នៅពេលដែល​ពិភពលោក​ទាំងមូល កំពុង​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ប្រទេស​ចិន​នៅតែ​ប្រកាន់​យក​គោលនយោបាយ «កូវីដ​សូន្យ» ហើយ​បន្ត​ចង់យក​ឈ្នះ​ជំងឺ​នេះ ដោយ​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ​ទាំងអស់ ដើម្បី​លុប​វត្តមាន​ជំងឺ​នេះ​ចេញពី​ប្រទេស​របស់ខ្លួន។ យ៉ាងណាក៏ដោយ ចិន​កាន់តែ​មានះ ជំងឺ​កូវីដ ​១៩ ក៏​កាន់តែ​កម្រើក​ខ្លាំង។

កាល​ពី​ថ្ងៃ​អង្គារ ទី ៨ ខែ​វិច្ឆិកា ទី​ក្រុង​គ័ងចូវ ដែល​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏​សំខាន់​របស់​ចិន ក៏ដូចជា​របស់​ពិភពលោក បាន​រាយការណ៍​អំពី​ករណី​ឆ្លង​កូវីដ​ ១៩ ចំនួន ២ ៦៣៧​ ករណី ដែល​ស្មើនឹង​ជិត ១/៣ នៃ​ករណី​ឆ្លង​សរុប នៅ​ទូទាំងប្រទេស​ចិន។ នេះ​ជា​ចំនួន​ឆ្លង​កូ​វីដ​ ១៩ នៅ​ប្រទេស​ចិន​ដ៏​ខ្ពស់បំផុត​ពុំ​ធ្លាប់មាន​ទេ ក្នុង​រយៈពេល ៦​ ខែ​កន្លងមកនេះ។ តាមរយៈ​អត្រា​ឆ្លង​ដ៏​ខ្ពស់ និង​គួរឱ្យ​ព្រួយបារម្ភ​នេះ អាជ្ញាធរ​ទីក្រុង​គ័ងចូវ នៅ​ថ្ងៃ​ពុធ ទី​ ៩ ខែ​វិច្ឆិកា​នេះ បានសម្រេច​បិទ​ខ្ទប់​សង្កាត់ទី​៣ និង​ចាត់​វិធានការ​ជាបន្ទាន់​បំផុត ដើម្បី​លុបបំបាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ឱ្យ​បាន​ទាន់ពេលវេលា ធ្វើយ៉ាង​ណា​បញ្ចៀស​ឱ្យបាន​នូវ​ការបិទ​ខ្ទប់​ទីក្រុង​គ័ងចូវ​ទាំងមូល ដូច​ករណី​បិទ​ខ្ទប់​ទីក្រុង​សៀងហៃ កាល​ពី​ដើម​ឆ្នាំនេះ។

ទីក្រុង​គ័ងចូវ ដែលមាន​មនុស្ស​រស់នៅ​ជាង ១៩​ លាន​នាក់ បាន​ក្លាយជា​ចំណុច​កណ្ដាល​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ ​១៩ នៅ​ប្រទេស​ចិន ដោយមាន​អត្រា​ឆ្លង​កូវីដ ​១៩ ចំនួន​ជាង ១ ០០០ ​ករណី​ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល ៤​ថ្ងៃជាប់ៗ​គ្នា ហើយ​វា​បាន​កើន​ឡើងដល់​ចំនួន ២ ៦៣៧​ ករណី នៅ​ថ្ងៃ​អង្គារ ទី ​៨ វិច្ឆិកា។ ការផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​ទីក្រុង​គ័ងចូវ នាពេលនេះ មាន​ស្ថានភាព​អាក្រក់​បំផុត រាប់​ចាប់តាំងពី​ជំងឺ​នេះ លេច​វត្តមាន​ឡើង​នៅលើ​ពិភពលោក កាលពី​ចុងឆ្នាំ​ ២០១៩។

