មាន​មនុស្ស​នៅ​អឺរ៉ុប យ៉ាងហោចណាស់ ១ម៉ឺន ៥ពាន់នាក់ ស្លាប់​បាត់បង់​ជីវិត​ដោយសារ​អាកាសធាតុ​ក្ដៅ នៅ​ក្នុង​ឆ្នាំ ២០២២​នេះ។ នេះ​បើតាម​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទ ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​បញ្ជាក់បន្ថែម​ថា ប្រទេស​ដែល​រង​ផល​ប៉ះពាល់​និង​មាន​មនុស្ស​ស្លាប់​ដោយសារ​អាកាសធាតុ​ក្ដៅ​ច្រើន​ជាងគេ គឺ​ប្រទេស អេស្ប៉ាញ និង អាល្លឺម៉ង់។

ជារៀងរាល់ឆ្នាំ នា​រដូវក្ដៅ​ដែល​មាន​រយៈពេល ៣ខែ ចាប់​ពី​ខែ​មិថុនា ដល់ ខែ​សីហា សីតុណ្ហភាព​នៅ​តំបន់​អឺរ៉ុប​កើនឡើង​ខ្លាំង។ ធាតុអាកាស​ក្ដៅ​មិន​ធ្លាប់​មាន​នា​ឆ្នាំ ២០២២​នេះ បាន​បណ្ដាល​ឱ្យ​តំបន់​នៅ​អឺរ៉ុប ជាច្រើន​ត្រូវ​ជួប​ប្រទះ​នឹង​គ្រោះ​រីងស្ងួត​ហួតហែង​ខ្លាំង​បំផុត ចាប់តាំង​ពី​យុគសម័យ​កណ្ដាល​មក។

លោក Hans Kluge នាយក​ប្រចាំ​តំបន់​អឺរ៉ុប​នៃ​អង្គការ​សុខភាព​ពិភពលោក បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទ ទី០៧ ខែ​វិច្ឆិកា​ថា៖ «បើ​ផ្អែក​តាម​ទិន្នន័យ​ផ្ដល់​ឱ្យ​ដោយ​បណ្ដា​ប្រទេស​នីមួយៗ​នៅ​អឺរ៉ុប ក្នុង​ឆ្នាំ ២០២២​នេះ មាន​មនុស្ស​យ៉ាងហោចណាស់ ១​ម៉ឺន ៥ពាន់នាក់ ដែល​ទំនង​ជា​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​អាកាសធាតុ​ក្ដៅខ្លាំង នា​រដូវក្ដៅ​កន្លងទៅ។ ក្នុង​ចំណោម​នោះ មានអ្នក​ស្លាប់ ៤ពាន់ ៥រយនាក់ នៅ​ប្រទស​អាល្លឺម៉ង់ ជិត ៤ពាន់​នាក់​នៅ​ប្រទេស អេស្ប៉ាញ ៣ពាន់ ២រយនាក់ នៅអង់គ្លេស និង​ជាង ១ពាន់នាក់​នៅ​ប្រទេស ព័រទុយហ្គាល់»។

តួលេខនេះ បើ​តាម​លោក Hans Kluge ទំនង​ជា​អាច​នឹង​កើន​ឡើង​ទៀត ខណៈពេល​ដែល​ប្រទេស​ជាច្រើន​កំពុង​បន្ត​ផ្ដល់​សេចក្ដី​រាយការណ៍​អំពី​ករណី​ស្លាប់​ដោយសារ​តែ​អាកាសធាតុ​ក្ដៅខ្លាំង។ តាម​រយៈ​ទិន្នន័យ​នេះ លោក​នាយក​ប្រចាំ​តំបន់​អឺរ៉ុប​នៃ​អង្គការ​សុខភាពពិភពលោក សង្កត់ធ្ងន់​អំពី​ភាព​ចាំបាច់​ដែល​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ​ស្ដីពី​អាកាសធាតុ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ស្វែងរក​វិធានការ​ដោះស្រាយជា​បន្ទាន់។

គួររំឭកថា នារដូវក្ដៅ​ឆ្នាំ ២០២២ កន្លងទៅ ជាពិសេស នៅ​ក្នុង​ខែ​មិថុនា និង កក្កដា បណ្ដា​ប្រទេស​នៅ​អឺរ៉ុប បាន​រងការ​វាយ​ប្រហារ​ដោយរលក​កម្ដៅ​ក្ដៅ​ខ្លាំង។ លោក Hans Kluge ពន្យល់ថា សីតុណ្ហភាព​កើនឡើង​លើស ៤០ អង្សារ គឺជា​កម្រិត​ដ៏​ក្ដៅ​មួយ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​រាងកាយ។ វា​ធ្វើ​ឱ្យ​រាងកាយ​មនុស្ស​មាន​ភាព​តានតឹង​ខ្លាំង ហើយ​អាច​បណ្ដាល​ឱ្យ​ស្លាប់​បាន ជាពិសេស សម្រាប់​អ្នក​ដែល​មាន​ជំងឺបេះដូង​រ៉ាំរ៉ៃ អ្នក​ដែល​មាន​បញ្ហា​ក្នុង​ការ​ដកដង្ហើម និង​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ជាដើម។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​តំបន់​អឺរ៉ុប​ដដែល​ព្រមាន​ថា ការ​កើន​ឡើង​រលក​កម្ដៅ និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ធ្ងន់ធ្ងរផ្សេង​ទៀត​នឹង​បណ្ដាល​ឱ្យ​មនុស្ស​កើត​ជំងឺ និង​ស្លាប់​កាន់តែច្រើន នៅ​ក្នុង​ទសវត្សរ៍​ក្រោយ ប្រសិន​បើ​មិនមាន​ការ​ដាក់ចេញ​នូវវិធានការ​បង្ការ​ឬដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ​នោះ៕