នៅក្នុង​រយៈពេល ២៣ ឆ្នាំ​កន្លងមក​នេះ សត្វ​ខ្លាធំ និង​បំណែក​សាកសព​សត្វ​ខ្លាធំជា​មធ្យម​ចំនួន ១៥០​ ក្បាល ត្រូវបាន​រឹបអូស​ជា​រៀងរាល់ឆ្នាំនៅ​ទូទាំង​សកលលោក។ ការណ៍​នេះបង្កក្ដី​ព្រួយបារម្ភ និង​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយសម្រាប់​សត្វ​ខ្លាធំដែលជា​សត្វ​ដ៏​កម្រជិត​ផុត​ពូជ​ពីលើ​ភពផែនដី បើទោះជា​មានការ​ខិតខំ​ប្រឹងប្រែង​អភិរក្ស​យ៉ាងណា​ក្ដី។ នេះ​បើតាម​របាយការណ៍​ចេញផ្សាយ​ដោយ​អង្គការ​ឃ្លាំមើល​ការជួញដូរ​សត្វព្រៃ TRAFFIC កាល​ពី​ថ្ងៃ​ពុធ ទី​ ២ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២។

អង្គការ TRAFFIC បានឱ្យ​ដឹង​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ថា សត្វខ្លា​រស់សាកសព​សត្វ​ខ្លា​ទាំងមូលក៏ដូចជា​ផ្នែកផ្សេងៗ​នៃ​សត្វ​ខ្លាដែល​ត្រូវគេ​សម្លាប់ចំនួន ៣ ៣៧៧ ​ក្បាល ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រឹបអូស​បានក្នុង​ចន្លោះ​ខែមករា ឆ្នាំ​ ២០០០ និង​ខែមិថុនា ឆ្នាំ​ ២០២២។ ការ​រឹបអូស​បានធ្វើ​ឡើងនៅក្នុង​ប្រទេស និង​ដែនដី​ចំនួន​ ៥០ ប៉ុន្តែ​ភាគច្រើនគឺ​នៅក្នុង​ប្រទេស​ចំនួន ១៣ ដែលមាន​វត្តមាន​សត្វ​ខ្លាធំនៅក្នុង​ព្រៃ​ធម្មជាតិ។

ប្រទេស​ឥណ្ឌា ដែលជា​ជម្រក​របស់​សត្វ​ខ្លា​ព្រៃ​ជាង​ពាក់កណ្តាលដែល​នៅ​សេសសល់នៅលើ​ពិភពលោកបង្ក្រាប​ករណី​ជួញដូរ​សត្វព្រៃ​បាន​ច្រើន​បំផុតតាម​ពីក្រោយ​ដោយ​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌូនេស៊ី។ ប៉ុន្តែ​បើតាម​អង្គការ TRAFFIC តួលេខ​ពិតប្រាកដ​នៃ​បទឧក្រិដ្ឋ​ជួញដូរ​សត្វ​ខ្លា​ព្រៃដោយ​ខុសច្បាប់ទំនង​ជាមាន​ចំនួន​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់។

បើតាម​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ការជួញដូរ​សត្វព្រៃ​ដដែលក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​ ២០២២ ​នេះ ករណី​បង្ក្រាប​ការជួញដូរ​សត្វ​ខ្លាធំ​បាន​កើនឡើងនៅ​ប្រទេស​ឥណ្ឌូនេស៊ីថៃ និង​រុស្ស៊ី ដែល​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ការជួញដូរ​ក៏មាន​ការកើនឡើង​ដូចគ្នា​ដែរ។ ឥណ្ឌូនេស៊ី​ជា​ជម្រក​របស់​សត្វ​ខ្លា​ស៊ូម៉ាត្រាដែល​កំពុង​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជរឹបអូស​បាន​សត្វ​ខ្លា​ចំនួន ១៨ ​ក្បាលនៅក្នុង​ឆមាស​ទី​១ ​នៃ​ឆ្នាំ ២០២២ កើនឡើង​លើស​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន​តែ ១៦​ ក្បាល​ប៉ុណ្ណោះ។

របាយការណ៍​ចេញផ្សាយ​ដោយ​អង្គការ TRAFFIC លើកឡើង​ថា៖ «ការ​បរបាញ់និង​ការជួញដូរ​ខុសច្បាប់នៅតែ​ជាការ​គំរាមកំហែង​ដ៏​គ្រោះថ្នាក់​ដល់​ការរស់រាន​មានជីវិត​របស់​សត្វ​ខ្លា​ព្រៃ» ហើយ​ថា​៖ «កិច្ចខិតខំ​ប្រឹងប្រែង​ការវិនិយោគនិង​ការសន្យា​ជាច្រើន​ទសវត្សរ៍​មិនបាន​បន្ធូរបន្ថយ​ករណី​ជួញដូរ​សត្វ​ខ្លា​ព្រៃ​ទេ»។

ចំនួន​សត្វ​ខ្លាធំ​នៅក្នុង​ព្រៃ​ធម្មជាតិត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថាមាន​ចំនួន​យ៉ាងហោចណាស់ ១០០ ០០០​ ក្នុង​ឆ្នាំ​ ១៩០០។ប៉ុន្តែ​ការ​បរបាញ់​ការ​ប្រម៉ាញ់ និង​ការបំផ្លាញ​ព្រៃឈើដែលជា​ជម្រក​របស់​សត្វ​ខ្លាបានធ្វើឱ្យ​ចំនួន​សត្វ​ខ្លាធំ​ថមថយ​យ៉ាងខ្លាំងហើយ​មាន​វត្ត​មានតែ​នៅក្នុង​ប្រទេសមួយ​ចំនួននៅ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍និង​នៅ​ភាគ​ខាងកើត​របស់​រុស្ស៊ី។ តម្រូវការ​សត្វ​ខ្លាធំ​នៅលើ​ទីផ្សារដែល​ជំរុញឱ្យមាន​ការ​ប្រមាញ់​ខុសច្បាប់ជំរុញ​ដោយ​អតិថិជន​ភាគច្រើននៅក្នុង​ប្រទេស​ចិន​ និង​តំបន់​ផ្សេងទៀត​នៃ​អាស៊ីដែល​ជឿថា​ ការប្រើប្រាស់​ផ្នែក​ខ្លះ​របស់​សត្វ​ខ្លា​នឹង​អាចជួយ​ព្យាបាល​ជំងឺ​ជាច្រើន​មុខឬ​អាចជួយ​ឱ្យ​ពួកគេ​មាន​សុខភាព​រឹងមាំ និង​មាន​អំណាចដូច​សត្វ​ខ្លា​ដូច្នោះ​ដែរ៕