សូម​ជម្រាប​ដែរ​ថា ការបិទ​ខ្ទប់​នៅ​សង្កាត់ទី​៣ នៃ​ទីក្រុង​គ័ងចូវ នៅ​ថ្ងៃ​ពុធ ទី ​៩ ខែ​វិច្ឆិកា​នេះ នឹង​បន្ត​អូសបន្លាយ​រហូត​ដល់​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍។ ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ នៅក្នុង​សង្កាត់​ចំនួន​ ៩ នៅ​ទូទាំង​ទីក្រុង ហើយ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ជាង ៤០​ ស្ថានីយ តម្រូវឱ្យ​ផ្អាក​ដំណើរការ។ អ្នក​ទាំងឡាយណា ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​កូវីដ​ ១៩ រាប់​ចាប់តាំងពី​អ្នកជិតខាង រហូតដល់​អ្នក ដែល​រស់នៅក្នុង​អគារ​តែមួយ ឬ​តំបន់​រស់នៅ​តែមួយ ត្រូវ​ផ្ទេរ​ទៅធ្វើ​ចត្តា​ឡីស័ក ដាក់​ឱ្យនៅ​ដាច់ដោយឡែក ក្នុង​តំបន់​ដែល​រៀបចំ​ដោយ​អាជ្ញាធរ។

អនុប្រធាន​គណៈកម្មការ​សុខភាព​ក្រុង​គ័ងចូវ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នា​ថ្ងៃ​អង្គារ ទី ៨ ខែ​វិច្ឆិកា​ថា៖ «គិត​មក​ទល់​ពេលនេះ នៅ​ពុំទាន់​មាន​គោលការណ៍​ណាមួយ​អនុញ្ញាតឱ្យ​បិទ​បញ្ចប់ ឬ​បន្ធូរបន្ថយ​នូវ​គោលនយោបាយ​កូវីដ​សូន្យ​នោះ​ទេ។ ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​នៅតែមាន ហើយ​ការផ្ទុះ​ឆ្លង​រាល​ដាល​ម្ដងៗ សុទ្ធ​តែមាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ»។

ឥឡូវនេះ ដ្បិតតែ​ការបិទ​ខ្ទប់​មានតែ​នៅ​សង្កាត់ទី​៣ នៃ​ទីក្រុង​គ័ងចូវ ក៏ពិតមែន ប៉ុន្តែ​ប្រជាជន​នៅ​ទីក្រុង​នេះ បានបង្ហាញ​ពី​ក្ដីបារម្ភ​របស់ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម WeChat គឺ​បារម្ភ​ខ្លាច​ថា នឹងមាន​ការបិទ​ខ្ទប់​ទូទាំង​ទីក្រុង ដូច​ករណី​នៅ​ទីក្រុង​សៀងហៃ។ ទីក្រុង​សៀងហៃ ដែល​រង​ការបិទ​ខ្ទប់​អស់​រយៈពេល ២​ ខែ បន្ទាប់ពី​រកឃើញ​ករណី​ឆ្លង​កូវីដ​ ១៩ ចំនួន​ជាង ៣ ៥០០​ ករណី នៅក្នុង ១ ​ថ្ងៃ។

ដោយសារតែ​ក្ដីបារម្ភ​នេះហើយ អ្នកស្រុក​ជាច្រើន នៅ​ទីក្រុង​គ័ងចូវ បាន​ស្តុក​ទុក​ស្បៀងអាហារ និង​សម្ភារ​ប្រើប្រាស់​ចាំ​បាច់​ផ្សេងៗ​ទៀត។ ចំណែក​អ្នក​ផ្សេងទៀត ដែល​ខឹង​នឹង​ការ​វិធាន​ការបិទ​ខ្ទប់ បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​បញ្ចេញ​ការខកចិត្ត​របស់​ពួកគេ។

នៅលើ Weibo ដែលជា​វេទិកា​ស្រដៀង​នឹង Twitter របស់​ប្រទេស​ចិន​ពួកគេ​នាំគ្នា​សរសេរ​សារ​រិះគន់​វិធានការ​កូវីដ​សូន្យ ដោយ​ប្រើប្រាស់​ភាសា​ចិន​កន្តាំង។ ការមិន​ពេញចិត្ត និង​សារ​រិះគន់​ទាំងអស់នេះ បានដាក់​សម្ពាធ​ទៅលើ​អាជ្ញាធរ​ចិន ទាំង​នៅ​ទីក្រុង​គ័ងចូវ និង​នៅ​ទូទាំងប្រទេស ខណៈដែល​ពួកគេ​កំពុងតែបន្ត​បង្កើន​វិធានការ​ត្រួតពិនិត្យ រឹតត្បិត និង​បិទ​ខ្ទប់ ដើម្បី​បង្ការ និង​ឈានទៅ​បញ្ចប់​ការឆ្លង​ជំងឺ​កូវីដ១៩ តាម​គោល​នយោបាយ​កូវីដ​សូន្យ​របស់​រដ្ឋាភិបាល​ចិន៕