នៅ​រដ្ឋ​ហ្លរីដា ការ​បាញ់​បង្ហោះ​រ៉ុក្កែត​ នៅ​ក្នុង​បេសកកម្ម Artemis-I ដែល​ទីភ្នាក់ងារអវកាស​អាមេរិក ​NASA គ្រោង​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ត្រូវ​លើក​ពេល​ទៅធ្វើ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកាវិញ​។ នេះ​គឺ​លើក​ទី​២​ ហើយ ដែល​ទីភ្នាក់ងារ​អវកាស NASA សម្រេច​ចិត្ត​ពន្យារ​ពេល​ការ​បាញ់​បង្ហោះ​រ៉ុក្កែត​ដែលធ្វើ​ឡើង​ក្នុង​គម្រោង​បេសកកម្ម Artemis-I។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ បេសកកម្ម Artemis-I ត្រូវ​បាន​លើក​ពេល​ម្ដង​ដោយ​សារ​តែ​បញ្ហា​ធាតុ​អាកាស ដែល​កាល​ណោះ រដ្ឋ​ហ្វ្លរីដា​រង​ការ​វាយ​ប្រហារ​ដោយ​ខ្យល់​ព្យុះ Ian។ ​ចំណែក​គម្រោង​បាញ់​បង្ហោះ​នៅ​ថ្ងៃ​ទី​ ១៤ វិច្ឆិកា​នេះ ​ត្រូវ​លើក​ពេល​ម្ដង​ទៀត​ ដោយ​សារ​តែ​​ខ្យល់​ព្យុះ​សង្ឃរា Nicole​ ដែល​ត្រូវ​គេព្យាករ​ថា នឹង​ធ្វើ​ដំណើរ​បោក​បក់​ដល់​រដ្ឋ​ហ្វ្លរីដា នៅ​វេលា​យប់​ថ្ងៃ​ពុធ ទី​ ៩ ឬ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ​១០ ខែ​វិច្ឆិកា ម៉ោង​នៅរដ្ឋ​ហ្វ្លរីដា ​សហរដ្ឋ​អាមេរិក​។ បើ​តាម​ការ​ព្យាករណ៍ ខ្យល់​ព្យុះ Nicole ស្ថិត​នៅ​ក្នុង​កម្រិត​ទី​១ ដោយ​មាន​កម្លាំង​ខ្យល់​បោក​បក់​ជាង ១០០​ គីឡូម៉ែត្រ​នៅ ​ក្នុង ១ ​ម៉ោង​។

សូម​ជម្រាប​ថា Artemis-I គឺជា​បេស​កកម្ម​ទី១ ​នៃ​គម្រោង​អារតេមីស​របស់​ណាសា ​ដើម្បីប​ញ្ជូន​មនុស្ស​ទៅកាន់​ព្រះ​ចន្ទ ក្នុងគោល​ដៅបោះ​ទី​តាំង​អចិន្រ្តៃយ៍។ ​ជា​ការ​បោះ​ទីតាំង​នៅ​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដើម្បី​ធ្វើជា​មូលដ្ឋាន ​សម្រាប់​បេសកកម្ម​ បញ្ជូន​មនុស្ស​ទៅកាន់​ភពអង្គារ។​ បេស​កកម្ម​Artemis-Iនេះ នឹង​មិនមាន​ដឹក​អវកាស​យានិក​នោះទេ ​ដោយ​មាន​តែ​តួយាន​ទទេ​តែ​ប៉ុណ្ណោះ ដើម្បី​ជាការ​សាកល្បង​បច្ចេក​វិទ្យា​រ៉ុក្កែត ​និង​យានអវកាស​ថ្មី​ មុន​នឹង​ឈាន​ទៅ​ដឹក​អវកាស​យានិក​។

គួរ​បញ្ជាក់​ជូន​ថា ប្រសិន​បើ​បេសកកម្ម ​Artemis-I ​ទទួល​បាន​ជោគជ័យ ​ទីភ្នាក់ងារ​អវកាស ​NASA ​នឹង​បន្ត​បេសក កម្ម​ក្នុង​គម្រោង Artemis​ បន្ត​ទៀត។ ក្នុង​នោះ ​បេសកកម្ម​ទី២ ​Artemis-II​ នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០២៤​ ដោយ​នៅ​ក្នុង​ដំណាក់កាល​ទី២​​ នេះ​អារតេ​មីស​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ដោយ​ទទេ​នោះទេ ​ដោយ​នៅ​ក្នុង​យាន ​Orion ​នឹង​មាន​ដឹកអវកាសយានិក​ចំនួន ៤ រូប​។ គោល​ដៅ ​គឺ​ធ្វើ​ដំណើរ​ទៅ​ហោះកាត់​មួយជុំ​ព្រះចន្ទ ​រួច​ហើយ​ត្រឡប់​មក​ផែនដី​វិញ​ តែ​​មិនចុះចត​លើ​ដីព្រះចន្ទ​ គឺ​ទាល់​តែ​ដល់​បេសកកម្ម​ទី៣ Artemis-III​ ទើប​ទីភ្នាក់ងារ​អវកាស​ NASA ​បញ្ជូន​អវកាស យានិក​ឱ្យ​ទៅ​ចុះចត​ដោយផ្ទាល់​លើដីព្រះច​ន្ទ ដើម្បី​បើកផ្លូវ​ឆ្ពោះទៅ​ការ​បង្កើត​មូលដ្ឋាន​អចិន្ត្រៃយ៍ ​ទុក​ប្រើ​សម្រាប់​ការធ្វើ​ដំណើរ​ទៅ​កាន់​ភពអង្គារ​៕