រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​បារាំង លោកស្រី Catherine Colonna បាន​ថ្លែង កាល​ពី​ថ្ងៃ​សៅរ៍ ទី ​១២ ខែ​វិច្ឆិកា​ថា មាន​ពលរដ្ឋ​បារាំង ២​ នាក់​ទៀត ត្រូវ​រង​ការឃុំខ្លួន នៅឯ​ប្រទេស​អ៊ីរ៉ង់ ហើយ​ទាមទារ​ជា​បន្ទាន់​ឱ្យមាន​ការដោះលែង​ពួកគេ​ទាំង ២ នាក់ ព្រមទាំង​ពលរដ្ឋ​បារាំង​ចំនួន ៥​នាក់​ផ្សេងទៀត ដែល​ត្រូវបាន​អាជ្ញាធរ​អ៊ីរ៉ង់​ចាប់ឃុំខ្លួន នាពេល​កន្លងមក។

បើតាម​ប្រមុខ​ការទូត​បារាំង បើ​រាប់ទាំង​ករណី​ចាប់ខ្លួន​ចុងក្រោយ​នេះ មាន​ពលរដ្ឋ​បារាំង​សរុប​ចំនួន ៧​ នាក់​ហើយ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន នៅ​ប្រទេស​អ៊ីរ៉ង់។ លោកស្រី Catherine Colonna បាន​និយាយ​ថា​៖ «យើង​ព្រួយបារម្ភ​អំពី​ជន​រួមជាតិ​ទាំង ២​ រូប ដែល​រង​ការឃុំខ្លួន​ចុងក្រោយ ដោយ​អាជ្ញាធរ​អ៊ីរ៉ង់។ វា​មាន​សារៈសំខាន់​ជាង​ពេលណាៗ​ទាំងអស់ ក្នុងការ​រំឭក​អ៊ីរ៉ង់ អំពី​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន»។

ព័ត៌មាន​នៃ​ការឃុំខ្លួន​ពលរដ្ឋ​បារាំង​ចំនួន ២ ​រូប​ចុង​ក្រោយនេះ ត្រូវ​បាន​ដឹង ១​ថ្ងៃ​បន្ទាប់ពី​ប្រធានា​ធិបតី​បារាំង លោក អេម៉ា​នុយអ៊ែល ម៉ាក្រុង បាន​ជួប​ជាមួយ​សកម្មជន​ស្ដ្រី​អ៊ីរ៉ង់​ដ៏​លេចធ្លោ​ចំនួន ៤​រូប នៅឯ​វិមាន​អេលីហ្សេ ក្នុង​ទី​ក្រុង​ប៉ារីស។ លោក ម៉ាក្រុង ធ្លាប់​បាន​លើក​ឡើង កាលពី​ខែ​មុន អំពី​ជំហរ​គាំទ្រ​របស់​បារាំង​លើ​ក្រុមបាតុករ នៅ​អ៊ីរ៉ង់។ លោក​ថែមទាំង​បាន​សម្ដែង​ការ​កោត​សរសើរ ចំពោះ​ស្ដ្រី និង​យុវជន នៅ​អ៊ីរ៉ង់ ដែល​ចេញមុខ​ធ្វើ​បាតុកម្ម នៅក្នុង​ប្រទេស​នេះ។

ការ​លើកឡើង​របស់​ប្រធានា​ធិបតី​បារាំង​ដូច្នេះ ត្រូវ​បាន​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ចាត់ទុក​ថា ជាការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​អ៊ីរ៉ង់ និង​មាន​ខ្លឹមសារ​លើក​ទឹកចិត្ត​ដល់​អ្នក​បង្ក​ហិង្សា និង​អ្នក​បំពាន​ច្បាប់។

សូម​រំឭកថា នៅ​ប្រទេស​អ៊ីរ៉ង់ បាតុកម្ម​ទ្រង់ទ្រាយ​ធំនៅ​ទូទាំងប្រទេស បាន​ផ្ទុះឡើង​តាំងពី​ពាក់កណ្ដាល​ខែកញ្ញា ក្រោយពី​មាន​ករណី​ស្លាប់​របស់​យុវតី Mahsa Amini នៅក្រោម​ការឃុំ​ឃាំង​របស់​ប៉ូលិស។ យុវតី Mahsa Amni ត្រូវ​ចាប់ខ្លួន​យកទៅ​បង្ខាំងទុក ដោយ​ប៉ូលិស​ចោទ​នាង​ថា បាន​ប្រព្រឹត្ត​ខុស​សីលធម៌ ដោយ​ការ​ពាក់​ក្រណាត់​រុំ​ក្បាល​ពុំ​បាន​ត្រឹមត្រូវ។

ជាការ​កត់សម្គាល់ គិត​ត្រឹម​ពេលនេះ បារាំង​នៅ​ពុំទាន់​អាច​កំណត់​អត្តសញ្ញាណ​នៃ​ពលរដ្ឋ​បារាំង​ទាំង ២នាក់ ដែល​ទើប​រង​ការឃុំខ្លួន​នេះ​នៅឡើយ​ទេ។ ចំណែក​ពលរដ្ឋ​បារាំង​ចំនួន ៥​ នាក់​ទៀត ដែល​ត្រូវ​អាជ្ញាធរ​អ៊ីរ៉ង់​ចាប់ឃុំខ្លួន​កន្លងមក មាន​ជាអាថិ៍ អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង-អ៊ីរ៉ង់ លោកស្រី Fariba Adelkhah ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុង​ខែមិថុនា ឆ្នាំ ២០១៩ ហើយ​ក្រោយមក​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៥ ​ឆ្នាំ​ ពីបទ​បំផ្លាញ​សន្តិសុខ​ជាតិ លោក Benjamin Briere ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែ​ឧសភា ឆ្នាំ​ ២០២០ ហើយ​ក្រោយមក​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ៨​ ឆ្នាំ និង​ ៨ ខែ​ពីបទ​ចារកម្ម, មន្ត្រី​សហជីព​គ្រូបង្រៀន​បារាំង លោកស្រី Cecile Kohler និង​ដៃគូ​លោក Jacques Paris ត្រូវបាន​ឃុំខ្លួន ក្នុង​ខែឧសភា ឆ្នាំ​ ២០២២ ដោយ​រង​ការ​ចោទប្រកាន់​ពីបទ​ព្យាយាម​បង្ក​ចលាចល ក្នុងអំឡុង​ពេល​កូដកម្ម​របស់​គ្រូបង្រៀន ព្រមទាំង​ជនជាតិ​បារាំង​ម្នាក់ទៀត ដែល​ធ្វើ​ដំណើរ​កាត់​តាម​ទី​ក្រុង​តេអេរ៉ង់។

រដ្ឋាភិបាល​បារាំង កាលពី​ខែ​មុន បាន​ណែនាំ​ពលរដ្ឋ​របស់ខ្លួន ដែល​នៅ​ប្រទេស​អ៊ីរ៉ង់​ ឱ្យ​ចាក​ចេញពី​ប្រទេស​នេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅបាន៕