អធិការបតី​អាល្លឺម៉ង់​លោក អូឡាហ្វ ស្ហុលស៍ នឹងធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​លើកដំបូង​នៅ​ប្រទេស​សិង្ហបុរី​នា​ថ្ងៃ​ចន្ទ ទី​ ១៤ វិច្ឆិកា​ខាងមុខ​។ ដំណើរ​មក​សិង្ហបុរី​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ចាប់តាំងពី​ចូលកាន់​តំណែង​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២១ ​មក​។

ដំណើរ​ទស្សនកិច្ច​របស់​លោក​អធិការបតី​អាល្លឺម៉ង់ សបញ្ជាក់​ជាថ្មី​នូវ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​សិង្ហបុរី និង​ប្រទេស​អាល្លឺម៉ង់ ដែល​កើតចេញ​ពី​ការតភ្ជាប់​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​ទូលំ​ទូលាយ​នឹង​គ្នា​នៅលើ​វិស័យ​ផ្សេងៗ​ជាច្រើន​។ នេះ បើតាម​ក្រសួង​ការបរទេស​សិង្ហបុរី (MFA) និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយនា​ថ្ងៃ​សុក្រ ទី​ ១១ វិច្ឆិកា​។

នៅពេល​ទៅដល់​សិង្ហបុរី​នា​ថ្ងៃ​ចន្ទ​ខាងមុខ លោក អូឡាហ្វ ស្ហុលស៍ នឹង​ថ្លែង​សុន្ទរកថា​មួយ​ឯ​សន្និសីទ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ១៧ នៃ​ធុរកិច្ច​អាល្លឺម៉ង់ មុនពេល​ចូលរួម​ពិធី​ទទួល​ស្វាគមន៍​ជា​ផ្លូវការ នៅ​វិមាន​អ៊ីស្តាណា​។

លោក ស្ហុលស៍ នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក លី សៀនឡុង ដែលជា​ម្ចាស់ផ្ទះ​ ដើម្បី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​ផ្លូវការ​មួយ​ជាមួយ​គ្នា​។ ក្រៅពីនេះ មេដឹកនាំ​ទាំងពីរ​ក៏​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​រួមគ្នា​ផងដែរ​។

គួរ​ជ្រាបថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង​មកកាន់​ប្រទេស​សិង្ហបុរី លោក​អធិការបតី​អាល្លឺម៉ង់ អូឡាហ្វ ស្ហុលស៍ នឹង​ត្រូវ​អមដំណើរ​ដោយ​មន្ត្រីជាន់ខ្ពស់ និង​គណៈប្រតិភូ​ធុរកិច្ច​អាល្លឺម៉ង់​ជាច្រើនរូប​ដែល​រួមមាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​កំពូលៗ​របស់​អាល្លឺម៉ង់​។

ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​លោក ស្ហុលស៍ ទៅ​ប្រទេស​សិង្ហបុរី​ធ្វើឡើង​សម្រាប់​កិច្ចប្រជុំ​កំពូល​ទីក្រុង​ពិភពលោក​ក្នុង​ខែកក្កដា ឆ្នាំ ២០១៦ ខណៈ​ដែល​លោក​មានមុខ​តំណែង​ជា​អភិបាលក្រុង ហាំបឺក (Hamburg)​។

លោក ស្ហុលស៍ ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ឱ្យចូល​កាន់តំណែង​ជា​អធិការបតី​អាល្លឺម៉ង់​នៅ​ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ ២០២១ និង​បាន​ទៅ​បិទ​បញ្ចប់​សករាជ​គ្រប់គ្រង​រយៈពេល​ ១៦ ឆ្នាំ បែប​អភិរក្ស​ក្រោម​ការដឹកនាំ​របស់​លោកស្រី អង់ហ្គេឡា មែរគែល​៕