នៅ​ក្នុង​ប្រទេស​ថៃ​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ បាន​និយាយ​នៅ​ថ្ងៃអង្គារ​ ទី៨ ​វិច្ឆិកាថា​ រដ្ឋ​អំណាច​ កំពុង​ដក​ចេញ​នូ​វគោលនយោបាយ​ដែល​អនុញ្ញាត​ឱ្យ​ជនបរទេស​អាចមាន​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅក្នុង​ទឹកដីថៃ​បាន​។ ​ការ​ប្រកាស​ខាងលើ​ ធ្វើឡើង​បន្ទាប់​ពី​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ផែន​ការ​នេះ​ពី​សាធារណ​ជន។

កាល​ពី​ប៉ុន្មាន​ខែមុន ​រដ្ឋាភិបាល​ថៃ ​​បាន​ប្រកាស​ពី​គម្រោង​ផែនការ​ដែលមាន​បំណង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរ ទេស​ ដោយ​កំណត់ឱ្យ​ជនបរទេស​អាចមាន​សិទ្ធិ​ទិញ​ផ្ទៃដី​ក្នុង​ទំហំ​ ០,១៦ ​ហិកតា​ ប្រសិន​បើ​ពួកគេ​ វិនិយោគ​ក្នុងទឹក​ប្រាក់​យ៉ាង​តិចចំនួន ​៤០​លាន​បាត​ (១,០៧ ​លាន​ដុល្លារ​អាមេរិក​) ជា​មូលបត្រ ​ឬ ​មូលបត្រ​បំណុល​យ៉ាង​ហោចណាស់​រយៈពេល​ ៣​ឆ្នាំ។

ផែនការនេះ ​ទទួល​បាន​ប្រតិកម្ម​ប្រឆាំង​ជា​ច្រើន​ពី​មតិ​សាធារណ​ជ​នថៃ​។ ​ក្រុម​អ្នក​រិះគន់ ​បាន​លើក​ឡើងថា​ ផលចំ​ណេញ​ដែល​បាន​មកពី​ផែន​ការនេះ​គឺ​តិចតួច ​និងថា​គោល​នយោបាយ​នេះ​អាច​រុញ ច្រាន​ឱ្យ​តម្លៃ​អចលន​ទ្រព្យ​កើន​ឡើង ​ពោល​គឺធ្វើ​ឱ្យ​បាត់បង់​ភាព​ជា​ម្ចាស់​កម្ម​សិទ្ធិ​ក្នុង​ស្រុក​។

អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​ថៃ ​លោក​ អានុ​ឆា ប៊ូរ៉ាប៉ា​ឆៃស្រី ​(Anucha Burapachaisri) បាន​និយាយ​នៅឯ​សន្និសីទ​សារ​ព័ត៌មាន​មួយ​ថា​៖ «​ក្រសួង​មហាផ្ទៃ ​បាន​ដក​សំណើ​…ស្តាប់​មតិ​យោបល់​ ពី​គ្រប់​ភាគី​ទាំងអស់​ដើម្បី​ឱ្យ​ផែន​ការនេះ​ មាន​ភាព​គ្រប់​ជ្រុងជ្រោយ​»​។

ចំណែក​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃថៃ​ លោក​ អានុ​ពុង​ប៉ាវ​ឈីន​ដា (Anupong Paochinda)​ បាន​ហៅ​រឿង​នេះ​ថា​ ​បញ្ហា​រស៊ើបខ្លាំង​និង​ត្រូវ​ដោះស្រាយ​យ៉ាង​ប្រុង​ប្រយ័ត្ន​ និង​បាន​និយាយ​ទៀត​ថា​ ការ​សិក្សា​មួយ ​គឺ​ចាំ​បាច់​ត្រូវ​ធ្វើ​ដើម្បី​ថ្លឹងថ្លែង​ពី​គុណ​សម្បត្តិ​ និង​គុណវិបត្តិ។

គួរ​ជ្រាប​ថា​ រដ្ឋាភិបាល​ថៃ ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ដើម្បី​ជំរុញ​សេដ្ឋ កិច្ច​រួមមាន​ទាំង​គម្រោង​ទិដ្ឋា​ការ​រយៈពេល​វែង ​និង​ការ​បន្ធូរ​បន្ថយ​ពន្ធ​លើប្រាក់​ចំណូល​សម្រាប់ជនបរទេស​ដែល​មាន​សក្តានុ​ពលខ្ពស់​អ្នកចូល​និវត្តន៍​ដែល​សម្បូរ​ទ្រព្យ​ និង​អ្នក​ដែល​មាន​ជំនាញ។

ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី២​របស់​អាស៊ី​អាគ្នេយ៍​ ថៃ​ត្រូវ​បាន​រំពឹង​ថា ​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ៣,៣% ​នៅឆ្នាំ​២០២២​ ហើយ​អស់រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ដែលថៃ​បាន​ក្លាយ​ជា​គោលដៅ​ដ៏​ពេញ​និយម​បំផុត​មួយ​នៅអាស៊ី​សម្រាប់​ជន​បរទេស​អាជីវកម្ម ​និង​អ្នក​ចូលនិវត្តន៍​មក​ពី​បណ្តា​ប្រទេស​លោក​ខាងលិច​៕