កិច្ច​ប្រជុំកំពូល​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំ​មុខ G20​ ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើនៅ​លើ​កោះ​បាលី ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ​នា​សប្ដាហ៍​ក្រោយ​នេះ ​នឹង​មិន​មាន​វត្តមាន​លោក ​វ្ល៉ា​ឌីមៀរ ​ពូទីន​ ប្រធានា​ធិបតី​រុស្ស៊ី ចូល​រួម​នោះ​ឡើយ​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់ជា​ផ្លូវការ​​ពី​មន្ដ្រី​ឥណ្ឌូ​នេស៊ី​និង​មន្ដ្រី​រុស្ស៊ី​ នា​ថ្ងៃព្រហស្បតិ៍ ទី ១០ ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២២។ ​បើ​ទោះ​បី​ជា​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក៏​ពិត​មែន ប៉ុន្តែ​ប្រភព​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រជុំ​កំពូល​ G20​ បាន​គូស​បញ្ជាក់​ថា ​លោក​ប្រធានា​ធិបតី​ពូទីន ​នឹង​ចូល​រួម​កិច្ច​ប្រជុំ​មួយ​តាម​ប្រព័ន្ធ​វីដេអូ។ ​ចំណែក​ការ​ចូល​រួម​ដោយ​ផ្ទាល់ ​រដ្ឋាភិបាល​រុស្ស៊ីបាន​ចាត់​លោក​រដ្ឋមន្ដ្រី​ការបរទេស​រុស្ស៊ី​ សឺហ្គេ​ឡាវរ៉ូវ​ ឱ្យ​​ចូល​រួម​កិច្ច​ប្រជុំ​នេះជំនួសលោក ពូទីន​​។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល G20 ​នា​ឆ្នាំ​នេះ ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ច្រាន​ចោល​ការ​ទទូច​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច ក៏​ដូច​ជា​ប្រទេស​អ៊ុយក្រែន ​ដែល​មិនចង់​​ឱ្យឥណ្ឌូ​នេស៊ី​អញ្ជើញ​លោក ​ពូទីន ​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​មាន​ផងដែរ ​ការ​ទទូច​ឱ្យ​បណ្ដេញ​រុស្ស៊ី​ចេញ​ពី​ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំ​មុខ G20​ បន្ទាប់​ពី​រុស្ស៊ី​បាន​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​។ ​ជា​ការ​ទទូច​ដែល​ឥណ្ឌូនេស៊ី​ច្រាន​ចោល​ដូច​គ្នា​ដែរ​ ដោយ​សំអាង​ហេតុ​ថា ខ្លួន​ពុំ​មាន​សិទ្ធិ​អំណាច​ដើម្បី​បណ្ដេញ​រុស្ស៊ី​ចេញ​ពី​សមាជិក​ភាព​ក្រុម​ប្រទេស G20​ ឡើយ​ ប្រសិន​បើ​គ្មាន​ការ​ឯកភាព​កុង​សង់ស៊ីស​ក្នុង​ចំណោម​សមាជិក​ទាំង​អស់​ទេ​នោះ​។

អ្នកនាំពាក្យ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ឥណ្ឌូនេ ស៊ី​បាន​បញ្ជាក់​ថា​ លោក ពូទីន ​នឹង​មិន​ចូល​រួម​ក្នុង​ជំនួប​កំពូល ​G20 នេះ​ទេ ហើយ​ក៏​​មិន​បាន​ផ្តល់​ការ​ពន្យល់​ណាមួយ​បន្ថែម​ដែរ។

មុន​កិច្ច​ប្រជុំ​កំពូល​ G20​ ចូល​មក​ដល់​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី​ លោក ​ចូកូ ​វីដូដូ​ បាន​បន្ត​ព្យាយាម​ផ្សះផ្សា​ភាព​ប្រេះស្រាំ​​នៃ​ភូមិ​សាស្ត្រ​នយោបាយ​រវាង​មហា​អំណាច​នៅក្នុង​ក្រុម​ប្រទេស ​G20។​

ក្រុម​ប្រទេស ​G20​ ដែល​បាន​ព្រមាន​ថា​នឹង​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ និងធ្វើ​ពហិកា​មិន​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ឡើយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​តានតឹង​ដែលបង្ក​ឡើងដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន។​ ជា​ការ​ឈ្លានពាន​ដែល​រុស្ស៊ី​បន្ត​ហៅថា​ជា «ប្រតិបត្តិការ​យោធា​ពិសេស​»។

សម្រាប់​មេ​ដឹក​នាំ​ឥណ្ឌូនេស៊ី ​កិច្ច​ប្រជុំ G20 មិន​មែន​ជា​វេទិកា​នយោបាយ​ទេ​។ ​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នេះ ​គឺ​បញ្ហា​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក ​វីដូដូ។

គួរ​កត់​សម្គាល់​ដែរ​ថា ​ឥណ្ឌូនេស៊ី​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល G20 ​បាន​អញ្ជើញ​ប្រធានា​ធិបតី​អ៊ុយក្រែន​ លោក វ៉ុលឌីមៀរ​ ហ្សេឡេនស្គី ​ឱ្យ​ចូល​រួម​ផង​ដែរ ​ប៉ុន្តែ​លោក​ ហ្សេឡេនស្គី​ អះអាង​ថា​ លោក​នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ឡើយ ​ប្រសិន​បើ​លោក ពូទីន ចូល​រួម​កិច្ច​ប្រជុំ​នេះ​ដែរ​។ ក្រៅ​ពី​មេ​ដឹក​នាំ​រុស្ស៊ី​ និង​អ៊ុយក្រែន​ មេ​ដឹក​នាំ​ពិភពលោក​មួយ​ចំនួន​ទៀត បាន​បញ្ជាក់​អំពី​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​វិច្ឆិកា សប្ដាហ៍​ក្រោយ ក្នុង​នោះ​រួម​មាន​លោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន​ និង​លោក​ប្រធានា​ធិបតី​ចិន​ ស៊ី​ ជីនភីង​ ជា​ដើម​៕