ប្រធានា​ធិបតី​អាមេរិក លោក ចូ បៃដិន នឹង​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន ព្រមទាំង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ដើម្បី​ពិភាក្សា​អំពី​វិធី​ទប់ស្កាត់​កម្មវិធី​នុយក្លែអ៊ែរ​របស់​កូរ៉េ​ខាងជើង។ ជំនួប​រវាង​មេដឹកនាំ​ប្រទេស​សម្ព័ន្ធ​មិត្ត​ទាំង ៣ នេះ នឹងត្រូវ​រៀបចំ​ធ្វើឡើង ក្នុងអំឡុង​ពេលដែល​លោក ចូ បៃដិន ធ្វើដំណើរ​មក​កាន់​តំបន់​អាស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ​មួយ​ចំនួនដូចជា កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​កម្ពុជា និង​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សេតវិមាន​អាមេរិក កាល​ពី​ថ្ងៃពុធ ទី ៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

បើតាម​ការ​ឱ្យដឹងពី​ប្រភព​សេតវិមាន​ដដែល មេដឹកនាំ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង នឹង​ជួបគ្នា នៅ​ថ្ងៃ​អាទិត្យ ទី ​១៣ ខែ​វិច្ឆិកា។ ចំណែក​កិច្ច​ពិភាក្សា​នឹង​ផ្ដោត​សំខាន់​ទៅលើ​ការបន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ត្រីភាគី នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេស គឺ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ប្រឈម​​នឹង​ការគំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ និង​ការបាញ់​សាកល្បង​មីស៊ីល​ម្ដងហើយម្ដងទៀតពី​សំណាក់​ប្រទេស​កូរ៉េ​ខាងជើង។

គួររំឭកថា កាលពី​ខែតុលា ប្រទេស​កូរ៉េ​ខាងជើង បាន​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​ពេលមុន ជា​មីស៊ីល​ដែល​មាន​សមត្ថភាព​ហោះ​រយៈចម្ងាយ​ឆ្ងាយ​រំលង​ប្រទេស​ជប៉ុន​ជា​លើកដំបូង ក្នុង​រយៈពេល ៥ ឆ្នាំ។ ការបាញ់​មីស៊ីល​រំលង​ប្រទេស​ជប៉ុន នាពេលនោះ បាន​ជំរុញ​ឱ្យ​ជប៉ុន​ចេញ​បញ្ជា​ដល់​ប្រជាជន​របស់ខ្លួន ក្នុង​ការ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​ប្រញាប់​នាំគ្នា​ចូល​លេណដ្ឋាន ដើម្បី​ការពារ​​ខ្លួន​ពី​គ្រោះថ្នាក់​ជា​យថាហេតុ​ថែមទៀត​ផង។

ភ្លាមៗ បន្ទាប់​ពី​ការបាញ់​មីស៊ីល​រំលង​ប្រទេស​ជប៉ុន ​ពី​សំណាក់​កូរ៉េខាងជើង សហរដ្ឋអាមេរិក បានបង្ហាញ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន ក្នុងការការពារ​ប្រទេស​ជប៉ុន។ ទន្ទឹមគ្នា​នោះ សហរដ្ឋ​អាមេរិក ​រួម​ជាមួយ​សម្ព័ន្ធមិត្ត​ជប៉ុន បាន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា នៅលើ​ដែនសមុទ្រជប៉ុន។ ចំណែក​ជាមួយ​កូរ៉េខាងត្បូង សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​យោធា ដោយមាន​ទាំង​ការ​បើក​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក នៅ​សមុទ្រ​លឿង ដើម្បី​ជាការ​ឆ្លើយតប និង​បង្ហាញ​សាច់ដុំ​ដល់​កូរ៉េខាងជើង​ផង​ដែរ។

កាលពី​សប្តាហ៍​មុន មន្ត្រី​អាមេរិក​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា បញ្ហា​តានតឹង នៅ​តំបន់​ឧបទ្វីប​កូរ៉េ​នេះ គឺមាន​តែ​ចិន និង​រុស្ស៊ី​ប៉ុណ្ណោះ ដែលមាន​អានុភាព​អាច​បញ្ចុះបញ្ចូល​កូរ៉េខាងជើង ​កុំឱ្យ​បន្ត​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​ឡើង​វិញ។ កាលពី​ខែ​ឧសភា សហរដ្ឋ​អាមេរិក​បាន​បង្ហើប​ថា កូរ៉េ​ខាងជើង​កំពុង​រៀបចំ​បន្ត​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើកទី​១ គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៧ ប៉ុន្តែ​គេ​មិនទាន់មាន​ព័ត៌មាន​ច្បាស់​ការ​ណ៍ថា កូរ៉េខាងជើង នឹង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន នៅ​ពេលណា​នោះ​ឡើយ។ សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា ខ្លួន​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ពិនិត្យឡើងវិញ​នូវ​គោល​នយោបាយ​របស់ខ្លួន ចំពោះ​កូរ៉េខាងជើង និង​ចង់​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​ត្រីភាគី​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន​ បន្ថែមទៀត ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង។

គួរ​បញ្ជាក់ថា កូរ៉េ​ខាងជើង​ត្រូវ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ហាមឃាត់ ក្នុង​ការ​ធ្វើតេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​បាញ់​មីស៊ីល​ណាមួយ​ជា​ដាច់ខាត។ ការបាញ់​មីស៊ីល​របស់​ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បាន​ជំរុញឱ្យ​មាន​ការ​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅលើ​កូរ៉េខាងជើង ដើម្បី​ធ្វើយ៉ាង​ណា​កុំឱ្យ​ប្រទេសនេះ​មាន​ចំណូល ឬ​មូលនិធិ​ណាមួយ ដើម្បី​ផ្គត់ផ្គង់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​តទៅទៀត​បាន៕

វីដេអូ៖