មេបញ្ជាការ​អង្គភាព​អវកាស​ឆ្មាំ​បដិវត្តន៍​របស់​អ៊ីរ៉ង់ លោក​ឧត្តម​សេនីយ៍ AmiraliHajizadeh បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១០ ខែ​វិច្ឆិកា​ថា អ៊ីរ៉ង់​បាន​ផលិត​មីស៊ីល​អ៊ីពែរ​សូនិក (Hypersonic) ជា​ប្រភេទ​មីស៊ីល ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង និង​មាន​សមត្ថភាព​វាយប្រហារ​គ្រប់​ប្រព័ន្ធ​ការពារ​ទាំងអស់។

មីស៊ីល​អ៊ីពែរ​សូនិក គឺ​ជា​មីស៊ីល ដែល​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ និង​អាច​ហោះ បាន​លឿន​ជាង​សំឡេង​ដល់​ទៅ ៥​ ដង​ឯណោះ ពោលគឺ​ចាប់​ពី ៦​ពាន់​គីឡូម៉ែត្រ ក្នុង ១​ ម៉ោង​ឡើងទៅ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​អ៊ីរ៉ង់ Fars បាន​ស្រង់​សម្ដី​លោក​ឧត្តម​សេនីយ៍ Hajizadeh ដែល​និយាយ​ថា មីស៊ីល​អ៊ីពែរ​សូនិក ដែល​អ៊ីរ៉ង់​ផលិត​ឡើង​នេះ គឺ​ដើម្បី​ទប់​ទល់​នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​ប្រព័ន្ធ​ការពារ​ប្រឆាំង​មីស៊ីល​ទាំងអស់។

លោក Haijizadeh បាន​ថ្លែង​ដោយ​អំនួត និង​ភាព​ជឿជាក់​ថា ប្រទេស​ដទៃ ត្រូវ​ប្រើពេល​យូរ​ទៀត គឺ​ជា​ច្រើន​ទសវត្សរ៍​ទៀត មុនពេល​អាច​ផលិត​ប្រព័ន្ធ​ការពារ ឬ​ប្រព័ន្ធ​ចាប់​ស្ទាក់​មីស៊ីល​អ៊ីពែរ​សូនិក ដែល​អ៊ីរ៉ង់​ទើបតែ​ផលិត​បាន​នេះ។ សម្រាប់​លោកឧត្តម​សេនីយ៍ Haijizadeh មីស៊ីល​អ៊ីពែរ​សូនិក​របស់​អ៊ីរ៉ង់​នេះ ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការ​លោត​ផ្លោះ​ដ៏​អស្ចារ្យ នៅក្នុង​វិស័យ​ផលិត​មីស៊ីល​របស់​អ៊ីរ៉ង់។

គួរ​កត់សម្គាល់​ថា ការប្រកាស​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អ៊ីរ៉ង់​បាន​ទទួលស្គាល់​ថា ខ្លួន​បាន​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅ​រុស្ស៊ី។ ចំណែក​កាសែត Washington Post បាន​រាយការណ៍ កាលពី​ថ្ងៃទី​១៦ ខែ​តុលា​ថា អ៊ីរ៉ង់​កំពុង​រៀបចំ​បញ្ជូន​មីស៊ីល​ទៅកាន់​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ទីក្រុង​តេអេរ៉ង់ បាន​ច្រានចោល​របាយការណ៍​នេះ​ថា មិនមែនជា​រឿង​ពិត​ឡើយ។

ទាំង​អ៊ីរ៉ង់ និង​រុស្ស៊ី សុទ្ធតែ​ទទួលរង​នូវ​ការ​ដាក់ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង ដោយ​អ៊ីរ៉ង់​រង​ការ​ដាក់​ទណ្ឌកម្ម ព្រោះ​តែ​ប្រទេស​នេះ រឹង​ទទឹង​មិន​ព្រម​បន្ទន់​ជំហរ ដើម្បី​ស្ដារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥ ឡើងវិញ ខណៈ​រុស្ស៊ី រង​ទណ្ឌ​កម្ម បន្ទាប់​ពី​ប្រទេស​នេះ បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន តាំងពី​ខែកុម្ភៈ។

ប្រទេស​ទាំង២ គឺ​អ៊ីរ៉ង់ និង​រុស្ស៊ី បាន​ឆ្លើយតប​ទៅនឹង​ការដាក់ទណ្ឌកម្ម​ទាំងនេះ ដោយ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សំខាន់ៗ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​ពួកគេ។

កាលពី​ខែមីនា រដ្ឋបាល​អាមេរិក​របស់​លោក ចូ បៃដិន បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ទាក់ទង​នឹង​សកម្មភាព​មីស៊ីល​របស់​ប្រទេស​នេះ។ អាមេរិក​បាន​បញ្ជាក់ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ក្នុង​ខែមីនា​នោះ​ថា វិធានការ​ដាក់​ទណ្ឌកម្ម​នេះ ធ្វើឡើង​ជាការ​ឆ្លើយតប​នឹង​ការវាយប្រហារ ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់ ទៅលើ​ទីក្រុង Arbil ប្រទេស​អ៊ីរ៉ាក់ ក៏​ដូចជា​ការវាយប្រហារ​មីស៊ីល​ពី​សំណាក់​ភ្នាក់ងារ​អ៊ីរ៉ង់​ប្រឆាំងនឹង​អារ៉ាប៊ី​សាអ៊ូឌីត និង​អេមីរ៉ាត​អារ៉ាប់រួម។

សហរដ្ឋ​អាមេរិក ចាត់​ទុក​ការអភិវឌ្ឍ និង​ការរីក​សាយភាយ​នៃ​មីស៊ីល​របស់​ប្រទេស​អ៊ីរ៉ង់​ថា ជា​កំពុងតែ​បង្ក​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ ក្នុង​តំបន់ និង​អន្តរជាតិ៕