ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុ​ក​យោល បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​១០​ ​វិច្ឆិកា​ថា លោក​នឹង​បើក​កិច្ចប្រជុំ​កំពូល​ត្រីភាគី​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូ​មី​អូ គី​ស៊ី​ដា នៅ​ប្រទេស​កម្ពុ​ជា នា​ថ្ងៃអាទិត្យ​ខាងមុខ​។​

​លោក​ យូ​ន ស៊ុ​ក​យោល នឹងធ្វើ​ដំណើរ​មកដល់​ទីក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​។ ក្នុងអំឡុង​ទស្សនកិច្ច​រយៈពេល​ ៣ ​ថ្ងៃ​នៅ​កម្ពុជា លោក យូ​ន នឹងចូលរួម​កិច្ចប្រជុំ​កំពូល​កូរ៉េខាងត្បូង​-​អាស៊ាន នៅ​ថ្ងៃ​សុក្រ ហើយនឹង​ជួបពិភាក្សា​ជាមួយ​លោក បៃ​ដិ​ន និង​លោក គី​ស៊ី​ដា នា​ថ្ងៃអាទិត្យ ទី​ ១៣ ​វិច្ឆិកា​។​

«​កិច្ចប្រជុំ​កំពូល​កូរ៉េ​-​អាមេរិក​-​ជប៉ុន ត្រូវបាន​កំណត់ ហើយ​កិច្ចចរចា​ទ្វេភាគី​ជាច្រើន​ត្រូវបាន​បញ្ជាក់ ឬ​កំពុង​ស្ថិតក្រោម​ការពិភាក្សា​»​។ នេះ​គឺជា​ការបញ្ជាក់​របស់លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​កា​រិ​យា​ល័យ​ប្រធានាធិបតី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​ចំណែកមន្ត្រី​សេត​វិមាន​អាមេរិក​ម្នាក់​វិញ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ពុធ​ថា មេដឹកនាំ​កូរ៉េខាងត្បូង ជប៉ុន និង​អាមេរិក នឹង​ជួបប្រជុំគ្នា​នៅក្នុង​ប្រទេស​កម្ពុ​ជានា​ថ្ងៃអាទិត្យ​ខាងមុខ​។ ហើយ​គេ​រំពឹងថា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​៣ នឹង​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​ឆ្លើយតប​ចំពោះ​ការគំរាមកំហែង​ដែល​កំពុង​បង្កឡើង​ដោយ​កូរ៉េខាងជើង​។​

​បើតាម​លោកស្រី អេ​ឌ្រៀ​ន វ៉​ត​សុន (Adrienne Watson) អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន មេដឹកនាំ​ទាំង​៣​នឹង «​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ជាពិសេស​ទាក់ទង​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ដែល​កំពុង​កើតមាន​ដោយ​អាវុធ​ប្រល័យ​លោក និង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​បាលី​ស្ទិ​ក​ខុសច្បាប់​របស់​កូរ៉េខាងជើង​»​។​

​ទាក់ទង​នឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន​វិញ លោក​ប្រធានាធិបតី យូ​ន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ «​នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន ខ្ញុំ​ក៏​នឹង​ប្រកាស​អំពី​គោលការណ៍​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​កូរ៉េ ដោយ​ផ្អែកលើ​សេរីភាព សន្តិភាព និង​វិបុលភាព ហើយក៏​ប្រកាស​ពី​គំនិត​ផ្តួចផ្តើម​សម្រាប់​សាមគ្គីភាព​រវាង​កូរ៉េ និង​អាស៊ាន​ផងដែរ​»​។

​ដោយ​កត់សម្គាល់ថា អាស៊ាន​គឺជា​តំបន់​មួយ​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ធំ លោក យូ​ន បាន​លើកឡើងថា ក្រុមហ៊ុន​កូរ៉េ​រាប់ម៉ឺន​ក្រុមហ៊ុន កំពុង​វិនិយោគ​នៅក្នុង​តំបន់​នេះ ហើយក៏​កំពុង​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​សេដ្ឋកិច្ច​ខ្លាំងក្លា​ផងដែរ​។​

​គួរ​ជ្រាបថា បន្ទាប់ពី​ចូលរួម​ក្នុងជំនួប​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ មេដឹកនាំ​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុ​ក​យោល លោក​នឹង​ចេញដំណើរ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំមុខ G20 នៅ​កោះ​បាលី​។​

​ដំណើរ​ទស្សនកិច្ច​នេះ អាចជា​ជំនួប​លើកដំបូង​របស់លោក យូ​ន ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដែល​ត្រូវបាន​គេ​រំពឹងថា​នឹងចូលរួម​កិច្ចប្រជុំ​កំពូល G20 នៅ​កោះ​បាលី​ដែរ​។ លោក ស៊ី ដែល​ទើប​ពង្រឹង​អំណាច​កាន់តែខ្លាំង និង​ទើប​ធានាបាន​នូវ​តំណែង​ប្រធានាធិបតី​ចិន​អាណត្តិ​ទី​៣ ជា​ប្រវត្តិសាស្ត្រ​កាលពី​ខែ​មុន​៕