
តំណាង IMF លោក Rahul Anand ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងដាក្កា នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
នៅថ្ងៃពុធ ទី ៩ ខែវិច្ឆិកានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានយល់ព្រមជាបណ្ដោះអាសន្នលើកម្មវិធីជំនួយ ក្នុងទំហំទឹកប្រាក់ $ ៤,៥ ពាន់លាន សម្រាប់ជួយប្រទេសបង់ក្លាដែស ដែលរងគ្រោះពីអតិផរណា និងការធ្លាក់ចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេស។ តាមរយៈកញ្ចប់ជំនួយនេះ បង់ក្លាដែសក្លាយជាប្រទេសអាស៊ីខាងត្បូងទី៣ ហើយ ដែលទទួលបានការជួយសង្គ្រោះ។
ជាមួយនឹងសេដ្ឋកិច្ចដែលមានតម្លៃ $៤១៦ ពាន់លាន បង់ក្លាដែស គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានកំណើនលឿនបំផុតរបស់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែការកើនឡើងនៃតម្លៃថាមពល និងម្ហូបអាហារ ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនរួមជាមួយនឹងទុនបម្រុងធ្លាក់ចុះ បានធ្វើឱ្យការនាំចូលរបស់បង់ក្លាដែសកើនឡើង និងមានឱនភាពគណនី។
IMF បាននិយាយថា៖ «កិច្ចព្រមព្រៀងកម្រិតបុគ្គលិក» បានសម្រេចឈានដល់ សម្រាប់ការរៀបចំរយៈពេល ៤២ ខែ ក្នុងនោះរួមមានទាំងថវិកាប្រមាណ $ ៣,២ ពាន់លាន ពីគម្រោងឥណទានបន្ថែម (ECF) និងភាពងាយស្រួល ក្នុងការទទួលបានមូលនិធិបន្ថែម (EFF) បូកបញ្ចូលជាមួយនឹងថវិកាប្រមាណ $១,៣ ពាន់លានទៀតពីកម្មវិធីភាពធន់ និងនិរន្តរភាពថ្មីរបស់ IMF។
តាមរយៈសេចក្តីថ្លែងការណ៍មួយ IMF និយាយថា៖ «គោលបំណងនៃកម្មវិធីគាំទ្រដោយមូលនិធិថ្មី សម្រាប់ប្រទេសបង់ក្លាដែស គឺដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រកំណើនដ៏រឹងមាំបរិយាប័ន្ន និងកំណើនពណ៌បៃតង ស្របពេលដែលការពារជនងាយរងគ្រោះ»។
គួរជ្រាបថា កិច្ចព្រមព្រៀងកម្រិតបុគ្គលិក ជាធម្មតាស្ថិតក្រោមការយល់ព្រមពីគណៈគ្រប់គ្រង និងការពិចារណា ដោយក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF ដែលត្រូវបានគេរំពឹងថា នឹងចេញជាផ្លូវការនៅសប្តាហ៍ខាងមុខនេះ។
IMF បានឲ្យដឹងដែរថា ប្រទេសបង់ក្លាដែស បានដាក់បញ្ចូលគ្នានូវកម្មវិធីមួយ ដើម្បីជំរុញកំណើនដែលរួមមានវិធានការទប់ស្កាត់អតិផរណា និងពង្រឹងវិស័យហិរញ្ញវត្ថុ។
មកទល់នឹងពេលនេះបង់ក្លាដែស ក្លាយជាប្រទេសអាស៊ីខាងត្បូងទី៣ ហើយ បន្ទាប់ពីប៉ាគីស្ថាន និងស្រីលង្កា ដែលឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិក សម្រាប់ប្រាក់កម្ចីជាមួយ IMF នៅឆ្នាំ ២០២២៕