មេបញ្ជាការ​ផ្នែក​យុទ្ធសាស្ត្រ​របស់​អាមេរិក​លោកនាយ​ឧ​ត្ត​មនា​វី ឆា​លស៍ រី​ឆាដ (Charles A. Richard) បាន​ព្រមាន​ថា ប្រទេស​ចិន​កំពុង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​លឿន​ជាង​អាមេរិក និង​បាន​ហៅ​វា​ថា​ជា​បញ្ហា​ដែល​ត្រូវ​ឆាប់​ដោះស្រាយ​។ លោក រី​ឆាដ បានលើកឡើង​បែបនេះ​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​នៅឯ​ព្រឹត្តិការណ៍​មួយ​កាលពី​សប្តាហ៍​មុន​។​

​មន្ត្រី​មន្ទីរ​បញ្ច​កោណ បាននិងកំពុង​ប្រកាសអាសន្ន​ពី​ការកសាង​និង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ក៏ប៉ុន្តែ ការអត្ថាធិប្បាយ​របស់​លោកនាយ​ឧ​ត្ត​មនា​វី​អាមេរិក រី​ឆាដ បាន​រំលេច​ថា​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​និង​បន្ទាន់​ជាង​មុន​។​

«​នៅពេល​ខ្ញុំ​វាយតម្លៃ​កម្រិត​នៃ​ការ​ទប់ទល់​របស់​យើង​ប្រឆាំងនឹង​ចិន កប៉ាល់​កំពុង​លិច​បន្តិច​ម្តងៗ​។ វា​កំពុង​លិច ដោយហេតុថា ចិន​កំពុង​ពង្រឹងសមត្ថភាព​ក្នុង​វិស័យនេះ​លឿន​ជាង​យើង​»​។ នេះ​គឺជា​ការលើកឡើង​របស់​លោក រី​ឆាដ​។​

​បន្ថែម​លើ​នេះ លោកនាយ​ឧ​ត្ត​មនា​វី​អាមេរិក បាន​ហៅ​ការអភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​ថា​ជា​បញ្ហា​ដែល​ត្រូវតែ​ឆាប់​ដោះស្រាយ​។​

​គួរ​ជ្រាបថា ប្រមុខ​យោធា​នុយក្លេអ៊ែរ​អាមេរិក បានធ្វើការ​ព្រមាន​អំពី​ល្បឿន​នៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​នៅឯ​សន្និសីទ​ប្រចាំឆ្នាំ​របស់​របស់​កងទ័ព​ជើង​ទឹក​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។ នេះ​ជា​ព្រឹត្តិការណ៍​សម្ងាត់​មួយ ប៉ុន្តែ​ការអត្ថាធិប្បាយ​របស់លោក រី​ឆាដ ត្រូវបាន​គេ​យកទៅ​ចុះផ្សាយ​នៅក្នុង​អត្ថបទ​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កាលពី​ថ្ងៃ​សុក្រ​។​

​រដ្ឋបាល​របស់លោក ចូ បៃ​ដិ​ន បាន​ហៅ​ចិន​ថា​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក និង​បាន​ព្រមាន​អំពី​ការអភិវឌ្ឍ​កម្មវិធី​យោធា និង​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​នៅក្នុង​ឯកសារ​គោលនយោបាយ​ជា​បន្តបន្ទាប់​។ ឯកសារ​គោលនយោបាយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ចុងខែ​តុលា​នេះ ពន្យល់​ពី​យុទ្ធសាស្ត្រ​ផ្នែក​ការពារជាតិ និង​យោធា​របស់​អាមេរិក​។​

​ដោយឡែក មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​អាមេរិក​មួយរូប​ទៀត បាន​និយាយ​អំពី​យុទ្ធសាស្ត្រ​នេះ​ថា ប្រទេស​ចិន​គឺជា​បញ្ហា​ដែល​សហរដ្ឋអាមេរិក​ត្រូវ​ដោះស្រាយ ពីព្រោះ​ចិន​គឺ​គូប្រជែង​តែមួយគត់​ដែលមាន​ទាំង​ចេតនា និង​សមត្ថភាព​កាន់តែខ្លាំង​ឡើង​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​អាមេរិក​មិន​ថា​លើ​ផ្នែក​យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា ឬ​ផ្នែក​ការទូត​ឡើយ​។

​ឯកសារ​គោលនយោបាយ​មួយ​របស់​អាមេរិក បានលើកឡើង​អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​ថា ប្រទេស​ចិន ទំនង​ជាមាន​គោលដៅ​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឱ្យបាន​យ៉ាងហោចណាស់ ១ ០០០ គ្រាប់​នៅ​ចុង​ទសវត្សរ៍​នេះ​។

​ប្រមុខ​យោធា​នុយក្លេអ៊ែរ​អាមេរិក​លោក រី​ឆាដ ធ្លាប់បាន​ព្រមាន​ហើយ​ដែរ​អំពី​ការអភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​ចិន​ក្នុង​ឆ្នាំ ២០២១ ដោយ​ហៅ​កម្មវិធី​របស់​ចិន​នេះ​ថា​ជាការ​បំបែក​យុទ្ធសាស្ត្រ​មួយ​៕​