
លោករដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Olaf Scholz ធ្វើសន្និសីទកាសែត។ AFP
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហលស៍ បានជំរុញឱ្យចិនប្រើឥទ្ធិពលរបស់ខ្លួនលើរុស្ស៊ី ដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។ ការជំរុញនេះធ្វើឡើងក្នុងអំឡុងពេលដែលលោក ស្ហលស៍ ជួបពិភាក្សាជាមួយសមភាគីចិនលោក ស៊ី ជីនពីង ក្នុងទីក្រុងប៉េកាំង នាថ្ងៃសុក្រ ទី ៤ វិច្ឆិកា ឆ្នាំ ២០២២ ។
លោក អូឡាហ្វ ស្ហលស៍ បាននិយាយថា ប្រទេសអាល្លឺម៉ង់ និងចិនបានយល់ស្របគ្នាថាការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ីគឺជាទង្វើគ្មានការទទួលខុសត្រូវ និងមានគ្រោះថ្នាក់ខ្លាំង។
ប៉ុន្តែ នៅពេលរាយការណ៍ពីសេចក្តីសន្និដ្ឋានរបស់មេដឹកនាំទាំង ២ ក្រសួងការបរទេសចិនមិនបានដកស្រង់សម្តីរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ថាបានប្រើពាក្យ «គ្មានការទទួលខុសត្រូវ» ឬ «គ្រោះថ្នាក់ខ្ពស់» នោះទេ។
លោក ស៊ី បានបដិសេធមិនថ្កោលទោសការឈ្លានពានរបស់លោក វ្ល៉ាឌីមៀរ ពូទីន លើអ៊ុយក្រែនឡើយ ហើយការមិនព្រមថ្កោលទោសរុស្ស៊ីនេះគឺជាចំណុចដ៏រសើបមួយ ដែលបាននិងកំពុងធ្វើឱ្យបស្ចិមលោកមានទំនាក់ទំនងតានតឹងជាមួយចិន បូកបន្ថែមពីលើសំណុំរឿងតៃវ៉ាន់ និងការរំលោភសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។
យ៉ាងណាក៏ដោយ លោក ស៊ី បាននិយាយថា សហគមន៍អន្តរជាតិគួរតែគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់វិបត្តិដោយសន្តិវិធី និងប្រឆាំងចំពោះការប្រើប្រាស់ ឬគំរាមកំហែងដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
គួរជ្រាបថា ក្នុងអំឡុងពេលជួបពិភាក្សាគ្នាផ្ទាល់ លោក ស៊ី និងលោក ស្ហលស៍ បានព្រមព្រៀងគ្នាបន្តកិច្ចពិភាក្សាស្តីអំពីសំណុំរឿងសំខាន់ៗជាច្រើនរួមមានជាអាទិ៍ សង្គ្រាមនៅអ៊ុយក្រែន សន្តិសុខស្បៀងអាហារ និងថាមពលសកល ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតសកល។
ជាមួយគ្នានេះ មេដឹកនាំអាល្លឺម៉ង់បានលើកឡើងសាជាថ្មីដែរនូវគោលជំហររបស់អាល្លឺម៉ង់ចំពោះតៃវ៉ាន់ថារាល់ការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ត្រូវតែប្រកាន់ខ្ជាប់នូវសន្តិភាព និងដោយមានការព្រមព្រៀងគ្នាទៅវិញទៅមក។ ចំណែកពាក់ព័ន្ធលើបញ្ហាសិទ្ធិមនុស្សវិញ លោកថា សិទ្ធិមនុស្សត្រូវតែការពារ ជាពិសេសសិទ្ធិរបស់ជនជាតិភាគតិចនៅតំបន់ស៊ីនជាំងរបស់ចិន។
គួរជម្រាបជូនដែរថា ដំណើរទស្សនកិច្ចរបស់លោក អូឡាហ្វ ស្ហលស៍ ទៅកាន់ប្រទេសចិននៅថ្ងៃសុក្រ ទី ៤ វិច្ឆិកា មានរយៈពេលខ្លីត្រឹមតែ ១១ ម៉ោងប៉ុណ្ណោះ និងមានភាពចម្រូងចម្រាស។
លោកអធិការបតីអាល្លឺម៉ង់ គឺជាមេដឹកនាំលោកខាងលិចដំបូងគេដែលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ ១៩ ហើយលោកក៏ជាថ្នាក់ដឹកនាំកំពូលលោកខាងលិចដំបូងគេដែរ ដែលបានជួបលោកប្រធានាធិបតីចិន ស៊ី ដោយផ្ទាល់ ចាប់តាំងពីលោកស៊ីពង្រឹងការក្តោបក្តាប់អំណាចរបស់លោកនៅក្នុងសមាជជាតិរបស់បក្សកុម្មុយនីស្តកាលពីខែមុន៕