ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បានប្រកាស​ប្រាប់​កងទ័ព​ចិន​ឱ្យ​ផ្តោតលើ​ការត្រៀមខ្លួន​ធ្វើសង្គ្រាម​។ នេះ​បើតាម​ការលើកឡើង​រប​ស់​គណបក្ស​កុម្មុយនីស្ត​ចិន​។

​រូបភាព​របស់លោក ស៊ី ដែល​ទើបត្រូវ​បានតែងតាំង​ជា​អគ្គលេខាធិការ​បក្ស និង​ជា​ប្រធានាធិបតី​ចិន​អាណត្តិ​ទី​៣ ក្នុង​ឯកសណ្ឋាន​កងទ័ព​នា​អំឡុងពេល​ទស្សនកិច្ច​នៅឯ​មជ្ឈមណ្ឌល​បញ្ជាការ​កងទ័ព​មួយកន្លែង​ត្រូវ​បានបង្ហាញ​យ៉ាងច្បាស់​ក្រឡែត​នៅលើ​ទំព័រមុខ​របស់​កាសែត​ចិន People’s Daily កាលពី​ថ្ងៃ​ពុធ ទី​ ៩ វិច្ឆិកា ឆ្នាំ​ ២០២២​។​

​ប្រមុខ​ដឹកនាំ​ចិន​លោក ស៊ី បាន​និយាយថា​កងទ័ព​ត្រូវតែ​ពង្រឹង​ការហ្វឹកហ្វឺន​យោធា ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​សង្គ្រាម​ឱ្យបាន​ទូលំទូលាយ​។​

«​ផ្តោតលើ​កម្លាំង​ថាមពល [​របស់​អ្នក​] លើ​ការប្រយុទ្ធ ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ និង​បង្កើន​សមត្ថភាព​ដើម្បី​ឈ្នះ​»​។ នេះ​គឺជា​សម្តី​របស់លោក ស៊ី ដែល​ត្រូវបាន​គេ​ដកស្រង់​មក​។ កងទ័ព​ក៏ត្រូវ​តែ «​អង់អាច​ម៉ឺងម៉ាត់​ក្នុងការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​សន្តិសុខ​ជាតិ ខណៈដែល​ប្រទេស​ចិន​ស្ថិតក្នុង​ភាពមិន​ស្ថិតស្ថេរ និង​មិន​ប្រាកដប្រជា​»​។​

​គួរ​ជ្រាបថា ភា្ល​មៗ​បន្ទាប់ពី​បាន​ឡើងកាន់​អំណាច មេដឹកនាំ​ចិន​លោក ស៊ី ជីន​ពីង ធ្លាប់​បានចេញ​បញ្ជា​ឱ្យ​កងទ័ព​ផ្តោតលើ​ការរៀបចំ​សង្គ្រាម​កាលពី​ឆ្នាំ ២០១៣ ហើយ​ម្តងទៀត​នៅ​ឆ្នាំ ២០១៧​។​

​ក្រុមអ្នកវិភាគ​ផ្នែក​នយោបាយ​និយាយថា លោក ស៊ី បាននិងកំពុង​បង្កើន​វោហារសាស្ត្រ​របស់លោក​។ កាលពី​ឆ្នាំ ២០១៦ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ស្រដៀង​គ្នា​ទៅកាន់​មជ្ឈមណ្ឌល​បញ្ជាការ​កង​ទ័ព បុរស​ខ្លាំង​ចិន​រូបនេះ បាន​ប្រាប់​មន្ត្រីក្រោមឱវាទ​ឱ្យ​ស្មោះត្រង់ និង​មោះមុត​ក្នុងការ​ប្រយុទ្ធ ត្រូវ​ក្លាហាន ព្រមទាំង​មាន​សមត្ថភាព​យកឈ្នះ​សង្គ្រាម​។

