ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី ៣ វិច្ឆិកាថា សហរដ្ឋអាមេរិកគ្មានសិទ្ធិជ្រៀតជ្រែកចូលក្នុងកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយប្រទេសអាល្លឺម៉ង់ឡើយ។
សេចក្តីប្រកាសរបស់ចិននេះ ធ្លាក់មកភ្លាមៗបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនលើកឡើងថា ប៉េកាំងនឹងមិនទទួលបានភាគហ៊ុនកាន់កាប់ឡើយក្នុងគម្រោងវិនិយោគកំពង់ផែហាំបឺក (Hamburg) នៅប្រទេសអាល្លឺម៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន (Zhao Lijian) បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទប្រចាំថ្ងៃមួយឯទីក្រុងប៉េកាំងថា ការជ្រៀតជ្រែករបស់អាមេរិក គឺជារោគសញ្ញានៃការអនុវត្តការទូតបង្ខិតបង្ខំរបស់ប្រទេសនេះ។
«កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងចិន និងអាល្លឺម៉ង់ គឺជាកិច្ចការងាររបស់ប្រទេសទាំង ២ សហរដ្ឋអាមេរិកមិនគួរវាយប្រហារដោយគ្មានហេតុផល ហើយក៏គ្មានសិទ្ធិលូកដៃ និងជ្រៀតជ្រែកក្នុងរឿងនេះឡើយ»។ នេះគឺជាការលើកឡើងរបស់លោក ចាវ កាលថ្ងៃព្រហស្បតិ៍ម្សិលមិញនៅមួយថ្ងៃមុនពេលដែលអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្ហលស៍ ធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ១ ថ្ងៃរបស់លោក។ ក្នុងអំឡុងទស្សនកិច្ចនេះ គេរំពឹងដែរថាមេដឹកនាំអាល្លឺម៉ង់រូបនេះ នឹងជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។
គួរជ្រាបថា ក្រុមហ៊ុនដឹកជញ្ជូនយក្សចិនកូស្កូ (Cosco) បានធ្វើការដេញថ្លៃកាលពីឆ្នាំទៅមិញ ដើម្បីទិញភាគហ៊ុនចំនួន ៣៥% ក្នុងគម្រោងវិនិយោគកំពង់ផែហាំប៊ឺកជាមួយក្រុមហ៊ុន HHLA របស់អាល្លឺម៉ង់។ គម្រោងវិនិយោគនេះ គឺជាគម្រោងដ៏ចម្រូងចម្រាសទាំងនៅក្នុងប្រទេសអាល្លឺម៉ង់ផ្ទាល់ និងនៅអឺរ៉ុបទាំងមូល។ ហើយដើម្បីកាត់បន្ថយមតិរិះគន់ រដ្ឋអំណាចអាល្លឺម៉ង់បានកម្រិតភាគហ៊ុនចូលរួមវិនិយោគរបស់ចិនតិចជាងគម្រោងដើម។
អាល្លឺម៉ង់ ទំនងជាអនុញ្ញាតឱ្យក្រុមហ៊ុន Cosco របស់ចិនកាន់កាប់ភាគហ៊ុនតិចជាង ២៥% ហើយបើតាមប្រភពពីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់និយាយកាលពីសប្តាហ៍មុន ការកម្រិតភាគហ៊ុនបែបនេះ គឺជាដំណោះស្រាយសង្គ្រោះបន្ទាន់មួយ ដើម្បីអនុម័តកិច្ចព្រមព្រៀង ប៉ុន្តែវាកាត់បន្ថយផលប៉ះពាល់៕