តុលាការ​ហុងកុង បាន​សម្រេច​ដាក់​ពន្ធនាគារ​បុរស​ម្នាក់ ក្នុង​បទ​ចោទ​ប្រមាថ​ភ្លេង​ជាតិចិន នៅ​ថ្ងៃទី​ ១០ ខែ​វិច្ឆិកា។ នេះ​ជា​ករណី​ដំបូងបង្អស់​ហើយ ដែល​តុលាការ​ហុងកុង បានសម្រេច​ដាក់ទោស​ពលរដ្ឋ​ម្នាក់​ក្នុង​បទ​ចោទ​ប្រមាថ​ភ្លេង​ជាតិចិន។

ពលរដ្ឋ​ហុងកុង​ម្នាក់​នោះ បាន​គ្រវីទង់ជាតិ​សម័យ​អាណានិគម នៅ​ពេលដែល​គេ​កំពុង​មើល​ការ​ផ្សាយ​ផ្ទាល់ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ក្រុង​តូក្យូ កាលពី​ឆ្នាំមុន។

លោក Paula Leung អាយុ ៤២​ ឆ្នាំ បាន​សារភាព​កំហុស ចំពោះ​ការប្រមាថ​លើ​ប្រទេស​ចិន ក្នុង​អំឡុង​ពេល​ទស្សនាការ​ប្រកួត​របស់​កីឡាករ​ប្រដាល់​ហុងកុង Edgar Cheung ដែល​បាន​ឈ្នះ​មេដាយ​មាស អូឡាំពិក ដោយ​ក្នុង​ខណៈ​ដែល​អត្ត​ពលិក​ហុងកុង បាន​ទទួល​មេដាយមាស លោក Leung បែរ​ជា​គ្រវី​ទង់ជាតិ​ហុងកុង​សម័យ​អាណានិគម​អង់គ្លេស​ទៅវិញ។

តុលាការ​ហុងកុងបានបង្ហាញ​ភ័ស្តុតាង ដែល​ជនជាប់ចោទ​គ្រវី​ទង់ជ័យ​ហុងកុង ក្រោម​អាណានិគម​អង់គ្លេស ខណៈដែល​ពិធី​ប្រគល់​មេដាយ ត្រូវបាន​បង្ហាញ​នៅលើ​អេក្រង់​ធំ​នៃ​ផ្សារ​ទំនើប​មួយ កាលពី​ខែ​កក្កដា ឆ្នាំ​ ២០២១។

សារព័ត៌មាន​ហុងកុង បាន​រាយការណ៍​ថា ចៅក្រម​បាន​កាត់ទោស​ជនជាប់ចោទ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ ខែ និង​បាន​និយាយ​ថា ចុងចោទ​បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​បទ​ភ្លេង​ជាតិ និង​ធ្វើ​ឱ្យ​ខូច​កិត្តិយស​ប្រទេស (ចិន)។

កាលពី​ឆ្នាំ​ ២០២០ ក្រុង​ហុងកុង​បានអនុម័ត​ច្បាប់ ដែល​ហាមប្រាម​ការប្រមាថ​ដល់​ភ្លេងជាតិ​របស់​ប្រទេស​ចិន បន្ទាប់ពី​ការតវ៉ា​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ធំ និង​ដោយ​ហិង្សា ប្រឆាំង​នឹង​គំនាប​ពី​សំណាក់​អំណាច​កណ្ដាល​ប៉េកាំង។

អត្តពលិក​ហុងកុងបានទទួល​ជោគជ័យ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នា​ទីក្រុង​តូក្យូ ដែល​នាំ​ឱ្យមាន​កំណើន​អ្នកគាំទ្រ ក្នុង​ស្រុក។ កាលពី​ឆ្នាំមុន អ្នកគាំ​ទ្រ​រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅ​ផ្សារ​ទំនើប​មួយ ដើម្បី​មើល​កីឡាករ Cheung ឈ្នះ​មេដាយមាស ហើយ​អ្នកខ្លះ​បាន​ចំអក​ភ្លេងជាតិ​របស់​ប្រទេស​ចិន និង​ស្រែក​ថា «យើង​គឺជា​ហុងកុង»។

ច្បាប់​ប្រឆាំង​ការប្រមាថ​ដល់​ភ្លេងជាតិ កម្រិត​ដាក់​ពន្ធនាគារ​រហូតដល់ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​អតិបរមា ៥០ ០០០​ ដុល្លារ​ហុងកុង (៦ ៤០០ ​ដុល្លារ​អាមេរិក)៕