វៀតណាម​អាមេរិក​សន្យា​គ្នា​ថា ​ពួកគេ​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​។ ​នេះ​បើតាម​សារព័ត៌​មាន​រដ្ឋវៀត​ណាម​ដែល​បាន​ចេញផ្សាយ​នូវ​ខ្លឹមសារ​ជំនួប​រវាង​ នាយក​រដ្ឋមន្ត្រី ​លោក ​Pham Minh Chinh​និង​ប្រធានាធិ​បតី​អាមេរិក​លោក​ Joe Biden ​នៅខាងក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃទី​ ១២​ វិច្ឆិកា។​

ប្រភព​ដដែល​បន្តថា​ វៀតណាម​ និង​អាមេរិក​ឯកភាព​គ្នារៀប​ចំជំ​នួប​តាម​ទូរស័ព្ទ​រវាង​អគ្គលេខា​បក្សកុម្មុយនីស្ត​វៀតណាម ​លោក ​Nguyen ​PhuTrong​ និង​ប្រធានាធិបតី​អាមេរិក​ លោក ​Joe Bid​en នាពេល​ខាងមុខ​ព្រមទាំង​រៀប​ចំ​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​ទៅវិញ​ទៅមក​ទៀតផង​។ ​

ភាគីទាំង ២​ នឹង​បន្ត​គោរព​ព្រម​ទាំង​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​ភាពជា​ដៃគូ​គ្រប់ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង ២ ​ឯកភាព​បង្កើន​ការ​ផ្លាស់ប្តូរ​ និង​ការ​សន្ទនា​នៅ​គ្រប់​កម្រិត​ ជា​ពិសេស​នៅ​កម្រិត​ខ្ពស់​។

ប្រធានា​ធិបតី​អាមេរិក​លោក ​Joe Biden​ បានស្នើ​ថា​ ប្រទេសទាំង ២​ បន្ត​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​រឹងមាំនា​ពេល​ខាងមុខ​ ប្រើប្រាស់​ឱកាស​សហ​ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដើម្បី​នាំ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ និង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ដែលមាន​ផល​ប្រយោជន៍​ទៅវិញ​ទៅមក ​រួម​ចំណែក​ដល់​សន្តិភាព​ ស្ថិរភាព ​កិច្ច​សហ​ប្រតិបត្តិ​ការ ​និង​ការ​អភិវឌ្ឍ​ក្នុងតំបន់ ​និង​ក្នុង​ពិភពលោក​។

​ប្រទេស​វៀតណាម​ និង​សហ​រដ្ឋអាមេរិក​បាន​ចុះ​កិច្ច​ព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ កាលពី​ឆ្នាំ​ ២០១៣ ​ក្នុង​អាណត្តិ​ប្រធានា​ធិបតី​បារ៉ាក់​​អូបាម៉ា។​ ចាប់​តាំងពី​ការចុះ​ហត្ថ​លេខា​លើភាព​ជាដៃគូ​លើ​គ្រប់ជ្រុង​ជ្រោយ​រវាង​សហ​រដ្ឋ​អាមេរិក​ និង​វៀតណាម​ក្នុងឆ្នាំ​ ២០១៣ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ទ្វេភាគី​បាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។

នៅឆ្នាំ ២០២១ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ស្ទើរ​តែ​ឈាន​ដល់ ​១១៣​ ពាន់​លានដុល្លារ​។​ឆ្នាំនេះ​សហ​រដ្ឋអាមេរិក​គឺជា​ដៃ​គូពាណិជ្ជកម្ម​ធំ​ជាងគេ​ទី៣ ​របស់​វៀតណាម ​(បន្ទាប់ពី​ប្រទេស​ចិន​ និង​កូរ៉េខាង​ត្បូង​) ។ មិនតែ​ប៉ុណ្ណោះ​អាមេរិក​ក៏​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​វៀត​ណាមផង​។​កាល​ពីឆ្នាំ ​២០២០ ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​អាមេរិក​នៅ​វៀតណាម​មាន​ចំនួន​ ២,៨ ​ពាន់​លាន​ដុល្លារ។​

វៀតណាម​បាន​ក្លាយជា​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​ទាំង​ ១៤​ នៃ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​ដឹកនាំ​ដោយ​សហ​រដ្ឋ​អាមេរិក​ ដោយ​អាមេរិក​សន្យាថា​នឹង​បង្កើន​ទំនាក់ទំនង​របស់​ប្រទេស​ទាំង២ ឱ្យ​ឡើងដល់​កម្រិត​យុទ្ធសាស្ត្រ​ថែម​ទៀត​។

ទោះជា​យ៉ាង​ណាក្ដី​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធ​សាស្ត្រ​ និង​កិច្ចការ​អន្តរ​ជាតិ (CSIS) ​របស់​អាមេរិក​ បាន​កត់​សម្គាល់ថា​ទំនាក់​ទំនង​រវាង​អាមេរិក​និង​វៀតណាម​ហាក់​មិនទាន់​ដើរទៅ​ដោយ​រលូន​ប៉ុន្មានទេ ​ខណៈ​ទីក្រុង​វ៉ាស៊ីនតោន​ និងទី​ក្រុង​ហាណូយ​កំពុង​បាត់បង់​សន្ទុះ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​ទ្វេភាគី​ព្រមទាំង​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ត​បន្ទាប់​ទៀតផង​។

ទំនាក់​ទំនង​រវាង​វៀតណាម​និង​អាមេរិក​ឆ្លងកាត់​ដំណាក់​កាល​ប្រវត្តិសាស្ត្រជា​​សត្រូវ​បង្ហូ​រ​ឈាម រហូត​ក្លាយជា​ដៃគូ​ពេល​ដែល​អាមេរិក​តម្រង់​គោល​នយោបាយ​នៅអាស៊ី​ដោយ​ប្រជែង​ពេញមុខ​ជា​មួយ​ប្រទេសចិន ​ដែលជា​គូ​ទំនាស់​ប្រវត្តិ សាស្ត្រ​ជា​មួយ​វៀតណាម​ស្រាប់​៕