«​លោក​ស៊ី កំពុង​ផ្ញើ​សារ​ទៅកាន់​សហរដ្ឋអាមេរិក និង​តៃវ៉ាន់​»​។ នេះ គឺជា​ការអះអាង​របស់​លោក វី​លី ឡាំ (Willy Lam) បុគ្គលិក​ជាន់ខ្ពស់​នៅ​មូលនិធិ Jamestown ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។ លោក វី​លី ឡាំ បាន​រំលេច​ទៀតថា បើទោះបីជា​កម្លាំងយោធារ​បស់​ចិន​នៅ​មិនទាន់​ស្មើនឹង​សហរដ្ឋអាមេរិក​ក៏ដោយ ប៉ុន្តែ​ការសម្រេចចិត្ត​របស់លោក ស៊ី មិន​តែងតែ​ផ្អែកលើ​ការ​គណនា​ដែល​សម​ហេតុផល​នោះទេ​។​

​គួររំឭកថា លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បានធ្វើការ​វាយប្រហារ​ដោយ​មិន​និយាយ​សំដៅចំ​ឈ្មោះ​ឡើយ លើ​ការគាំទ្រ​កាន់តែខ្លាំង​ឡើង​របស់​អាមេរិក​ចំពោះ​ទីក្រុង​តៃប៉ិ នៅឯ​សមាជ​បក្ស​កុម្មុយនីស្ត​លើក​ទី​២០ ដែល​ទើបបាន​បញ្ចប់ទៅ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ខែ​មុន​។

​លោក​ ស៊ី បាន​ស្តីបន្ទោស​ការជ្រៀតជ្រែក​ពី​បរទេស ចំពោះ​ការធ្វើឱ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​។ ហើយ​សម្រាប់​លោក​ប្រធានាធិបតី​ចិន​រូបនេះ លោក​មើលឃើញថា ការដណ្តើមយក​កោះ​តៃវ៉ាន់​មក​រួមរស់​ក្នុង​មហា​គ្រួសារ​ចិន​តែមួយ​គឺជា​រឿង​ដ៏​សំខាន់​។ ជាក់ស្តែង នៅក្នុងពេល​ថ្លែង​សុន្ទរកថា​បើក​សមាជ​លើក​ទី​២០ ​របស់​បក្ស​កុម្មុយនីស្ត លោក​ ស៊ី បាន​និយាយថា ចិន​ត្រូវ​បង្រួបបង្រួម​តៃវ៉ាន់​តាមផ្លូវ​សន្តិវិធី ហើយ​ថា ​ចិន​នឹង​បោះបង់ចោល​ការប្រើប្រាស់​ក​ម្លាំ​ង​នោះទេ​។​

​គួរ​បញ្ជាក់ដែរថា ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន បាន​សន្យា​ម្តង​ហើយ​ម្តង​ទៀតថា អាមេរិក​នឹង​ចូល​ជួយ​ការពារ​តៃវ៉ាន់ ប្រសិនបើ​តៃវ៉ាន់​រង​ការវាយប្រហារ​នោះ​។ ហើយ​បន្ទាប់ពី​ប្រធានសភា​អាមេរិក​លោកស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​កាលពី​ខែសីហា កងទ័ព​រំដោះប្រជាជន​ចិន​បាន​ចល័ត​នាវាចម្បាំង និង​យន្តហោះ​ជាច្រើន​គ្រឿង​ទៅជិត​ខ្សែបន្ទាត់​កណ្តាល​ដែលជា​ព្រំដែន​មិន​ផ្លូវការ​រវាង​ចិន និង​តៃវ៉ាន់ នៅឯ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​នៅ​សប្តាហ៍​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏បាន​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អង់គ្លេស​លោក ហ្ក្រេ​ក ហេន​ស៍ (Greg Hands) ទៅកាន់​កោះ​តៃវ៉ាន់​ដែរ ហើយ​បាន​ប្រាប់​រដ្ឋាភិបាល​អង់គ្លេស​ឱ្យ​បញ្ឈប់​នូវ​ការបញ្ជូន​សញ្ញា​ខុស​ទៅកាន់​កងកម្លាំង​បំបែក​ខ្លួន​ដើម្បី​ឯករាជ្យភាព​តៃវ៉ាន់​ទៀតផង​៕​