គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៥,៦​រ៉ិចទ័រ បាន​វាយ​ប្រហារ​ភាគ​ខាង​លិច​ប្រទេស​នេប៉ាល់​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ទី​៩ ខែ​វិច្ឆិកា​នេះ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៦​នាក់​ ស្លាប់​បាត់​បង់​ជីវិត​។​ នេះ​បើ​តាម​តួលេខ​ផ្លូវ​ការ​បឋម​ផ្ដល់​ឱ្យ​អាជ្ញាធរ​នៅ​ក្នុង​តំបន់​កើតហេតុ​។

​ក្រុម​អ្នក​ជំនាញ​ខាង​ភូគព្ភសាស្រ្ត​អាមេរិក​(United States Geological Survey) ​បាន​ឱ្យ​ដឹង​ថា​ ចំណុច​កណ្ដាល​នៃ​ការ​រញ្ជួយ​ដី គឺ​ស្ថិត​នៅ​តំបន់ Seti ​មាន​ជម្រៅ ១៥,៧​គីឡូម៉ែត្រ​ទៅ​ក្រោម​ដី​ និង​មាន​ចម្ងាយ​ ២១​គីឡូម៉ែត្រ ​ភាគ​ខាងកើត​នៃ​ទីក្រុង ​Dipayal​របស់​នេប៉ាល់​។

ស្នង​ការ​រង​ប៉ូលិស​នេប៉ាល់ ​លោក Bhola Bhatta ​បាន​គូស​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ CNN ​ថា ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៦​នាក់ ​បាន​ស្លាប់​បាត់​បង់​ជីវិត ​ដោយ​សារ​តែ​គ្រោះ​រញ្ជួយ​ដី​នេះ និង​៥​នាក់​ផ្សេង​ទៀត​រង​របួស​ នៅ​ទីក្រុង Pur bichukiនៃ​ស្រុក Doti។ ​លោក​បន្ត​ថា៖ «ការ​រញ្ជួយ​ដី​នេះ​ បាន​បំផ្លិចបំផ្លាញ​ទាំង​ស្រុង​នូវ​ផ្ទះ​ចំនួន​៣​ខ្នង ​ព្រម​ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ និង​ថា ​ឥឡូវ​នេះ​ ក្រុម​ប្រតិបត្តិការ​រុក​រក​កំពុង​តែ​បន្ត​ការងារ​របស់​ខ្លួន​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​តំបន់​រង​គ្រោះ»។

ចំណែក​នាយក​រដ្ឋមន្ដ្រី​នេប៉ាល់ ​លោក​ Sher Bahadur Deuba​ បាន​សរសេរ​សារ​រំលែក​ទុក្ខ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក ​ចំពោះ​ក្រុម​គ្រួសារនៃ​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​សារ​តែ​គ្រោះ​ធម្មជាតិ​នេះ។ ​តាម​រយៈ​សារ​ដដែលនោះ លោក​បាន​គូស​បញ្ជាក់​អំពី​ការ​ដាក់​ចេញ​នូវ​បទ​បញ្ជា​ដល់​ភ្នាក់ងារ​ពាក់ព័ន្ធ ​ឱ្យ​រៀបចំ​ការ​សង្គ្រោះ​ព្យាបាល​បន្ទាន់​ភ្លាម​ៗ​សម្រាប់​អ្នក​រង​របួស ​និង​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ឱ្យ​អស់​ពី​លទ្ធភាព​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​។

បើ​តាម​លោក​នា យក​រដ្ឋមន្ដ្រី​នេប៉ាល់​អាជ្ញាធរ ​មិនរំពឹងថា ​នឹង​មាន​អ្នកស្លាប់​ និង​របួស​ច្រើន​នោះ​ទេ​ ដោយ​សារតែ​ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដីនេះ ​កើត​ឡើង​ នៅត្រង់​តំបន់​ដែលមាន​ប្រជាជន​តិច​។

ជា​ការ​កត់​សម្គាល់ ​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់​នេះ ​បាន​ជះ​ឥទ្ធិពល​ទៅ​ដល់​ទីក្រុង​ញូវ​ដេលី​របស់​ប្រទេស​ឥណ្ឌា។ ​ទីក្រុង​ញូវ ដេលី​របស់​ឥណ្ឌា​ដែល​បាន​រាយការណ៍​អំពី​ការ​ញ័រ​រញ្ជួយ​ដែល​មាន​រយៈ​ពេល​ប្រហែល​ ១០​វិនាទី​។

សូម​រំឭក​ថា​កាល​ពីឆ្នាំ២០១៥​គ្រោះរញ្ជួយ​ដីក​ម្រិត៧,៨​ រ៉ិចទ័រ បាន​អង្រួន​ប្រទេស​នេប៉ាល់​ដោយបាន​សម្លាប់​មនុស្សជិត​៩ ​០០០នាក់ ​និង​បាន​បំផ្លិចបំផ្លាញ​ផ្ទះ​និង​អគារជា​ច្រើន​កន្លែង​៕