​ចំណោម​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន ១ ១៥០ ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូមាន​តំបន់​ចំនួន​ជាង ៥០​ កន្លែង ជាទី​តាំងដែល​គ្របដណ្ដប់​ដោយ​ផ្ទាំង​ទឹកកកដែល​ស្មើនឹង ១/១០ នៃ​តំបន់​ទឹកកក​សរុប​របស់​ពិភពលោក។ បើតាម​អង្គការ​យូណេស្កូ​ផ្ទាំង​ទឹកកក​ជិត ១៩ ០០០ ដែលមាន​ទីតាំងនៅ​តំបន់​បេតិកភណ្ឌ​ទាំងនេះ កំពុង​បាត់បង់​ទឹកកក​ច្រើនជាង ៦០ ​ពាន់​លាន​តោនក្នុង ១ ឆ្នាំ ដែល​ស្មើនឹង​ការប្រើប្រាស់​ទឹក​ប្រចាំឆ្នាំ​របស់​ប្រទេស​អេស្ប៉ាញ និង​បារាំង​រួម​បញ្ចូល​គ្នា​ហើយ​មាន​ចំនួន​ប្រហែល ៥ ភាគរយ ​នៃ​ការកើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ​ពិភពលោក។

របាយការណ៍​របស់​អង្គការ​ពិភពលោក​នេះបញ្ជាក់​បន្ថែម​ថា ផ្ទាំង​ទឹកកកតូចៗនៅ​រយៈកម្ពស់​ទាប ឬ​មធ្យម​នឹង​រលាយ​បាត់​មុនគេហើយ​អត្រា​នៃ​ការបាត់បង់​ទឹកកកនៅក្នុង​តំបន់​ទឹកកក​តូចៗ​នេះបាន​កើនឡើង​ទ្វេដងចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ ​២០០០ ដល់​ចុង​ទសវត្សរ៍​ឆ្នាំ​ ២០១០៕